ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​ជួយ​បញ្ចប់​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី


អ្នក​ថ្មើរ​ជើង​មាន​ភាព​ក្លាហាន​ដើរ​កាត់​ភ្លៀង និង​ខ្យល់ នៅ​ក្នុង​ក្រុង​ស៊ីដនី ក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​ថ្មើរ​ជើង​មាន​ភាព​ក្លាហាន​ដើរ​កាត់​ភ្លៀង និង​ខ្យល់ នៅ​ក្នុង​ក្រុង​ស៊ីដនី ក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អាច​​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ New South Wales។ តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អូស្ត្រាលី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​៣០ឆ្នាំ​ចុង​ក្រោយ​នេះ។​

​អូស្ត្រាលី​ជា​ប្រទេស​ដែល​មាន​បាតុភូត​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត។

ក្រុង​មួយ​ចំនួន​បាន​ប្តូរ​ពី​ការ​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ទៅ​គ្រោះ​ទឹកជំនន់​វិញ​ក្នុង​ពេលតែ​មួយ​ថ្ងៃ ខណៈមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​រដ្ឋ New South Wales និង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​រដ្ឋ Queensland។

កសិករ​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​បាន​ទទួល​ទឹក​ភ្លៀង​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១ទសវត្សរ៍​នេះ ប៉ុន្តែ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​ភ្លាមៗ​ដែលអាច«គំរាម​កំហែង​ដល់​អាយុ​ជីវិត»។

ចាប់​ពី​ថ្ងៃសុក្រ​ (ទី៧ ខែកុម្ភៈ) មក​ទីក្រុង​ធំបំផុត​របស់​អូស្ត្រាលី ​គឺទីក្រុង​ស៊ីដនី​មាន​កម្រិត​ទឹក​ភ្លៀង​ជិត​៤០០មម។ បរិមាណ​ទឹកភ្លៀង​នេះ​ស្នើ​នឹង​កម្រិត​ទឹក​ភ្លៀង​ដែល​ទីក្រុង​នេះ​ធ្លាប់​ទទួល​បាន​ក្នុង​រយៈពេល​៤ខែ​។ ទឹក​ភ្លៀង​កាន់​តែ​ច្រើន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​នៅ​ក្នុង​សប្តាហ៍​នេះ។

ការ​ធ្លាក់​ភ្លៀង​ដ៏​ច្រើន​នេះ​កំពុង​តែ​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ។

ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង​ស៊ីដនី​ដែល​បាន​ឆាបឆេះ​ជាង​៧០ថ្ងៃ និង​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​៣០០ខ្នង​ ត្រូវ​បាន​ពន្លត់​ហើយ។ ភ្នំ Gospers ដែល​ត្រូវ​បាន​គេ​ហៅ​ថា «ភ្នំ​អណ្តាត​ភ្លើង​យក្ស» នៅ​ប៉ែក​ពាយព្យ​នៃ​ក្រុង​ស៊ីដនី​ក៏​ត្រូវ​បាន​ពន្លត់​ដែរ។

កាលពី​ថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ភ្លើង​ឆេះ​ព្រៃ​ចំនួន​២៦កន្លែង​នៅ​កំពុង​ឆាបឆេះ​នៅ​ទូទាំង​រដ្ឋ New South Walesនៅឡើយ ហើយ​ភ្លើង​ឆេះ​ព្រៃ៤កន្លែងទៀត​មិន​ទាន់​អាច​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ។ អណ្តាត​ភ្លើង​នៅតាមតំបន់​ខ្លះ​នៅ​បន្តឆាប​ឆេះ​រាប់​សប្តាហ៍​ និង​អាច​ចូល​ដល់​រាប់​ខែ​ផងក៏​ថា​បាន។

លោក David Elliott រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​រដ្ឋ New South Wales និយាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ ប៉ុន្តែ​អាច​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​នេះ​បាន​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ។

លោក David Elliott និយាយ​ថា «យើង​រំពឹង​ថា​ តំបន់​មូលដ្ឋាន​របស់​រដ្ឋាភិបាលជាច្រើន​នឹង​ត្រូវ​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ទទួល​បាន​មូលនិធិ​បន្ថែម ការ​គាំទ្រ​បន្ថែម និង​មាន​ការ​ឆ្លើយតប​ត្រឹមត្រូវ​ពី​ភ្នាក់ងារ​ជួយ​សង្គ្រោះ​បន្ទាន់​របស់​យើង។ រឿង​ល្អ​នៃ​ការ​ធ្លាក់​ភ្លៀង​នេះ​គឺ​ថា​ ឥឡូវ​នេះ​យើងអាច​បញ្ចប់​យុទ្ធនាការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​រយៈពេល​៦ខែ»។

នៅ​ក្នុង​រដ្ឋ Western Australia ការ​សម្អាត​នៅ​តែ​បន្ត​ធ្វើ​ បន្ទាប់​ពី​ព្យុះ​ត្រូពិច​មួយ​បាន​បោកបក់​ទៅ​លើ​តំបន់​ឆ្នេរ​នៅ​ប៉ែក​ពាយព្យ​នៃ​រដ្ឋ​នេះ​ ដែល​បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ និង​ការ​បាក់​ដី​យ៉ាង​ខ្លាំង។

វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​អូស្ត្រាលី​បាន​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា ឆ្នាំ​មុន។ មនុស្ស​យ៉ាង​ហោច​ណាស់​៣៣នាក់​បាន​ស្លាប់ ហើយ​ផ្ទះ​សម្បែង​រាប់សិប​ខ្នង​រង​ការ​បំផ្លិចបំផ្លាញ។ ដី​ជាង​១១លាន​ហិកតា ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​អង់គ្លេស ត្រូវ​បាន​ប្រេះស្ងួតបែង​ក្រហែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG