ការស៊ើបអង្កេតរយៈពេល៦ខែនឹងពិនិត្យមើលលើមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃ និងវិធីដែលរដ្ឋ New South Wales បានត្រៀមខ្លួន និងឆ្លើយតបចំពោះវិបត្តិនេះ។
ក្រុមស៊ើបអង្កេតនេះនឹងពិនិត្យមើលលើតួនាទីនៃបម្រែបម្រួលអាកាសធាតុចំពោះគ្រោះធម្មជាតិនេះ ព្រមទាំងផលប៉ះពាល់នៃគ្រោះរាំងស្ងួតរយៈពេលយូរ និងការខ្វះវិធានការត្រៀមខ្លួនដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលដុតព្រៃនៅខែត្រជាក់ ដែលនោះជាដំណើរការដែលធ្វើឡើងដើម្បីឲ្យដីមានជីជាតិ និងដើម្បីរារាំងកុំឱ្យមានការឆេះព្រៃនៅរដូវក្តៅ។
ខណៈដែលការឡើងកម្តៅផែនដីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឱ្យមានវិបត្តិភ្លើងឆេះព្រៃនៅអូស្ត្រាលីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា អាកាសធាតុដែលកាន់តែក្តៅនិងស្ងួតទៅៗអាចនឹងរួមចំណែកឱ្យមានការឆាបឆេះកាន់តែខ្លាំង និងញឹកញាប់។
អ្នកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales និយាយថា ក្រុមស៊ើបអង្កេតឯករាជ្យនេះ ចាប់ផ្តើមការងាររបស់ខ្លួននៅក្នុងសប្តាហ៍ទី១នៃខែកុម្ភៈនេះ។
អ្នកស្រី Gladys Berejiklian និយាយថា៖
«យើងចង់ឱ្យដំណើរការនេះជាដំណើរការពេញលេញ និងខ្លាំងក្លា ប៉ុន្តែយើងក៏ចង់ឱ្យវាជារឿងមានប្រយោជន៍មួយ ដូច្នេះរដ្ឋាភិបាលអាចអនុម័តយកអនុសាសន៍ណាមួយមុនរដូវក្តៅក្រោយ ដែលអាចមានភ្លើងឆេះព្រៃ»។
ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales បានសម្លាប់មនុស្ស២៥នាក់ ចាប់តាំងពីខែកញ្ញា និងបានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង។
ការស៊ើបអង្កេតនេះ ដឹកនាំដោយលោក Dave Owens ដែលជាអតីតស្នងការប៉ូលិសជាន់ខ្ពស់ និងអ្នកស្រីសាស្ត្រាចារ្យ Mary O'Kane ដែលជាអ្នកវិទ្យាសាស្ត្រ និងវិស្វករមួយរូប។
ទោះជាយ៉ាងនេះក្តី នៅពេលភ្លើងឆេះព្រៃនៅតែបន្តកើតមាន មានការរិះគន់ថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើង ខណៈដែលវិបត្តិនេះនៅតែបន្តកើតមាន។
លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រូវបានគេថ្កោលទោសរបៀបរបស់លោកក្នុងការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ និងការផ្តល់តម្លៃតិចតួចដល់តួនាទីនៃបម្រែបម្រួលអាកាសធាតុចំពោះវិបត្តិភ្លើងឆេះព្រៃនេះ។ លោកមិនទាន់បានប្រកាសពីការស៊ើបអង្កេតថ្នាក់សហព័ន្ធណាមួយនៅឡើយទេ។
ភ្លើងឆេះព្រៃនៅចុងសប្តាហ៍ទី១ក្នុងខែកុម្ភៈបន្តគំរាមកំហែងដល់រដ្ឋធានី Canberra។ អាជ្ញាធរបានប្រកាសពីភាពមានអាសន្នជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣មក៕