ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​អូស្ត្រាលី​បណ្តាល​ឱ្យ​មាន​មហន្តរាយ​ដល់​ជីវិត​សត្វព្រៃ


រូបឯកសារ៖ អ្នកពន្លត់អគ្គីភ័យម្នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅជិតក្រុង Bodalla ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកពន្លត់អគ្គីភ័យម្នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅជិតក្រុង Bodalla ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

បើ​តាម​ក្រុម​អ្នកជំនាញ​នាំ​មុខ​គេ​ខាងសត្វព្រៃ​ថា​ សត្វ​ជាង១ពាន់លាន​បាន​ងាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​ New South Wales។​ ភ្លើង​ឆេះ​ព្រៃ​មាន​ផល​ប៉ះពាល់​អាក្រក់​លើ​ប្រទេស​អូស្ត្រាលី។​ មានមនុស្ស​ស្លាប់ ផ្ទះ​រាប់រយ​ខ្នង​បានត្រូវបំផ្លាញ​ហើយផ្ទៃ​ដី​ធំធេង​បានឆេះ។​ មហន្តរាយ​នេះ​ក៏មាន​ផលវិបាក​ជា​មហន្តរាយ​ដល់​សត្វ​ផង​ដែរ។​

រូបសត្វ​ Koala ដែល​ជា​សត្វ​មាន​ថង់នៅ​នឹង​ពោះ​សម្រាប់​ដាក់កូន​ដែល​ជា​សត្វ​ល្បី​នៅក្នុង​ប្រទេស​អូស្ត្រាលី​មានភ្លើង​ឆេះរោល​ពេញ​ខ្លួនបង្ហាញ​ភាពធ្ងន់ធ្ងរ​នៃ​អគ្គីភ័យ​ទាំង​នេះ។

សាកល​វិទ្យាល័យ Sydney បាន​ស្ទង់ប្រមាណ​ថា ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ សត្វ​ស្លាប ​និង​សត្វល្មូន​ជាង​ ១ពាន់​លាន​ក្បាលបាន​ងាប់ ហើយ​សត្វល្អិត «រាប់រយ​ពាន់​លាន» ក៏​បាន​បាត់បង់​ជីវិត​ក្នុង​ភ្លើង​ឆេះព្រៃ​ទាំង​នេះ​ដែរ។ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ «ប្រភេទ​សត្វខ្លះ​អាចផុតពូជ»។

ក្រុម​អ្នកជំនាញ​ក៏ព្រួយ​បារម្ភដែរ​ថា​ សត្វ​ដែល​នៅ​រស់​ពីអគ្គីភ័យ​ទាំង​នេះ​ដោយ​រត់​គេចខ្លួន​ឬស្វះស្វែងរក​ទីមានសុវត្ថិភាព​នៅក្រោម​ដី​នឹង​វិល​ត្រឡប់មក​កាន់​តំបន់​ដែល​គ្មាន​អាហារ ទឹក​ ឬទី​ជម្រក​។

នៅ​ក្នុង​សួន​សត្វនិងកន្លែង​អភិរក្ស​សត្វព្រៃ ក្រុម​បុគ្គលិក​បាន​ប្រថុយ​ប្រថាន​ជីវិត​ពួក​គេ​ដើម្បី​ការពារ​សត្វ​ដែល​ពួក​គេថែទាំ។

នៅ​ពេល​ដែល​អគ្គីភ័យ​ឆេះ​កាត់​ក្រុង Mogo នៅ​លើ​ឆ្នេរ​សមុទ្រខាង​ត្បូង​នៃ​រដ្ឋ New South Wales កាល​ពីល្ងាច​មុនថ្ងៃ​ចូល​ឆ្នាំ​ថ្មី មានការ​ព្រួយ​បារម្ភ​ខ្លាំង​អំពីសត្វ​នៅ​ក្នុង​សួន​សត្វក្នុង​មូលដ្ឋាន។ សត្វទាំង​នេះ​នៅ​រស់​ទាំង​អស់ ក៏ប៉ុន្តែ​សួន​សត្វនេះមានការ​ខូចខាត​ច្រើន។

លោក Chad Staples ដែល​ជា​ប្រធាន​អ្នកថែ​ទាំ​សត្វ​ក្នុង​សួន​សត្វនេះ​បាន​និយាយ​ប្រាប់​វិទ្យុ​និង​ទូរទស្សន៍ ​ABC នៃ​ប្រទេស​អូស្ត្រាលី អំពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ឋិត​នៅ​ទី​នោះ​ដើម្បី​ប្រយុទ្ធ​នឹង​អគ្គីភ័យនេះ។

«យើង​មាន​របង​ខូចខាត​ច្រើន។ អ្វី​ដែលល្អ​នោះ​គឺ​ យើង​បាន​ជួយ​សង្គ្រោះ​សត្វ​ទាំង​អស់​ ដោយ​គ្មាន​របួស​និង​មិនមាន​ជំងឺទេ។ យើង​ត្រូវ​តែ​ឋិត​នៅ​ទី​នេះ​ហើយ​ជួយ​សង្គ្រោះ​សត្វទាំង​នេះ។យើង​បានដឹង​ថា​នេះ​ជា​កន្លែង​ល្អ​បំផុត​ប្រសិន​បើ​យើង​ឧស្សាហ៍​ ការណ៍​នេះ​អាច​ធ្វើឱ្យ​សួន​សត្វនេះ​ជា​កន្លែង​មានសុវត្ថិភាព​បាន។​ ក៏ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំ​យល់​ថា​នៅ​ពេលខ្លះ​មនុស្ស​គ្រប់គ្នា​មានការ​ភ័យ​ខ្លាច​ដែរ‍»។

សត្វ​ពាហនៈរាប់ម៉ឺនក្បាល​ក៏​ទំនង​ជា​ងាប់​នៅ​ក្នុងមហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ទាំង​នេះ​ដែរ។ ​កសិករ​បានត្រូវ​បង្ខំចិត្ត​ឱ្យ​សម្លាប់​សត្វ​ពាហនៈដែលមាន​របួស។ ការ​ខាត​បង់​អាច​មាន​ចំនួន​ច្រើនលាន​ដុលា្លរ។

នៅ​ពេល​ណា​ដែល​អគ្គីភ័យ​ទាំង​នេះ​រលត់អស់​ទើប​ប្រទេស​អូស្ត្រាលី​អាច​វាយ​តម្លៃត្រឹមត្រូវ​ជាង​មុនអំពី​ទំហំ​នៃការ​ខូច​ខាត​ដល់​សត្វពាហណៈនិង​សត្វ​ព្រៃ។ ភ្លើង​ឆេះ​ព្រៃ​រាប់​សិប​នៅ​តែ​បន្ត​ឆេះ​តទៅ​ទៀតនៅ​ក្នុង​រដ្ឋមួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG