ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ចូល​ជា​សមាជិក​ក្លឹប​អាកាសធាតុ


រូបឯកសារ៖ អគ្គិភ័យ​បាន​ឆាបឆេះស្មៅនៅក្បែរ​ទីក្រុង Bumbalong ខាងត្បូង​រដ្ឋធានី​កង់បេរ៉ានៃប្រទេស​អូស្ត្រាលី​កាលពីថ្ងៃទី​០១ កុម្ភៈ ឆ្នាំ២០២០។អូស្ត្រាលី​ចូល​ជា​សមាជិក​ក្លឹប​អាកាសធាតុ
រូបឯកសារ៖ អគ្គិភ័យ​បាន​ឆាបឆេះស្មៅនៅក្បែរ​ទីក្រុង Bumbalong ខាងត្បូង​រដ្ឋធានី​កង់បេរ៉ានៃប្រទេស​អូស្ត្រាលី​កាលពីថ្ងៃទី​០១ កុម្ភៈ ឆ្នាំ២០២០។អូស្ត្រាលី​ចូល​ជា​សមាជិក​ក្លឹប​អាកាសធាតុ

ក្លឹប​អាកាសធាតុ (Climate Club) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០២២ ដោយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz។ ក្លឹប​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ដូចជា​កាណាដា បារាំង អ៊ីតាលី ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក អាហ្សង់ទីន ឈីលី ដាណឺម៉ាក ឥណ្ឌូណេស៊ី កូឡុំប៊ី លុចសំបួ ហូឡង់ ស្វីស សិង្ហបុរី និង​អ៊ុយរូហ្គាយ​ជាដើម។

ប្រទេស​ដែល​ជា​សមាជិក​របស់​ក្លឹប​នេះ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​កំណត់​គោលដៅ​បរិស្ថាន​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព​នៅ​ត្រឹម​ឆ្នាំ ២០៥០ ខាង​មុខ ហើយ​ក៏​ត្រូវ​តម្រូវ​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​បំពេញ​ទៅ​តាម​បទដ្ឋាន​ទាំង​នេះ​ផង​ដែរ។

មហិច្ឆតា​បែប​នេះ​ត្រូវ​បាន​ជំទាស់​ដោយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើង​ខ្លាំង​ចម្បងៗ​ដូចជា​ចិន​ជាដើម ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

ប្រទេស​អូស្ត្រាលី​គឺ​ជា​សមាជិក​ថ្មី​បំផុត​របស់​ក្លឹប​អាកាសធាតុ​នេះ។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​តាំងចិត្ត​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ឱ្យ​បាន ៤៣% នៅ​ត្រឹម​ចុង​ទសវត្សរ៍​នេះ ដែល​ចំនួន​នេះ​គឺ​ស្មើ​នឹង​ជិត​ពីរ​ដង​នៃ​គោលដៅ​កំណត់​កាលពី​លើក​មុន។

កាលពី​ខែ​មីនា សមាជិក​សភា​ជាតិ​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់​ដែល​តម្រូវ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ដែល​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​នេះ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​បង់​ប្រាក់​សម្រាប់​ឥណទាន​កាបូន ដែល​ជា​ការ​អនុញ្ញាត​ឱ្យ​បញ្ចេញ​កាបូន។

អ្នកស្រី Nicki Hutley ដែល​ជា​ទីប្រឹក្សា​អង្គការ​ក្រុមប្រឹក្សា​អាកាសធាតុ (Climate Council) ដែល​ជា​អង្គការ​បរិស្ថាន​អូស្ត្រាលី បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា​ថា ក្លឹប​អាកាសធាតុ​មាន​មហិច្ឆតា​ត្រឹមត្រូវ។

អ្នកស្រី Hutley ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​អូស្ត្រាលី​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​ក្លឹប [អាកាសធាតុ] នេះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នានា​របស់​យើង​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។ ប្រសិនបើ​ប្រទេស​កាន់តែ​ច្រើន​ចូលរួម​នៅ​ក្នុង​ក្លឹប​នេះ នោះ​យើង​អាច​ធ្វើ​ការ​រួម​គ្នា​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​គាំទ្រ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើង​ខ្លាំង ដែល​វា​នឹង​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​មនុស្ស​គ្រប់ៗ​រូប»។

ធ្យូង​ថ្ម​និង​ឧស្ម័ន​នៅ​បន្ត​គ្រប​ដណ្តប់​លើ​ការ​បង្កើត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​គេ​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ច្បាស់លាស់​ទៅ​រក​ប្រភព​ថាមពល​ដែល​ល្អ​ចំពោះ​បរិស្ថាន។

កាលពី​ខែ​មេសា ក្រុមប្រឹក្សា​ថាមពល​ស្អាត (Clean Energy Council) ដែល​ជា​សមាគម​ថាមពល​កកើត​ឡើង​វិញ​របស់​អូស្ត្រាលី បាន​បញ្ជាក់​ថា ថាមពល​ស្អាត​មាន​ប្រហែល ៣៥,៩% នៃ​ថាមពល​អគ្គិសនី​សរុប​របស់​អូស្ត្រាលី​នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​កើនឡើង​ពី​ចំនួន ៣២,៥% នៅ​ក្នុង​ឆ្នាំ ២០២១។

ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​អភិរក្ស​និយម​ខ្លះ​ព្រួយ​បារម្ភ​ថា​ការ​ផ្លាស់ប្ដូរ​របស់​អូស្ត្រាលី​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ដែល​ភាគ​ច្រើន​បាន​មក​ពី​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់ គឺ​ត្រូវការ​ពេល​វេលា។

ពួកគេ​បាន​ទទូច​ថា អូស្ត្រាលី​ជា​ប្រទេស​ជួរ​មុខ​មួយ​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឆេះ​ព្រៃ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង រលក​កម្តៅ និង​ខ្យល់​ព្យុះ។ ពួកគេ​ខ្លាច​ថា​ការ​ឆេះ​ព្រៃ​ដ៏​មហន្តរាយ​កាលពី​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ អាច​ជា​សញ្ញា​ថា​អ្វីៗ​នឹង​កើត​មាន។

អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា​លំនាំ​ធាតុ​អាកាស​អែលនីញ៉ូ (El Niño) ដែល​ជា​បាតុភូត​កើត​ឡើង​ដោយ​ធម្មជាតិ​ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ នឹង​ទំនង​ជា​បណ្ដាល​ឱ្យ​មាន «ការ​កើនឡើង​នូវ​សីតុណ្ហភាព​លើ​សាកលលោក​និង​លំនាំ​ធាតុអាកាស​និង​អាកាសធាតុ​ដ៏​គ្រោះថ្នាក់»។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ព្រឹត្តិការណ៍​ដែល​កើតឡើង​ដោយសារ​បាតុភូត​អែលនីញ៉ូ​គឺ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ហានិភ័យ​កើនឡើង​នៃ​គ្រោះ​រាំងស្ងួត រលក​កម្តៅ និង​ការ​ឆេះ​ព្រៃ៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG