លោកស្រី Penny Wong បាននិយាយកាលពីថ្ងៃចន្ទទី១៧ ខែមេសាថា អូស្ត្រាលីមិនចង់ឱ្យការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន «ក្លាយទៅជាជម្លោះទេ»។
លោកស្រី Wong បានព្រមានថា ចិនបន្ត«ធ្វើទំនើបកម្មយោធារបស់ខ្លួនក្នុងល្បឿនមួយ និងទំហំដែលមិនធ្លាប់ឃើញនៅលើពិភពលោកអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ ដោយមានតម្លាភាព ឬការធានាតិចតួចអំពីចេតនាយុទ្ធសាស្ត្ររបស់ខ្លួន»។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក៏បានរៀបរាប់លម្អិតអំពីផលវិបាកនៃអស្ថិរភាពនៃ«វិធានការពាណិជ្ជកម្មដោយបង្ខិតបង្ខំ ការជ្រៀតជ្រែកផ្នែកនយោបាយ» និងការរៀបចំឡើងវិញនូវ«ច្បាប់អន្តរជាតិ»ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនបានលើកឡើងជាក់លាក់ណាមួយអំពីចិននៅក្នុងសុន្ទរកថា ឬការរឹតបន្តឹងពាណិជ្ជកម្មដែលទីក្រុងប៉េកាំងបានដាក់លើទំនិញនាំចេញផ្សេងៗរបស់អូស្ត្រាលីនោះទេ ដោយសារតែភាពតានតឹងផ្នែកការទូតដែលមានតាំងពីឆ្នាំ២០១៧។
លោកស្រី Wong បានប្រាប់ក្រុមអ្នកស្តាប់នៅទីក្រុង កង់បេរ៉ា អំពីការព្រួយបារម្ភចំពោះដែនកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តដ៏រឹងរូសមួយ ដែលអាចនឹងត្រូវដណ្តើមមកវិញដោយកម្លាំង។
«ថ្ងៃនេះខ្ញុំចង់និយាយជាមួយអស់លោក លោកស្រីទាំងអស់គ្នាអំពីរបៀបដែលយើងបញ្ចៀសសង្រ្គាម និងរក្សាសន្តិភាព ហើយលើសពីនេះទៅទៀត របៀបដែលយើងរៀបចំតំបន់ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិរបស់យើង និងផលប្រយោជន៍ក្នុងតំបន់រួមរបស់យើង។ ផលប្រយោជន៍ទាំងនោះស្ថិតនៅក្នុងតំបន់ដែលដំណើរការដោយច្បាប់ ស្តង់ដារ និងបទដ្ឋានដែលប្រទេសធំមិនកំណត់ជោគវាសនារបស់ប្រទេសតូចជាង»។
លោកស្រី Wong បាននិយាយថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ាត្រូវតែ«បន្ថយកំដៅលើជម្លោះដែលអាចកើតមានណាមួយ ខណៈពេលដែលបង្កើនសម្ពាធលើអ្នកដទៃឱ្យធ្វើដូចគ្នា»។
«សង្រ្គាមដោយសារតែបញ្ហាតៃវ៉ាន់នឹងក្លាយជាមហន្តរាយសម្រាប់ទាំងអស់គ្នា។ យើងដឹងថានឹងគ្មានអ្នកឈ្នះពិតប្រាកដនោះទេ ហើយយើងដឹងថាការរក្សាបាននូវស្ថានភាពដើមគឺល្អឥតខ្ចោះជាងជម្រើសណាផ្សេង»។
រហូតមកទល់ពេលនេះ នៅទីក្រុងប៉េកាំងមិនមានប្រតិកម្មចំពោះការលើកឡើងរបស់លោកស្រី Wong ទេ។
ទំនាក់ទំនងរវាងប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងពីរបានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺននៅក្នុងឆ្នាំ២០១៧ ជុំវិញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការជ្រៀតជ្រែករបស់ចិននៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលី។
បន្ទាប់មកមានការខ្វែងគំនិតគ្នាបន្ថែមទៀតអំពីកោះតៃវ៉ាន់ សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែងគ្នា និងប្រភពដើមនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឆ្វេងនិយមរបស់អូស្ត្រាលី ដែលជាប់ឆ្នោតជិតមួយឆ្នាំមុន បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។
កាលពីដើមខែមេសា រដ្ឋាភិបាលក្រុងកង់បេរ៉ាបានយល់ព្រមផ្អាកការអំពាវនាវរបស់ខ្លួនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងពន្ធដាក់ទណ្ឌកម្មរបស់ចិនលើស្រូវអង្ករបាលីអូស្ត្រាលី ដែលទីក្រុងប៉េកាំងបានយល់ព្រមពិនិត្យ។
មន្ត្រីអូស្ត្រាលីបាននិយាយថា ពួកគេមានទំនុកចិត្តថាចិននឹងលុបចោលពន្ធនេះ ដោយបង្កើនក្តីសង្ឃឹមថាការរឹតបន្តឹងលើការនាំចេញផ្សេងទៀត រួមទាំងស្រាក៏នឹងបញ្ចប់ផងដែរ៕
ប្រែសម្រួលដោយលោក មែន គឹមសេង