ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​អំណាច​ចតុភាគី​ Quad មាន​ការ​ព្រួយ​កង្វល់​អំពី​ការ​ប្រើ​កម្លាំង​យោធា​នៅ​ក្នុង​សមុទ្រ​អាស៊ី


រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌា សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី​ ថត​រូប​ជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រទេស​មហា​អំណាច​ចតុភាគី​ឬ Quad នៅ​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។
រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌា សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី​ ថត​រូប​ជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រទេស​មហា​អំណាច​ចតុភាគី​ឬ Quad នៅ​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។

សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា​និង​ប្រទេស​អូស្ត្រាលី​បាន​សម្តែង​នូវ​ការ​ព្រួយកង្វល់​នៅ​ថ្ងៃ​សុក្រ​នេះ​អំពី​ការ​ប្រើ​កម្លាំង​យោធា ​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​តំបន់​អាស៊ី​នៅ​ក្នុង​ការ​សំដៅ​ដល់​វត្តមាន​កើនឡើង​របស់​ចិន​ នៅ​សមុទ្រ​ដែល​មាន​ការប្រកួត​ប្រជែង​គ្នា។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​អស់​លោក​រដ្ឋមន្ត្រី​ការបរទេស​៣​ ផ្សេង​ទៀត​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ក្រុម​ចតុភាគី​ឬQuad។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​បាន​ចេញផ្សាយ​ដោយ​ឥណ្ឌា​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ ក្រុម​ប្រទេសQuadបាន​អំពាវនាវ​ចំពោះ​«ការ​ប្រកាន់​ខ្ជាប់នូវ​ច្បាប់​អន្តរជាតិ» នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​ខាង​ត្បូង​ ដើម្បី​«ធ្វើ​ទៅតាម​បញ្ហា​ប្រឈម​ដល់​សណ្តាប់​ធ្លាប់​ផ្លូវ​នាវាចរណ៍​ដែល​ផ្អែក​លើ​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា៖ «យើង​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ចំណាត់ការ​ឯកតោភាគី​ណាមួយ ​ដែល​ស្វះស្វែង​ធ្វើ​ការ​ផ្លាស់ប្តូរ​នូវ​ភាព​ដើម​ ​ឬ​បង្កើន​ការ​តានតឹង​នៅ​ក្នុង​តំបន់​នោះ»។

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ទៀត​ថា៖ «យើង​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ការ​ប្រើ​កម្លាំង​យោធា​នៅ​ផ្ទៃ​ទឹក​មាន​ជម្លោះ ការ​ប្រើ​ប្រកប​ដោយ​គ្រោះថ្នាក់​នូវ​នាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ និង​កងជីវពល​សមុទ្រ​និង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​បង្អាក់​ឆាឆៅ​សកម្មភាព​នានា​នៃ​ការរុករក​ប្រភព​ធនធាន​ក្នុង​សមុទ្រ​របស់​ប្រទេស​ផ្សេង​ទៀត។

ចិន​បាន​ទាមទារ​គ្រប់គ្រង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំង​អស់​ដែល​ជា​ផ្លូវ​នាវាចរណ៍​ ពាណិជ្ជកម្ម​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ចិនមិន​បានអើពើ​លើ​ការសម្រេច​របស់​តុលាការ​អន្តរជាតិ ​ដែល​ថា​ការ​ទាមទារ​របស់​ចិន​មិន​បាន​ផ្អែក​លើ​ផ្លូវ​ច្បាប់ ​ហើយ​ចិន​បាន​ស្ថាបនា​ទីតាំង​នៅ​ក្នុង​ផ្ទៃ​ទឹក ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អាស៊ី​ដែល​បាន​ទាមទារ​ផ្ទៃ​ទឹក​នោះ​ដែរ។

សេចក្តី​ថ្លែង​ការណ៍​នោះ​មិន​បាន​និយាយ​ចំ​ប្រទេស​ចិន​ ដែល​បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ដល់​សហរដ្ឋ​អាមេរិក ​ពី​ការពង្រីក​ក្រុម​ចតុភាគី​ឬQuadដើម្បី​ឡោមព័ទ្ធ​មហា​អំណាច​អាស៊ី​ដែល​កំពុង​ងើបឡើង​នេះ។

បន្ទាប់ពី​ជំនួប​នោះ​ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា​ចិន​មិន​មាន​ហេតុផល​អ្វី​ដើម្បី​ខ្លាច​ក្រុម​ចតុភាគី​ឬ Quad នោះ​ទេ។

អស់​លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា​ពួកគេ​បាន​ពិភាក្សា​ពី​ការ​ខំ​ប្រឹងប្រែង​រួម​គ្នា​ដែល​រួម​មាន​ការស្ថាបនា​នៃ​សង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ភាព​ធន់​ ​និង​ធ្វើការ​រួម​គ្នាលើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង៕

XS
SM
MD
LG