សហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ទៅ ៦ គ្រឿងនៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅភាគខាងជើងប្រទេសអូស្ត្រាលី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលយោងលើប្រភពដែលដឹងអំពីរឿងនេះកាលពីថ្ងៃចន្ទ។
កន្លែងផ្ទុកយន្តហោះ B-52 ទាំងនេះនឹងត្រូវបង្កើតឡើងនៅឯមូលដ្ឋានទ័ពអាកាសនៅតំបន់ដាច់ស្រយាល Tindal របស់កងទ័ពជើងអាកាសភូមិន្ទអូស្ត្រាលី (Royal Australian Air Force) ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin នៃដែនដី Northern Territory របស់ប្រទេសអូស្ត្រាលី។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ប្រភពដែលដឹងរឿងនេះ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ។
រឿងនេះត្រូវបានរាយការណ៍ដំបូងនៅក្នុងកម្មវិធី Four Corners របស់បណ្ដាញព័ត៌មាន ABC របស់អូស្ត្រាលី ដែលសេចក្ដីរាយការណ៍នោះបានយោងលើឯកសាររបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយថា ប្រទេសអូស្ត្រាលីប្រឡូកជាមួយនឹងសហរដ្ឋអាមេរិកលើផ្នែកការពារ «យូរៗម្ដង»។
លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «ជាការពិត មានដំណើរទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី។ នៅក្នុងទីក្រុង Darwin គឺមានកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកដែលប្ដូរវេនគ្នាប្រចាំការនៅទីនោះ»។
ដែនដី Northern Territory របស់អូស្ត្រាលីបានទទួលរៀបចំកិច្ចសហប្រតិបត្តិការយោធាជាញឹកញយរួចមកហើយជាមួយនឹងសហរដ្ឋអាមេរិក។ កងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិករាប់ពាន់នាក់បានប្ដូរវេនគ្នានៅទីនោះជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហាត់និងការធ្វើសមយុទ្ធរួមគ្នា ដែលបានចាប់ផ្ដើមដំបូងនៅពេលដែលលោក Barack Obama ធ្វើជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕