លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនកាលពីពេលថ្មីៗនេះបានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពតានតឹងដែលកើនឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង និងព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរអ្វីដែលលោកហៅថាជាគោលនយោបាយនៃ «ការគាបសង្កត់ និងការហ៊ុំព័ទ្ធ» លើចិន ហើយចូលរួមក្នុង «ការប្រកួតដោយផ្អែកលើវិធានស្មើភាពគ្នា»ទេ នោះច្បាស់ជាមាន «ជម្លោះ និងការប្រឈមមុខដាក់គ្នា»។
លោក Xi Jinping ប្រធានាធិបតីចិនបានបញ្ចេញការរិះគន់ស្រដៀងគ្នានេះដោយនិយាយថា «ប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងអនុវត្តការឡោមព័ទ្ធ និងការគាបសង្កត់មកលើពួកយើង»។
លោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា អត្ថាធិប្បាយបញ្ឆេះកំហឹងពីមេដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូប «ធ្វើឡើងទៅកាន់ប្រជាជនក្នុងស្រុក ដោយព្យាយាមបង្វែរការស្តីបន្ទោសដល់ការសន្យាផ្នែកសេដ្ឋកិច្ច និងការសន្យាផ្សេងទៀត»។
លោក Rudd ជាឯកអគ្គរាជទូតអូស្ត្រាលីដែលនឹងទៅប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន និងបានថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាគឺ «បង្អាក់មិត្តភក្តិរបស់យើងនៅចិនពីការធ្វើសកម្មភាពយោធាដែលត្រូវបានរៀបចំទុកប្រឆាំងនឹងតៃវ៉ាន់» ដែលចិនបានអះអាងថាជាទឹកដីរបស់ខ្លួន។
លោកបានប្រាប់សារព័ត៌មាន Australian Broadcasting Corp. កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលក្រុងកង់បេរ៉ាអាចជួយជួសជុលទំនាក់ទំនងដែលខូចខាតរវាងសហរដ្ឋអាមេរិក និងចិនបាន។
លោក Rudd បានថ្លែងក្នុងសម្តីដើមថា៖ «ជាទិដ្ឋភាពរួម ទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិនស្ថិតក្នុងការជួសជុលយុទ្ធសាស្ត្រធ្ងន់ធ្ងរ។ ការងាររបស់យើងក្នុងនាមជាមិត្ត ដៃគូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាដៃគូយុទ្ធសាស្ត្រជាមួយចិន គឺជំរុញឱ្យរដ្ឋាភិបាលទាំងពីរបោះជំហានក្នុងក្របខណ្ឌយុទ្ធសាស្ត្រថ្មីមួយនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដែលមានការគ្រប់គ្រង កសាងរបាំងការពារយុទ្ធសាស្ត្រថ្មីក្នុងទំនាក់ទំនងរបស់ពួកគេ ដូច្នេះនៅទីបញ្ចប់ យើងនឹងមិនធ្លាក់ចូលវិបត្តិ ភាពតានតឹង និងសង្គ្រាមដោយយថាហេតុនោះទេ»។
ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី។ តម្រូវការរបស់ចិនលើធនធានធម្មជាតិបានជួយដល់ការរីកចម្រើននាពេលថ្មីៗរបស់អូស្ត្រាលី។ ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងកង់បេរ៉ា និងរដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លងកាត់ជម្លោះពាណិជ្ជកម្ម និងការទូតអស់រយៈពេលជាច្រើនក្នុងពេលថ្មីៗនេះ ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីលើទំនិញ និងសេវាកម្មបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។
សម្ព័ន្ធមិត្តយោធារបស់អូស្ត្រាលីជាមួយនឹងសហរដ្ឋអាមេរិកកើតមានតាំងពីដើមទសវត្សរ៍១៩៥០មកម្ល៉េះ។
នៅក្នុងឆ្នាំ២០២១ ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចុះហត្ថលេខាបង្កើតសម្ព័ន្ធយោធាត្រីភាគី AUKUS។
ប្រទេសចិនបានរិះគន់ដល់កិច្ចព្រមព្រៀងAUKUS។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា កិច្ចព្រមព្រៀងនេះ «បង្កឱ្យមានការប្រកួតប្រជែងសព្វាវុធ និងឱ្យខូចខាតដល់សន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»៕
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបារម្ភថា អាចនឹងមាន«សង្គ្រាមជាយថាហេតុ»រវាងអាមេរិកនិងចិន
- Phil Mercer
ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី —