ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ស្វះស្វែង​បង្កើន​ចំណង​ពាណិជ្ជកម្ម​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចាប់ដៃគ្នាជាមួយនឹងក្រុមមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។ (Willy Kurniawan/Pool Photo via AP)
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចាប់ដៃគ្នាជាមួយនឹងក្រុមមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។ (Willy Kurniawan/Pool Photo via AP)

ការ​ធ្វើ​ពាណិជ្ជកម្ម​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​របស់​អូស្ត្រាលី។ វា​រួមចំណែក​រហូត​ដល់​ទៅ​ជាង ៤០​ ភាគរយ​នៃ​ប្រាក់​ចំណូល ឬ​ GDP​ សរុប​របស់​ប្រទេស​នេះ។

ទីផ្សារ​នាំចេញ​ទាំង​ ១២ ក្នុង​ចំណោម​ទី​ផ្សារធំៗ​ទាំង ​១៥​ របស់​អូស្ត្រាលី​ គឺស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី។ ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​ចិនមាន​ចំណែក​ធំជាង​គេ​បំផុត​ ដែល​ទទួល​ទំនិញ​នាំចេញនិង​សេវាកម្មរបស់​អូស្ត្រាលី​រហូត​ដល់​ទៅ ១ភាគ៣។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​ ក៏​ជា​ប្លុក​ពាណិជ្ជកម្មដ៏​សំខាន់​មួយផង​ដែរ ដោយ​មាន​ចំណែក​ទីផ្សារ​នាំចេញ​សរុបរបស់​អូស្ត្រាលី​ក្នុង​ទំហំ​ ១២ ភាគរយ។

កាល​ពី​ឆ្នាំ​ ២០២១​ ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៨០,៨ ពាន់លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ទំហំ​មួយ​ធំជាង​ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​ជាមួយ​ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក។ នេះបើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី។

ធ្យូងថ្ម​ និង​ឧស្ម័ន​ធម្មជាតិ​ គឺជា​ផលិតផល​នាំចេញ​ចម្បង​របស់​អូស្ត្រាលី ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ បន្ថែម​លើ​ផលិតផល​កសិកម្ម​ និង​សេវាកម្ម​ផ្នែក​អប់រំ​ផ្សេងៗ។

ចំណែក​ប្រទស​សមាជិក​អាស៊ាន​វិញ ​លក់​ផលិតផល​ប្រេងកាត​ រថយន្ត​ និង​សេវា​កម្ម​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី។

តំបន់​អាស៊ាន​ រួម​មាន​ប្រទេសមួយ​ចំនួន​ ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូត​លាស់​លឿន​ជាង​គេ​នៅ​លើ​ពិភព​លោក​ ដោយសារ​តែ​មាន​កំណើន​ផ្នែក​នគរូបនីយកម្ម​ ការ​លូតលាស់​ផ្នែក​ឌីជីថល​ និង​ពលរដ្ឋ​ដែល​មាន​ការ​អប់រំខ្ពស់។ ប៉ុន្តែ​របាយការណ៍​មួយដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ចំណង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​បាន​នៅ​នឹង​ ហើយ​ត្រូវ​ការ​ការ​ជំរុញ​បន្ថែម​ទៀត​ តាមរយៈ​ការ​ពង្រីក​ចំនួន​ជើងហោះហើរ​ទៅ​កាន់​តំបន់​នេះ ​ក៏​ដូច​ជាត្រូវ​កាត់​បន្ថយ​រនាំង​ឧបសគ្គ​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​ផង​ដែរ។

ទំនាក់ទនង​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​របស់​អូស្ត្រាលី​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ទំហំ​ទឹកប្រាក់​សរុប​ ៤,៦៤ ពាន់​លាន​ដុល្លារ​អាមេរិក​ ឬ​តិច​ជាង​ ២ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សាកល​របស់​អូស្ត្រាលី។

រូបឯកសារ៖ ធុងកុងទ័រនឺដាក់ទំនិញ នៅកំពង់ផែស្វ័យតមួយនៅទីក្រុង Tianjin ប្រទេសចិន កាលពីថ្ងៃទី ១៦ ខេមករា ឆ្នាំ ២០២៣។
រូបឯកសារ៖ ធុងកុងទ័រនឺដាក់ទំនិញ នៅកំពង់ផែស្វ័យតមួយនៅទីក្រុង Tianjin ប្រទេសចិន កាលពីថ្ងៃទី ១៦ ខេមករា ឆ្នាំ ២០២៣។

លោក​ Anthony Albanese នាយក​រដ្ឋមន្ត្រីអូស្ត្រាលី​ បាន​ថ្លែង​ទៅ​កាន់​រដ្ឋ​សភា​អូស្ត្រាលីក្នុង​រដ្ឋធានីកង់បេរ៉ា​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​កញ្ញា​ថា អាស៊ាន​គឺ​ជា​តំបន់​មួយ​ដែល​លោក​សង្ឃឹម​ថា​ នឹង​ជំរុញចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុនថែម​ទៀត។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​មានឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ ដែល​មាន​សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ​ធំ​ជាងបំផុតនៅ​លើ​ពិភព​លោក​ ហើយ​ដែលស្ថិត​នៅ​ក្បែរ​ខាង​យើង។ ប៉ុន្តែការពិត​ គឺ​ថា​ ប្រទេស​នេះ​មិន​បានក្លាយ​សូម្បី​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​យើង​នោះ​ទេ»។

ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជាមួយ​ចិន ត្រូវ​បាន​រំខាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​មួយ​ចំនួន​ បូករួម​ជាមួយ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ហុងកុង សេរីភាព​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​បញ្ហាជំងឺកូវីដ១៩ ​ក៏​ដូចបញ្ហា​សិទ្ធិ​មនុស្ស​ ដែល​ជំរុញ​ឲ្យប្រទេស​អូស្ត្រាលី​ស្វែង​រក​ទីផ្សារ​ថ្មីៗ​ ដើម្បី​ធ្វើឱ្យ​មាន​ភាព​ចម្រុះសម្រាប់​ពាណិជ្ជកម្ម​របស់​ខ្លួន។

លោក​ Leigh Howard​ ដែល​ជាប្រធាន​ Asialink Business​ នៃ​សាកល​វិទ្យាល័យ​ទី​ក្រុង​Melbourne​ ប្រទេស​អូស្ត្រាលី បានថ្លែង​ប្រាប់​វីអូអេ​ថា​ សមាជិក​អាស៊ានបង្ហាញឱកាស​ដ៏​ល្អ​សម្រាប់​ប្រទេស​អូស្ត្រាលី។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ការ​ធ្វើឱ្យ​មាន​លក្ខណៈ​ចម្រុះនៅ​តែ​ជា​ប្រធានបទ​ដែល​ត្រូវ​ធ្វើ​បន្ត​ ដោយសារ​តែការ​ធ្វើ​ជំនួញ​ត្រូវ​ស្វែង​រក​ទីផ្សារ​ថ្មីៗ​ មិន​ថា​ដើម្បី​បំពេញ​ទៅ​លើ​ទីផ្សារ​ចិន​ ឬ​ដើម្បី​ជំនួស​ទីផ្សារ​ចិន​នោះ​ទេ។ ជាថ្មី​ម្ដង​ទៀត​ ដោយសារ​តែ​អូស្ត្រាលី​នៅ​ជិត​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​តំបន់​នេះ​មាន​ការកើន​ឡើងនៃ​ក្រុម​មនុស្ស​ដែល​សម្បូរ​ទ្រព្យធន ​និង​ជា​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ទៀត​នោះ​ ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​អាស៊ាន​បង្កើត​ឱកាស​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយសម្រាប់​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី»។

សមាគម​អាស៊ាន​ដែល​មាន​សមាជិក​ ១០​ប្រទេស​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៦៧។ សមាជិក​នៃ​សមាគម​នេះ​រួម​មាន​ ​ប្រទេស​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ ព្រុយណេ​ វៀតណាម​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រទេសកម្ពុជា។

​គួ​កត់​សម្គាល់ដែរ​ថា​ កិច្ចប្រជុំ​កំពូលអាស៊ាន​ឆ្នាំ​នេះ​ក្នុង​រដ្ឋធានីហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ មិន​មាន​វត្តមានប្រធានាធិបតី​ចិន​លោក​ Xi Jinping និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden នោះ​ទេ៕

XS
SM
MD
LG