ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌា តែ​លោក Putin និង​លោក Xi មិន​ត្រូវ​រំពឹង​ថា​ចូលរួម​ទេ


វិចិត្រករ​ជនជាតិ​ឥណ្ឌា​លោក Jagjot Singh Rubal គូររូប​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ទីក្រុង Amritsar នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ មុនពេល​កិច្ចប្រជុំ​កំពូល G20 រយៈពេល​ពីរថ្ងៃ​នៅ​ទីក្រុង​ញូវដេលី។
វិចិត្រករ​ជនជាតិ​ឥណ្ឌា​លោក Jagjot Singh Rubal គូររូប​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ទីក្រុង Amritsar នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ មុនពេល​កិច្ចប្រជុំ​កំពូល G20 រយៈពេល​ពីរថ្ងៃ​នៅ​ទីក្រុង​ញូវដេលី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ធ្វើ​ដំណើរនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល G20 ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្តាហ៍ ដោយ​មាន​គោលដៅ​ធំ​និង​ក្តីសង្ឃឹម​ខ្ពស់​ថា ​ក្រុម​ប្រទេស​មានសេដ្ឋកិច្ច​ជឿនលឿន​ និង​កំពុង​អភិវឌ្ឍ​បំផុត​ទាំង​២០ ​ឬ G20 ​អាច​ធ្វើ​ការ​រួម​គ្នា​លើ​បញ្ហា​សាកល​ធំៗ​បាន។ នេះ​បើ​យោង​តាម​សេតវិមាន ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ពេល​មាន​មន្ទិល​អំពី​សុខភាព​របស់​លោក​ប្រធានាធិបតី ក្រោយ​ពី​ភរិយា​របស់​លោក​ គឺ​លោកស្រី Jill Biden បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩​ មួយ​ថ្ងៃ​មុន។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក​ស្រី Karine Jean-Pierre និយាយ​ថា៖ «លោក Biden គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ»។ អ្នក​ស្រី​បន្ថែម​ថា លោក​ Biden បាន​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ហើយ​នឹង​ធ្វើ​តេស្ត​តាម​កាល​កំណត់​ដោយ​វេជ្ជបណ្ឌិត​របស់​លោក។ ពេល​ត្រូវ​ចោទសួរ អ្នក​នាំ​ពាក្យ​រូប​នេះ មិន​បាន​និយាយ​អំពី​ផែន​ការ​បន្ទាប់ បើ​លោក​ Biden ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ១៩ មុន​ថ្ងៃ​ចេញ​ដំណើរ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឆ្ពោះ​ទៅ​ទីក្រុង​ញូវដែលី (New Delhi) ​នោះ​ទេ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan បាន​និយាយ​ថា​ រដ្ឋបាល​លោក Biden នឹង​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ ការ​រៀបចំ​បំណុល​ឡើងវិញ និង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាដើម។ កិច្ច​ប្រជុំ G20 នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋធានី​របស់​ឥណ្ឌា។

លោក Sullivan និយាយ​ថា៖ ​«យើង​សង្ឃឹម​ថា ​កិច្ច​ប្រជុំ​កំពូល G20នេះនឹង​បង្ហាញ​ថា ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​លើ​ពិភពលោក​អាច​ធ្វើ​ការ​ជាមួយ​គ្នា​សូម្បី​តែ​ក្នុង​គ្រា​មាន​បញ្ហា​ប្រឈម»។

លោក​បន្ត​ថា «ដូច្នេះ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ញូវដែលី (New Delhi) យើង​នឹង​ផ្តោត​ទៅលើ​ការ​ផ្តល់​ជូន​ប្រទេស​កំពុង​អភិវឌ្ឍ បន្ត​វឌ្ឍនភាព​លើ​វិស័យ​អាទិភាព​សំខាន់ៗ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ រាប់​ចាប់​ពី​បញ្ហា​អាកាសធាតុ​ដល់​បច្ចេកវិទ្យា និង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​កិច្ច​ប្រជុំ G20ក្នុង​នាម​ជា​វេទិកា​មួយ​ដែលផ្តល់​លទ្ធផល...»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អវត្តមាន​មេដឹកនាំ​សំខាន់​ពីរ​រូប​គឺ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន លោក Xi Jinping នឹង​ប៉ះពាល់​ដល់​នីតិវិធី​នានា ជាពិសេស​ជុំវិញ​បញ្ហាធំ​បំផុត​ដែល​ប្រឈម​ដោយ​ម្ចាស់​ផ្ទះ​ គឺ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi។
លោក Biden បាន​និយាយ​ពេល​ថ្មីៗ​នេះ​ថា​ លោក​«ខក​ចិត្ត»​ដែល​មេដឹកនាំ​ចិន​ដ៏​មាន​អំណាច​គ្មាន​គម្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ៕

XS
SM
MD
LG