ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន​មិន​បាន​បង្ហាញ​ក្តី​បារម្ភ​លើ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ អ្នកបម្រើ​ម្នាក់​ដើរកាត់​ស្លាកសញ្ញា​អាស៊ាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​អាស៊ាន នៅ​ខេត្ត​ Nonthaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកបម្រើ​ម្នាក់​ដើរកាត់​ស្លាកសញ្ញា​អាស៊ាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​អាស៊ាន នៅ​ខេត្ត​ Nonthaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩។

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​សមាជិក​អាស៊ាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​ដែល​មាន​រយៈ​ពេល​៣ថ្ងៃ​នេះ សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​នេះ​មិន​ទាន់​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ណា​មួយ​ដែល​បង្ហាញ​ក្តី​បារម្ភ​លើ​សកម្ម​ភាព​ចុង​ក្រោយ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​មាន​ជម្លោះ​ដែន​ទឹក​ហៅ​ថា​ជា​សកម្ម​ភាព​គឃ្លើន និង​បង្ហាញ​ក្តី​ព្រួយ​បារម្ភ។​

បន្ថែម​ពី​នេះ​ កាល​ពី​ថ្មីៗ​នេះ ​ពោល​គឺ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប៉ុន្មាន​ថ្ងៃ​ ចិន​បាន​បង្ហាញ​ផែន​ទី​ថ្មី​មួយ​ដែល​លាត​សន្ធឹង​កាន់​តែ​ធំ​នៅ​លើ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង។​ ​ ផែន​ទី​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​មាន​ជម្លោះ​ជា​មួយ​ចិន។​

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​រាប់​ទស​វត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន ​និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​ រួម​មាន​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ព្រុយណេ។​

អ្នក​ស្រី​ Retno Marsudi​ រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ មិន​បាន​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ​នៅ​ពេល​អ្នក​សារ​ព័ត៌មាន​បាន​ចោទ​សំណួរ​កាល​ពី​ថ្ងៃ​ពុធ​ ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​អ្នកស្រី​បាន​កោត​សរសើរ​អំពី​ដំណើរ​វិវឌ្ឍ​នៃ​ការ​រៀបចំ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ​(Code of Conduct) ​ពាក់ព័ន្ធ​នឹង​ដែន​ទឹក​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ។​

កម្ពុជា ​ឡាវ​ ឥណ្ឌូណេស៊ី ​សិង្ហបុរី​ ថៃ​ និង​មីយ៉ាន់ម៉ា​ មិន​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ។ ​សំណួរ​ត្រូវ​បាន​លើក​ឡើង​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ឥណ្ឌូណេស៊ី ​ខកខាន​មិន​បាន​សម្តែង​ការ​បារម្ភ​ខ្លាំងៗ​ណា​មួយ​អំពី​សកម្ម​ភាព​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​ដែល​ត្រូវ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច​និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត។​

កាល​ពី​កន្លង​ទៅ​ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ពណ៌នា​«សកម្ម​ភាព​គឃ្លើន»​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ រួម​ទាំង​ការ​ប្រើ​កាណុង​បាញ់​ទឹក​ដោយ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​ប្រឆាំង​នឹង​នាវា​ហ្វីលីពីន​ដែល​ទាក់​ទិន​នៅ​ក្នុង​បេសក​កម្ម​ផ្គត់ផ្គង់​កាលពី​ថ្ងៃ​ទី៥​ ខែ​សីហា​កន្លង​ទៅ។ ​ចិន​ក៏​បាន​ស្ថាបនា​កោះ​សម្រាប់​ទីតាំង​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ទាមទារ​បូរណ​ភាព​ទឹកដី​ត្រួត​ស៊ីគ្នា​ជា​មួយ​តំបន់​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ជម្លោះ។​

ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Ferdinand Marcos Jr.​ ថ្លែង​ថា​ ទស្សនៈ​វិស័យ​របស់​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ចង់​ឃើញ​សន្តិភាព ស្ថិរភាព ​និង​វិបុល​ភាព។ ​ប៉ុន្តែ​វា​គួរ​ឲ្យ​សោក​ស្តាយ​ដែល​វា​ខុស​ពី​នេះ​ទាំង​ស្រុង។​ លោក​បញ្ជាក់​ថា ​ហ្វីលីពីន​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​ប្រទេស​ទាំង​អស់ ​ដើម្បី​ជំរុញ​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ​ដែល​ផ្អែក​លើ​ច្បាប់។

លោក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥​ ​ខែ​កញ្ញា​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថា ​ហ្វីលីពីន​នៅ​តែ​ប្តេជ្ញា​ទៅ​កាន់​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ ឲ្យ​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«យើង​មិន​ស្វែង​រក​ជម្លោះ​ឡើយ ​ប៉ុន្តែ​វា​ជា​កាតព្វ​កិច្ច​របស់​យើងជា​ប្រជា​ពលរដ្ឋ​និង​ជា​ថ្នាក់​ដឹកនាំ​ដែល​ជា​និច្ច​កាល​ ក្រោក​ឡើង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​អធិប​តេយ្យ​ភាព​របស់​យើង សម្រាប់​សិទ្ធិ​អធិប​តេយ្យ​របស់​យើង ​និង​យុត្តាធិការ​នៃ​ផ្លូវ​សមុទ្រ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ​សុខ ចិន្តាសោភា ​និង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​លោក​ អាន សុខខឿន​ បាន​នៅ​ឡើយ​ទេ។​

កម្ពុជា​បាន​ប្រកាន់​ជំហរ​ចង់​ឲ្យ​ជម្លោះ​នេះ​ដោះ​ស្រាយ​រវាង​ប្រទេស​និង​ប្រទេស​ ជា​ជាង​ប្រើ​ប្រាស់​យន្ត​ការ​របស់​អាស៊ាន។​

សមាជិក​អាស៊ាន​មួយ​ចំនួន​រង​ការ​រិះគន់​ថា​ ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជំទាស់​នឹង​សេចក្តី​ថ្លែង​ការណ៍​រួម​ណាមួយ​របស់​អាស៊ាន​ ដោយសារ​សមាគម​ថ្នាក់​តំបន់​មួយ​នេះ​ឈរ​លើ​គោល​ការណ៍​កុង​សង់ស៊ីស​ ឬ​មូល​មតិ​គ្នា​ទាំង​ស្រុង ​ទើប​អាច​សម្រេច​លើ​កិច្ច​ការ​អ្វី​មួយ​បាន។

លោក ​Yulius P Hermawan ​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ ​Parahyangan Catholic University ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បើ​មើល​ពី​ការណ៍​ដែល​មេ​ដឹកនាំ​អាស៊ាន​មិន​បាន​បង្ហាញ​ការ​ឆ្លើយ​តប​រួម​មួយ​ចំពោះ​សកម្ម​ភាព​ថ្មីៗ​របស់​ចិន​ ​វា​ពិត​ជា​ការ​ព្រួយ​បារម្ភ​មួយ។ ​លោក​បារម្ភ​អំពី​លទ្ធភាព​ខ្ពស់​ដែល​ប្រទេស​ចិន​អាច​បញ្ជា​អាស៊ាន​បាន។​

លោក​បញ្ជាក់​ថា៖​ «មេ​ដឹកនាំ​អាស៊ាន​ដែល​ប្រទេស​របស់​ពួកគេ​មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​នេះ​ រួម​ទាំង​ឥណ្ឌូណេស៊ី​ទំនង​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​សារ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ។ ​ពួកគេ​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ទោះ​បី​នៅ​ពេល​សមាជិក​អាស៊ាន​របស់​ពួកគេ​លើក​ឡើង​អំពី​ការ​ជំទាស់​ខ្លាំង​ក្លា​និង​ដោយ​ចំហ​ប្រឆាំង​នឹង​សកម្ម​ភាព​មិន​សមរម្យ​របស់​ចិន​ក្នុង​ដែន​អធិប​តេយ្យ​របស់​ពួកគេ»។​

លោក​បន្ថែម​ថា​ ដំណើរ​នៃ​ការ​បង្កើត​ក្រម​ប្រតិបត្តិ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​យឺត​យ៉ាវ​ខ្លាំង​ ខណៈ​ចិន​បាន​ធ្វើ​សកម្ម​ភាព​ដែល​មិន​ស្រប​តាម​ក្រម​ប្រតិបត្តិ​នោះ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ Li Qiang ​បាន​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​អាស៊ាន ​ដោយ​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​នៃ​មិត្តភាព​របស់​ចិន​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ ​រួមមាន​ការ​ខំ​ប្រឹងប្រែង​រួម​គ្នា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​របៀប​ដែល​ភាគី​បាន​ដោះស្រាយ​ការ​ខ្វែង​គំនិត​តាម​រយៈ​ការ​សន្ទនា​ក្នុង​ពេល​កន្លង​ទៅ។​

លោក​ Li​ ថ្លែង​ថា៖​ «ដរាប​ណា​យើង​រក្សា​មាគ៌ា​ត្រឹមត្រូវ​ មិន​ថា ​ព្យុះ​យ៉ាង​ណា​អាច​កើត​មាន​ឡើង​នោះ​ទេ ​កិច្ច​សហ​ប្រតិបត្តិការ​ចិន​និង​អាស៊ាន​នឹង​នៅ​រឹងមាំ​ជា​រៀង​រហូត​ហើយ​បន្ត​ទៅ​មុខ​ប្រឆាំង​នឹង​ភាព​មិន​ចុះ​សម្រុង។​ យើង​បាន​ថែ​រក្សា​សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចលាចល​និង​ការ​ផ្លាស់​ប្តូរ»។​

គួរ​បញ្ជាក់​ថា​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ អ្នកស្រី ​Kamala Harris​ ដែល​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នេះ​ដែរ​ ក៏​បាន​លើក​ឡើង​អំពី​ជម្លោះ​ដែន​ទឹក​មួយ​នេះ ​ដោយ​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រកាន់​ខ្ជាប់​ច្បាប់​អន្តរ​ជាតិ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង៕​

XS
SM
MD
LG