ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី ៤០០ លាន​ដុល្លារ​ដល់​អ៊ុយក្រែន


រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin (ស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចាប់ដៃគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង​កៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin (ស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចាប់ដៃគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង​កៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​ជា​សព្វាវុធ​ចំនួន ៤០០ លាន​ដុល្លារ​ដល់​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ទីក្រុង​កៀវ​នៃ​ប្រទេស​នោះ។ ការ​ប្រកាស​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់ ដែល​ការ​បោះឆ្នោត​នេះ​បង្ក​ឱ្យ​មាន​ភាព​ស្រពិចស្រពិល​អំពី​ការ​គាំទ្រ​របស់​បស្ចិម​ប្រទេស​ចំពោះ​អ៊ុយក្រែន​នៅ​ពេល​អនាគត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ដំណើរ​ទស្សនកិច្ច​របស់​លោក Austin នេះ​ត្រូវគេ​រំពឹង​ថា​នឹង​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អ៊ុយក្រែន​ពង្រឹង​ការ​ការពារ​ខ្លួន​នៅ​ពេល​ដែល​កង​កម្លាំង​របស់​រុស្ស៊ី​រុល​ចូល​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ប៉ុន្តែ ទោះបីជា​មាន​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​នឹង​អ៊ុយក្រែន​ក៏ដោយ ក៏​ទស្សនកិច្ច​នេះ​មិន​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​ដ៏​ខ្លាំងក្លា​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodylyr Zelenskyy ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នោះទេ។ ការ​អំពាវនាវ​របស់​លោក Zelenskyy នោះ​មាន​ដូចជា​ការ​ដក​ចេញ​នូវ​ការ​ដាក់​កំហិត​របស់​អាមេរិក​លើ​ការ​ប្រើប្រាស់​សព្វាវុធ​ដែល​អាមេរិក​ផ្ដល់​ឱ្យ​ដើម្បី​វាយ​ប្រហារ​លើ​គោលដៅ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​រុស្ស៊ី​ជាដើម។

ខណៈ​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជិត​ផុត​អាណត្តិ លោក Austin បាន​បង្ហាញ​សញ្ញា​អំពី​ការ​បន្ត​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក។

លោក Austin បាន​ប្រាប់​លោក Zelenskyy ក្នុង​ជំនួប​រវាង​លោក​ទាំងពីរ​ថា៖ «សហរដ្ឋ​អាមេរិក​យល់​អំពី​ហានិភ័យ​នៅ​ទីនេះ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ឃើញ​ការ​គាំទ្រ​របស់​គណបក្ស​ទាំងពីរ [របស់​សហរដ្ឋ​អាមេរិក] ចំពោះ​អ៊ុយក្រែន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ចុងក្រោយ​នេះ ហើយ​ខ្ញុំ​រំពឹង​យ៉ាង​មុតមាំ​ថា​យើង​នឹង​បន្ត​ឃើញ​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​ពី​សភា​អាមេរិក»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG