រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃអង្គារនេះបានសរសើរអ្វីដែលលោកបានហៅថា «ទំនាក់ទំនងដ៏ខ្លាំង» រវាងកងកម្លាំងសហរដ្ឋអាមេរិកនិងកេនយ៉ា នៅពេលដែលលោកបានជួបជាមួយកងទ័ពមកពីប្រទេសទាំងពីរនៅឯបន្ទាយ Simba នៅឈូងសមុទ្រ Manda នៃប្រទេសកេនយ៉ា។
សហរដ្ឋអាមេរិកនិងកេនយ៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារប្រទេសដែលមានរយៈពេល ៥ ឆ្នាំកាលពីថ្ងៃចន្ទម្សិលមិញ ដែលមានគោលបំណងពង្រឹងការខំប្រឹងប្រែងប្រឆាំងភេរវកម្មមនៅក្នុងតំបន់អាហ្វ្រិកខាងកើត ហើយនឹងគាំទ្រការខំប្រឹងប្រែងរបស់កេនយ៉ា ដើម្បីដឹកនាំបេសកកម្មសន្តិសុខនៅប្រទេសហៃទី។
លោក Austin បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«ដឹងគុណកេនយ៉ាចំពោះការដឹកនាំរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់និងជុំវិញពិភពលោក» ហើយបានថ្លែងអំណរគុណចំពោះការមានឆន្ទៈដើម្បីដឹកនាំកងកម្លាំងសន្តិសុខពហុជាតិដើម្បីប្រយុទ្ធអំពើហិង្សាដែលបង្កឡើងដោយពួកឥន្ធពាលនៅក្នុងប្រទេសហៃទី។
លោក Austin បានមានប្រសាសន៍ទៀតថា រដ្ឋបាលរបស់លោកប្រធានាធិបតី Biden នឹងធ្វើការជាមួយសភាដើម្បីធានាប្រាក់ ១០០លានដុល្លារ ដែលខ្លួនបានសន្យាសម្រាប់បេសកកម្មហៃទីកាលពីសប្តាហ៍មុន នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Austin បានជំរុញឱ្យប្រទេសជាតិនានាធ្វើតាមគំរូរបស់កេនយ៉ា ហើយនឹងផ្តល់បុគ្គលិក ឧបករណ៍ ការគាំទ្រ ការបណ្តុះបណ្តាលនិងថវិកាសម្រាប់ផែនការបេសកកម្មសន្តិសុខពហុជាតិដល់ប្រទេសហៃទី។
ប្រទេសកេនយ៉ាបានសន្យាបញ្ជូនមន្ត្រីសន្តិសុខ ១០០០ នាក់ ទៅកាន់ប្រទេសហៃទីដើម្បីទប់ស្កាត់អំពើហិង្សាដោយពួកជនឥន្ធពាលដែលបានកើនឡើងចាប់តាំងពីឃាតកម្មប្រធានាធិបតីហៃទី លោក Jovenel Moïse កាលពីខែមិថុនា ឆ្នាំ ២០២១ មក។ បេសកកម្មសន្តិសុខដែលនៅមិនទាន់បានទទួលការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានត្រូវស្នើឡើងដោយនាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry កាលពីខែតុលាឆ្នាំមុនមក៕