សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកកំពុងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយយោធាស៊ូដង់បានផ្ដល់ការយល់ព្រមដំបូងចំពោះសំណើមួយរបស់អង្គការអាហ្វ្រិក ដែលស្នើឱ្យមានការចរចាគ្នា បើទោះបីជាការប្រយុទ្ធគ្នានៅបន្តក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរយៈពេលជិតពីរសប្ដាហ៍កន្លងមក រវាងយោធាស៊ូដង់និងកងកម្លាំងជំនួយរហ័ស (RSF) ដែលភាគីទាំងពីរកំពុងប្រជែងអំណាចគ្នាដែលអាចធ្វើឱ្យមានអស្ថិរភាពដល់តំបន់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំង RSF បានចោទប្រកាន់យោធាស៊ូដង់ថាបានវាយប្រហារលើកងកម្លាំងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ និងបានផ្សព្វផ្សាយ «ពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ»។ ការចោទប្រកាន់នេះបានធ្វើឡើងដោយមិនមានការលើកឡើងអំពីសំណើដែលយោធាស៊ូដង់បាននិយាយថាបានស្នើឡើងដោយអាជ្ញាធរអន្តររដ្ឋាភិបាលអភិវឌ្ឍន៍ (IGAD) ដែលជាប្លុកថ្នាក់តំបន់មួយនៅទ្វីបអាហ្វ្រិកនោះទេ។
គេអាចឮស្នូរកាំភ្លើងនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតំបន់ខាទុំ។ នេះបើតាមការបញ្ជាក់របស់ពលរដ្ឋម្នាក់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចឈប់បាញ់គ្នារយៈពេល ៣ ថ្ងៃ ដែលកំពុងមានស្រាប់នេះបានធ្វើឱ្យមានភាពស្ងប់ស្ងាត់មួយរយៈ ដោយមិនមានការបញ្ឈប់ការបាញ់គ្នាទាំងស្រុងនោះទេ។ ប៉ុន្តែកិច្ចឈប់បាញ់គ្នានេះគ្រោងនឹងផុតកំណត់នៅពាក់កណ្ដាលយប់ ហើយជនបរទេសជាច្រើននៅជាប់នៅក្នុងប្រទេសស៊ូដង់នៅឡើយ បើទោះបីជាមានជនបរទេសជាច្រើនបានចាកចេញពីស៊ូដង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ។
យោធាស៊ូដង់បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថា មេដឹកនាំរបស់ខ្លួនលោកនាយឧត្ដមសេនីយ៍ Abdel Fattah al-Burhan បានផ្ដល់ការយល់ព្រមដំបូងចំពោះផែនការនេះ ដើម្បីពន្យារកិច្ចឈប់បាញ់គ្នានេះ ៧២ ម៉ោងបន្ថែមទៀត និងដើម្បីបញ្ជូនបេសកជនយោធាមួយរូបទៅកាន់រដ្ឋធានីជូបា របស់ប្រទេសស៊ូដង់ខាងត្បូងដើម្បីចរចា។
យោធាស៊ូដង់បានបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសស៊ូដង់ខាងត្បូង កេនយ៉ា និងជីប៊ូទី បានធ្វើការលើសំណើមួយ ដែលរួមមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានិងការចរចារវាងភាគីទាំងពីរផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងប្រធានគណៈកម្មការសហភាពអាហ្វ្រិកលោក Moussa Faki Mahamat បានពិភាក្សាអំពីការធ្វើការជាមួយគ្នាដើម្បីឱ្យមានការបញ្ចប់ជារៀងរហូតនូវការប្រយុទ្ធគ្នានេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធ៕