ប្រទេសចិនបានដើរតួនាទីដ៏សំខាន់មួយក្នុងការអភិវឌ្ឍទីតាំងប្រេងជាច្រើនកន្លែងរបស់ប្រទេសស៊ូដង់ នៅមុនពេលប្រទេសនេះបានបែងចែកជាពីរទៅជាប្រទេសស៊ូដង់ខាងជើង និងស៊ូដង់ខាងត្បូងក្នុងឆ្នាំ ២០១០ ដោយបានបោះទុនវិនិយោគជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងរបស់ប្រភពមួយចំនួន។
ក្រុមកម្មករចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួនជាច្រើន មុនពេលប្រគល់វាទៅឲ្យប្រទេសស៊ូដង់ខាងត្បូង ដែលទើបបានទទួលឯករាជ្យថ្មីៗនៅពេលនោះ។
បំពង់បង្ហូរប្រេងមួយនៅបន្តបង្ហូរប្រេងនៅភាគខាងជើងស៊ូដង់ ដែលជាកន្លែងចុងក្រោយដែលប្រេងត្រូវនាំចេញពីកំពង់ផែ Port Sudan។
ចិនបានចាប់អារម្មណ៍ទៅលើប្រទេសស៊ូដង់តាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ នៅពេលរដ្ឋាភិបាលក្រុងខាទុំបានស្ថិតក្នុងចំណោមបណ្តារដ្ឋអារ៉ាប់ដំបូងគេ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន។
ជំនួយផ្នែកពេទ្យនិងគម្រោងសំណង់ផ្សេងៗដូចជាសាលប្រជុំប្រជាជនដ៏ធំក្នុងរដ្ឋធានីខាទុំជាដើម គឺជាសមិទ្ធផលនៃប្រតិបត្តិការដំបូងៗរវាងប្រទេសទាំងពីរ។
អ្នកវិភាគបញ្ហាមជ្ឈិមបូព៌ាដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Theodore Karasik បានប្រាប់វីអូអេថា ផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំងលើប្រទេសស៊ូដង់ មានការរីកកាន់តែខ្លាំងឡើង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រង់របស់អតីតមេដឹនាំប្រទេសនេះ គឺលោក Omar al-Bashir ។
លោកថ្លែងដូចនេះថា៖ «ផលប្រយោជន៍របស់ចិននៅក្នុងប្រទេសស៊ូដង់ មានសារៈសំខាន់និងយូរមកហើយលើវិស័យថាមពលនិងកិច្ចសន្យាលើគម្រោងផ្សេងៗក្នុងពេលកន្លងទៅ ជាពិសេសនៅក្នុងវិស័យរុករករ៉ែនិងកសិកម្ម។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏មានភាពជិតស្និទ្ធខ្លាំងផងដែរជាមួយនឹងរបបដឹកនាំរបស់លោកBashir ដែលបានធ្វើកិច្ចសន្យាមួយចំនួនជាមួយក្រុមហ៊ុនផលិតគ្រឿងបរិក្ខាការពារជាតិរបស់ចិន។ ផលប្រយោជន៍ជាច្រើនរបស់ចិន ក៏ហាក់ដូចជាត្រួតគ្នាជាមួយនឹងផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងក្រុមហ៊ុនឧស្សាហកម្មយោធារបស់ស៊ូដង់ផងដែរ»។
អ្នកវិភាគរូបនេះលើកឡើងទៀតថា ប្រទេសចិនបានប្រកាន់យកជំហរអព្យាក្រឹតមួយ នៅក្នុងជម្លោះនាពេលបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់ ដោយលោកធ្វើការកត់សម្គាល់ថា ចិនបានបោះទុនវិនិយោគយ៉ាងច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ប្រព័ន្ធផ្លូវរថភ្លើងជាតិមួយ នៅក្នុងបណ្តាប្រទេសអាហ្វ្រិកភាគខាងកើតមួយចំនួន។
លោកក៏បានបញ្ជាក់ដែរថា ប្រទេសចិនក៏បាន«ពាក់ព័ន្ធក្នុងបេសកកម្មថែរក្សាសន្តិភាពក្នុងតំបន់នៃរដ្ឋអាហ្វ្រិកមួយចំនួន ហើយក៏មានផែនការធ្វើប្រតិបត្តិការដឹកជញ្ជូនចេញពីកំពង់ផែស៊ូដង់ នៅក្រោយពេលសង្គ្រាមស៊ូដង់បញ្ចប់។
ទំនាក់ទំនងរវាងចិននិងរុស្ស៊ីនៅក្នុងប្រទេសស៊ូដង់ ក៏អាចមានបញ្ហាផងដែរ ដោយសារតែប្រទេសទាំងពីរនេះហាក់ដូចជាមានផលប្រយោជន៍និងយុទ្ធសាស្ត្រខុសគ្នា នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
លោក Karasik និយាយថា៖ «សំណួរពិតប្រាកដនៅត្រង់ថា តើរុស្ស៊ីនឹងសហការបែបណាជាមួយចិននៅក្នុងប្រទេសស៊ូដង់ ពីព្រោះប្រទេសទាំងពីរនេះហាក់មានសកម្មភាពខុសគ្នានៅក្នុងទ្វីបអាហ្វ្រិក ឬពេលខ្លះក៏ស្របគ្នាដែរ លើយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលទាញចំណេញពីធនធានធម្មជាតិនោះ»។
លោកបានបន្ថែមក្នុងសម្តីដើមដូចនេះទៀតថា៖ «ស៊ូដង់ដែលស្ថិតក្នុងយុទ្ធសាស្ត្រតំបន់ដ៏ធំមួយរបស់ចិននោះ គឺជាផ្នែកមួយនៃការប្រើប្រាស់ដែនសមុទ្រដែលបានក្លាយជាបញ្ហាដ៏សំខាន់ក្នុងការដឹកជញ្ជូនជាសាកល។ វាមិនមែនជារឿងដោយចៃដន្យនោះទេ ដែលការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសចិននិងស៊ូដង់កើតឡើង ក្នុងពេលដែលស៊ូដង់កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ វាច្បាស់ណាស់ថា ចិនកំពុងប្រើប្រាស់ដៃគូដទៃផ្សេងៗទៀត ជុំវិញបញ្ហាដែលកំពុងកើតមាននៅស៊ូដង់»។
អ្នកវិភាគនយោបាយសង្គមជនជាតិអេហ្ស៊ីប លោក Said Sadek បានថ្លែងប្រាប់វីអូអេថា ផលប្រយោជន៍របស់ចិននៅក្នុងប្រទេសស៊ូដង់ គឺពាក់ព័ន្ធគ្នាទៅនឹងភូមិសាស្ត្រតំបន់ ក៏ដូចជាសារៈសំខាន់ខាងយុទ្ធសាស្ត្រដែលកំពុងកើនឡើងផងដែរនៃតំបន់សមុទ្រក្រហម ទៅលើពាណិជ្ជកម្មពិភពលោក។
លោកថ្លែងក្នុងសម្តីដើមថា៖ «ជាការពិតណាស់ ហេតុផលដទៃទៀតនោះ គឺកម្មវិធីក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ពីព្រោះចិនចង់ស្ថិតនៅក្នុងសមុទ្រក្រហម និងជាមូលដ្ឋានក្រៅប្រទេសតែមួយគត់នៅក្នុងប្រទេសជីប៊ូទី ហើយនេះជាផ្នែកមួយនៃការពង្រីកឥទ្ធិពលរបស់គេនៅទ្វីបអាហ្វ្រិក ដែលក្នុងនោះក៏រួមមានប្រទេសអេហ្ស៊ីប ស៊ូដង់ អេត្យូពី និងប្រទេសអេរីទ្រាជាដើមផងដែរ ខណៈពេលដែលប្រទេសចិនមើលឃើញថា សមុទ្រក្រហម នឹងក្លាយទៅជាទីកន្លែងដ៏សំខាន់ខ្លាំងដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជាប្រេង ឧស្ម័ន និងវិស័យទេសចរណ៍»។
លោក Sadek បញ្ជាក់ទៀតថា៖ «ប្រទេសអារ៉ាប៊ី សាអូឌីត កំពុងសាងសង់គម្រោង NEOM ដែលមានទឹកប្រាក់ប្រមាណ ១លានលានដុល្លារ ដែលជាគម្រោងផែនការទីក្រុងឆ្លាតមួយ ក្នុងខេត្ត Tabuk ភាគពាយ័ព្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលស្ថិតនៅទល់មុខនឹងសមុទ្រក្រហមនោះ។ ជាមួយនឹងប្រជុំកោះ ដែលមើលទៅហាក់ដូចជាទីក្រុងកាស៊ីណូ Las Vegas របស់អាមេរិក ឬក្រុងកាស៊ីណូMonte Carlo របស់ប្រទេសម៉ូណាកូនោះ បានធ្វើឱ្យចិនចង់មានវត្តមានកាន់តែខ្លាំងនៅក្នុងតំបន់នេះ»។
លោក Sadek បន្ថែមទៀតថា ប្រទេសភាគច្រើនបំផុតក្នុងចំណោមប្រទេសទាំង ៥៤ នៅក្នុងទ្វីបអាហ្វ្រិក ជាប្រទេសក្រីក្រ ហើយចិនបានកំពុងធ្វើសកម្មភាពជាខ្លាំងដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចដល់ប្រទេសទាំងនោះ។
លោកបានបន្ថែមទៀតថា៖ «ចិនបានហក់ចូលទៅក្នុងប្រទេសនេះដោយផ្តល់ជាកម្ចីទន់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះប្រទេសអាហ្វ្រិកទាំងនោះ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ហើយរដ្ឋាភិបាលក្រុងប៉េកាំងមិនសួរនាំរឿងបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យ ដូចសហរដ្ឋអាមេរិកនោះឡើយ»។
លោក Paul Sullivan អ្នកវិភាគបញ្ហាមជ្ឈិមបូព៌ានៃក្រុមប្រឹក្សា Atlantic បានប្រាប់វីអូអេថា ចិនបានផ្តោតយុទ្ធសាស្ត្ររបស់ខ្លួនទៅលើវិស័យជាច្រើន នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបណ្តុះទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតជាមួយប្រទេសស៊ូដង់។
លោកថ្លែងថា៖ «ស៊ូដង់ជាផ្នែកដ៏ធំមួយនៃយុទ្ធសាស្ត្រទូទៅរបស់ចិននៅក្នុងតំបន់ ដើម្បីទាក់ទាញក្រុមប្រទេសអាហ្វ្រិកខាងកើតនិងខាងជើង ឱ្យខិតចូលមកខាងខ្លួនឱ្យកាន់តែជិតថែមទៀត។ ចិនមានការងារជាច្រើនដែលត្រូវធ្វើនៅក្នុងប្រទេសនេះ ដោយរាប់តាំងពីមុខជំនួញ ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងសូម្បីទាំងការអប់រំជាដើម ដែលក្នុងនោះក៏បានបង្រៀនភាសាចិនកុកងឺដល់ជនជាតិស៊ូដង់ផងដែរ។ ប្រទេសស៊ូដង់បានដើរតួនាទីដ៏សំខាន់មួយ នៅក្នុងតំបន់អាងទន្លេនីល ប៉ុន្តែពេលនេះបានចុះខ្សោយនិងមិនប្រាកដប្រជានោះឡើយ ប៉ុន្តែមានសក្តានុពលខ្លាំង បើមានមេដឹកនាំត្រឹមត្រូវ។ អស្ថិរភាពនិងភាពមិនច្បាស់លាស់ បានផ្តល់ឱកាសបើកចំហដល់បណ្តាប្រទេសមួយចំនួនដើម្បីកេងប្រវ័ញ្ចទៅលើប្រទេសនេះ ក៏ដូចជាបង្កឱ្យមានក្រុមភេរវជន និងឧក្រិដ្ឋកម្មដែលមានការរៀបចំជាដើម»។
លោក Sullivan បន្ថែមទៀតថា ចិន«មានចំណាប់អារម្មណ៍ខ្លាំងលើការរុករករ៉ែមាសក្នុងប្រទេសស៊ូដង់» ហើយ «ក៏ដូចរុស្ស៊ីដែរ ចិនក៏ចាប់អារម្មណ៍ខ្លាំងទៅលើកំពង់ផែនានារបស់ស៊ូដង់ផងដែរ»។
លោកបានកត់សម្គាល់ថា៖ «ប្រព័ន្ធបំពង់បង្ហូរប្រេងមួយពីស៊ូដង់ខាងត្បូងតាមរយៈប្រទេសអ៊ូហ្គាន់ដា ទៅកាន់ឆ្នេរប្រទេសកេនយ៉ា នឹងទំនងធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត ក្រោយពីជម្លោះបច្ចុប្បន្ននេះថមថយទៅ»។
លោក Sullivan អះអាងដោយទាញលើកហេតុផលថា ផលប្រយោជន៍ចិននិងអាមេរិកនៅក្នុងប្រទេសស៊ូដង់និងក្នុងតំបន់ មិនដើរស្របគ្នានោះឡើយ ពីព្រោះសហរដ្ឋអាមេរិកមិនចង់ឃើញវត្តមានយោធាចិនឬរុស្ស៊ីនៅក្នុងប្រទេសស៊ូដង់ ឬនៅកំពង់ផែស៊ូដង់ឡើយ ដោយឈរលើហេតុផលនៃ«ទីតាំងយុទ្ធសាស្ត្រដ៏រសើប» នៃកំពង់ផែ Port Sudan នោះ។ លោក Sullivan ក៏បានគូសបញ្ជាក់ផងដែរថា ចិនកំពុងព្យាយាមបិទខ្ទប់[ការពាក់ព័ន្ធ] របស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងៗ [នៅក្នុងប្រទេសស៊ូដង់]៕
ប្រែសម្រួលដោយលោកជ្រា វណ្ណារិទ្ធ