រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ធ្វើដំណើនៅថ្ងៃចន្ទនេះទៅ កាន់ប្រទេសកេនយ៉ាដើម្បីចរចាជាមួយពួកមន្ត្រីការពារជាតិកេនយ៉ាអំពីសន្តិសុខនិងការប្រឆាំងភេរវកម្ម។
មុនពេលចាកចេញទៅរដ្ឋធានីណៃរ៉ូប៊ី លោក Austin បានថ្លែងអំណរគុណកងទ័ពសហរដ្ឋអាមេរិកនៅឯបន្ទាយ Camp Lemonnier ក្នុងប្រទេស Djibouti ដោយបានសង្កត់ពីអ្វីដែលលោកបានហៅថា«តួនាទីដ៏អស្ចារ្យខ្លាំងណាស់» របស់កងទ័ពនៅក្នុងការជម្លៀសពួកអ្នកការទូតសហរដ្ឋអាមេរិកចេញពីប្រទេសស៊ូដង់កាលពីខែមេសា។
លោក Austin កាលពីថ្ងៃអាទិត្យបានសរសើរកងទ័ពសូម៉ាលីចំពោះការធ្វើឱ្យ«រីកចម្រើនគួរឱ្យចាប់អារម្មណ៍»នៅក្នុងការប្រយុទ្ធប្រឆាំងក្រុម al-Shabab ក៏ប៉ុន្តែបានព្រមានថាក្រុមភេរវកម្មនេះនៅតែអាច«នាំចេញភេរវកម្មចេញពីកន្លែងដែលគ្មានការគ្រប់គ្រងបាន»។
លោក Austin បានជួបជាមួយប្រធានាធិបតីសូម៉ាលីលោក Sheikh Mohamud នៅក្នុងប្រទេស Djibouti ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកទី១របស់លោកទៅកាន់ទ្វីបអាហ្វ្រិកជារដ្ឋមន្ត្រីការពារជាតិ។ កាលពីថ្ងៃអាទិត្យ លោក Austin បានជួបជាមួយប្រធានាធិបតីនិងរដ្ឋមន្ត្រីការពារជាតិ Djibouti ដោយបានថ្លែងអំណរគុណអស់លោកចំពោះការអនុញ្ញាតឱ្យមានទីតាំងលើកដំបូងរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្វ្រិកនិងចំពោះការគាំទ្រប្រទេសសូម៉ាលីនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមជ្រុលនិយម។
កងទ័ពសូម៉ាលីនិងពួកជនសកម្មប្រយុទ្ធកុលសម្ព័ន្ធដែលជាសម្ព័ន្ធមិត្តបានបន្តបណ្តេញពួកអ្នកប្រយុទ្ធ al-Shabab ចេញពីតំបន់ភាគកណ្តាលសូម៉ាលីដែលជាផ្នែកមួយនៃការវាយប្រហារយោធារបស់សូម៉ាលីចាប់តាំងពីប្រធានាធិបតីបានប្រកាសពី«ការធ្វើសង្គ្រាមទាំងស្រុង»ប្រឆាំងនឹងពួកកងជីវពលនៅខែសីហា ឆ្នាំ២០២២មក។
ជំនួបរវាងលោក Austin និងលោក Mohamud បានកើតមានឡើង២ថ្ងៃបន្ទាប់ពីមានការវាយប្រហារតូចមួយកន្លែងទៅលើកន្លែងស្នាក់នៅកងទ័ពនៅក្នុងទីក្រុង Kulbiyow ប្រទេសសូម៉ាលីបានធ្វើឱ្យអ្នកធ្វើការជាប់កិច្ចសន្យាសហរដ្ឋអាមេរិកម្នាក់និងសមាជិកកងទ័ពដែលជាដៃគូម្នាក់បានរងរបួស។ នេះបើតាមមន្ត្រីការពារជាន់ខ្ពស់ម្នាក់ដែលបានប្រាប់ VOA។
លោក Harun Maruf និងលោក Mohamed Olad Hassan នៃវីអូអេបានផ្តល់សេចក្តីរាយការណ៍នេះ។