ពួកមន្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា មានមនុស្សយ៉ាងតិចណាស់៣២នាក់បានស្លាប់ហើយប្រមាណ៦០នាក់ទៀតបានត្រូវរបួសកាលពីថ្ងៃសុក្រនៅពេលពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងទៅលើការប្រមូលផ្តុំគ្នាមួយនៅក្នុងក្រុងកាប៊ុលដែលមានការចូលរួមពីពួកអ្នកនយោបាយប្រឆាំងសំខាន់ៗ។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា ការបាញ់កាំភ្លើងនេះបានចាប់ផ្តើមមាននៅពេលលោក Karim Khalili អតីតអនុប្រធានាធិបតីបានថ្លែងសុន្ទរកថាទៅកាន់ពិធីមួយក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានត្រូវរៀបចំឡើងដើម្បីរំលឹកដល់មរណភាពនៃអ្នកនយោបាយល្បីឈ្មោះម្នាក់នៃពួកជនភាគតិច Shi'ite Hazara។
គេបានផ្សាយពិធីនេះដោយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍អាហ្វហ្គានីស្ថាន ហើយគេបានឃើញលោក Khalili និងជនឯទៀតៗបានរត់រកកន្លែងជ្រកនៅពេលមានការបាញ់កាំភ្លើងពីអាគារមួយខ្នងកំពុងត្រូវកសាងនៅជិតទីនោះ។
មានស្ត្រីនិងកុមារឋិតនៅក្នុងចំណោមពួកជនដែលបានត្រូវសម្លាប់និងរងរបួស។ពួកមន្ត្រីសុខាភិបាលបានថ្លែងថា ពួកគេរំពឹងថា ចំនួនមនុស្សបាត់បង់ជីវិតនឹងកើនឡើងច្រើនជាងមុន។
លោក Nasrat Rahimi អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបាននិយាយថា នៅពេលបន្ទាប់មកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបាញ់តគ្នាជាមួយពួកអ្នកវាយប្រហារបីនាក់ហើយបានសម្លាប់ពួកវានៅក្នុងការប្រយុទ្ធគ្នាច្រើនម៉ោងដើម្បីបញ្ឈប់ការឡោមព័ទ្ធនេះ។
ពួករដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារដ៏ប្រល័យនេះដោយនិយាយថា បុរសពីរនាក់មានអាវុធច្រើនបានធ្វើការសម្លាប់រង្គាលនេះ។ ពួកតាលីបង់បានបដិសេធថា ពួកគេគ្មានទាក់ទិននឹងការវាយប្រហារនេះទេ៕