យោធាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើពួកអ្នកប្រយុទ្ធតាលីបង់នៅថ្ងៃពុធនេះនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថានប៉ុន្មានម៉ោងក្រោយលោកប្រធានាធិបតីសរអា Donald Trump បាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំតាលីបង់ម្នាក់អំពីកិច្ចព្រមព្រៀងសន្តិភាព ដែលសហរដ្ឋអាមេរិកនិងក្រុមតាលីបង់ បានចុះហត្ថលេខា ដើម្បីបញ្ចប់សង្គ្រាម១៩ឆ្នាំនៅអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានម្នាក់បានថ្លែងថា ការទម្លាក់គ្រាប់បែកនោះ សំដៅទៅលើពួកអ្នកប្រយុទ្ធណា ដែលនៅតែធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅកន្លែងឆែកឆេរមួយកន្លែងនៅក្នុងខេត្ត Helmand។
អ្នកនាំពាក្យសរអារូបនេះបានថ្លែងថា សហរដ្ឋអាមេរិកតាំងចិត្តចំពោះសន្តិភាព ក៏ប៉ុន្តែមានតួនាទីដើម្បីការពារដៃគូអាហ្វហ្គានីស្ថានរបស់ខ្លួនដែរ។
ក្រុមតាលីបង់បានចេញសេចក្តីប្រកាសមួយអះអាងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទចំនួន៣៥នាទី កាលពីថ្ងៃអង្គារនោះ អនុប្រធានក្រុមតាលីបង់ លោក Mullah Abdul Ghani Baradar បានធានាលោក Trump ថា ក្រុម តាលីបង់ចង់បានទំនាក់ទំនងទ្វេរភាគីវិជ្ជមានជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោយពីកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះជាតិសាសន៍ ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្រោមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃសៅរ៍មុន។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនបានចូលរួមក្នុងកិច្ចពិភាក្សារវាងក្រុមអ្នកចចារសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ដែលនាំឲ្យមានការចុះហត្ថលេខាកាលពីថ្ងៃសៅរ៍នោះទេ៕