ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​សហរដ្ឋ​អាមេរិក​ថា ទាហាន​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន


កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​ជើង​នៅ​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​តាលីបង់ នៅ​ក្នុង​ខេត្ត Kunduz កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។
កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​ជើង​នៅ​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​តាលីបង់ នៅ​ក្នុង​ខេត្ត Kunduz កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ទាហាន​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​បំពេញ​ការងារ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

នៅ​ក្នុង​ការ​ប្រកាស​នេះ យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ថា​តើ​ទាហាន​រូប​នេះ​ត្រូវ​បាន​សម្លាប់​យ៉ាង​ដូចម្ដេច និង​នៅ​ទី​ណា​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្ញើ​ទៅ​កាន់​អ្នក​កាសែត ពួក​តាលីបង់​បាន​អះអាង​ថា ការ​ស្លាប់​របស់​ទាហាន​អាមេរិកាំង​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត Kunduz ដែល​ជា​ខេត្ត​មាន​ភាព​ចលាចល​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​តាលីបង់​បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​សំដៅ​លើ​ទាហាន​អាហ្វហ្គានីស្ថាន និង​ទាហាន​អាមេរិកាំង ដោយ​ប្រើ​គ្រាប់​បែក​ដាក់​តាម​ផ្លូវ នៅ​ពេល​ដែល​ទាហាន​ទាំង​នោះ​ព្យាយាម​ធ្វើ​ការ​ឆ្មក់​រួម​គ្នា​ចូល​មូលដ្ឋាន​របស់​ពួក​គេ​នៅ​ក្នុង​ស្រុក Char Dara។

ពួក​តាលីបង់​គ្រប់គ្រង​ភាគ​ច្រើន​លើ​ស្រុក Char Dara នេះ ចំណែក​ឯ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​វិញ​គ្រប់គ្រង​ទីស្នាក់ការ​សំខាន់ៗ​នៅ​ក្នុង​ស្រុក​នេះ។

ពួក​តាលីបង់​អះអាង​ថា ទាហាន​អាមេរិកាំង​ម្នាក់​ទៀត និង​ទាហាន​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​ផ្ទុះ​នេះ។

ការ​សម្លាប់​របស់​ទាហាន​អាមេរិកាំង​លើក​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ឆ្នាំ​នេះ​កើន​ដល់​យ៉ាង​តិច ១៩ នាក់។

សង្គ្រាម​រយៈពេល ១៨ ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក ត្រូវ​គេ​និយាយ​ថា​បាន​ចំណាយ​អស់​ថវិកា​សហរដ្ឋ​អាមេរិក​ជិត ១ លាន​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ទាហាន​អាមេរិកាំង​ប្រហែល ២ ពាន់ ៣ រយ​នាក់​ស្លាប់​បាត់បង់​ជីវិត៕

XS
SM
MD
LG