កាលពីថ្ងៃសុក្រ បេក្ខជនប្រធានាធិបតីសំខាន់ម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសុំឱ្យលោកប្រធានាធិបតីស.រ.អា.ដូណាល់ ត្រាំ សាកល្បងកម្លាំងយោធា ស.រ.អា.ប្រឆាំងនឹងប្រទេសរុស្ស៊ីជាជាងគំរាមកំហែងប្រជារាស្ត្រអាហ្វហ្គានីស្ថាន ដែលបានត្រូវសង្កត់សង្កិន។
ពួកអ្នកនយោបាយនិងសាធារណជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលខ្ទិចខ្ទាំដោយសារសង្គ្រាមសម្តែងកំហឹងរបស់ពួកគេចំពោះលោក ត្រាំ ដែលបាននិយាយអះអាងថា ផែនការយោធារបស់លោក ប្រសិនបើត្រូវអនុវត្ត អាចយកជ័យជម្នះបានក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ក្នុងរយៈពេលតែ១០ថ្ងៃដោយបណ្តាលឱ្យមនុស្ស១០លាននាក់ស្លាប់និងលុបប្រទេសអាហ្វហ្គានីស្ថានចេញពីផែនដី។
នៅពេលលោកថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រលោករាប់ពាន់នាក់នៅក្នុងក្រុងកាប៊ុល លោក Gulbuddin Hekmatyar បេក្ខជនប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន និងជាអតីតស្តេចត្រាញ់សង្គ្រាមប្រឆាំងនឹងអាមេរិកាំង បានបរិហាររិះគន់ការនិយាយអះអាងរបស់លោក ត្រាំ។ ហ្វូងមនុស្សជិត១ម៉ឺននាក់បានស្រែកបន្ទរថា «ប្រទេសអាមេរិកស្លាប់ទៅ ត្រាំ ស្លាប់ទៅ»។
លោក Hekmatyar បាននិយាយថា៖ «ខ្ញុំសួរលោក ត្រាំ ថាប្រសិនបើលោកមានសេចក្តីក្លាហាននិងកម្លាំងហើយបើលោកមានជំនឿលើកម្លាំងយោធារបស់លោក លោកគួរសាកល្បងវាប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយមិនត្រូវប្រើវាប្រឆាំងនឹងប្រជារាស្ត្រអាហ្វហ្គានីស្ថាន ដែលត្រូវសង្កត់សង្កិននោះទេ»។
លោក Hekmatyar បាននិយាយតទៅទៀតដោយចំអកឱ្យលោក ត្រាំ ថា៖ «គឺលោក Putin នេះឯងហើយដែលគេនិយាយថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៃប្រទេសអាមេរិក ដែលអាចឱ្យលោកក្លាយទៅជាប្រធានាធិបតីនៅក្នុងសេតវិមាន»៕