ការផ្ទុះគ្រាប់បែកមួយនៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធបានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិចណាស់ ៩នាក់ត្រូវរបួស ហើយការណ៍នេះជាឧប្បត្តិហេតុទីមួយនៃអំពើហិង្សានៅក្នុងរយៈពេលកាត់បន្ថយការប្រយុទ្ធគ្នាដែលមានការយល់ព្រមពីកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកនិងក្រុមបះបោរតាលីបង់។
អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Nasrat Rahimi បាននិយាយថាគ្រឿងផ្ទុះនេះបានត្រូវដាក់ក្នុងម៉ូតូមួយគ្រឿង។ លោកបានថ្លែងថា ស្ត្រីម្នាក់ឋិតក្នុងចំណោមពួកជនរងគ្រោះ។ លោក Rahimi បាននិយាយបន្ថែមថាកំពុងមានការស៊ើបអង្កេតដើម្បីឱ្យដឹងថានរណានៅពីក្រោយការវាយប្រហារនេះ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ទេ។
ក្រុមតាលីបង់បានបដិសេធជាបន្ទាន់ថា ខ្លួនគ្មានទាក់ទិននឹងការវាយប្រហារនេះទេ ដោយនិយាយថា ការបំផ្ទុះគ្រាប់បែកនេះ «ហាក់ដូចជាការងារព្យាបាទរបស់បណ្តាញស៊ើបការសម្ងាត់របស់រដ្ឋាភិបាលដើម្បីបង្កើតឱ្យមានការមិនទុកចិត្តគ្នា»។
កិច្ចព្រមព្រៀងកាត់បន្ថយការប្រយុទ្ធគ្នា៧ថ្ងៃដែលបានយល់ព្រមទៅវិញទៅមកបានចូលជាធរមានកាលពីថ្ងៃសៅរ៍ដោយកងកម្លាំងអាហ្វហ្គានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកនិងក្រុមបះបោរបានសន្យាថា មិនធ្វើកិច្ចប្រតិបត្តិការវាយលុកទេ។
កិច្ចព្រៀងឈប់បាញ់គ្នានេះនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៩ ខែកុម្ភៈជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់នៅក្នុងក្រុង Dohar ប្រទេសកាតានៅតំបន់ឈូងសមុទ្រពែក។
ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា កាលពីថ្ងៃពុធ ក្រុមបះបោរតាលីបង់បានធ្វើការវាយប្រហារនៅក្នុងខេត្តមួយចំនួនចាប់តាំងពីកិច្ចព្រមព្រៀងដោយផ្នែកនេះបានចូលជាធរមាន បណ្តាលឱ្យមនុស្សប្រមាណ ២៤នាក់ ដែលភាគច្រើនជាបុគ្គលិកខាងសន្តិសុខបាត់បង់ជីវិត។
គ្មានប្រតិកម្មជាបន្ទាន់ពីពួកតាលីបង់អំពីការចោទប្រកាន់នេះរបស់រដ្ឋាភិបាលក្រុង Kabul ទេ ទោះណាជាពួកបះបោរនេះបាននិយាយទទូចថា ពួកគេបានយល់ព្រមជាមួយសហរដ្ឋអាមេរិក ដើម្បីសង្កេតការអំពីការកាត់បន្ថយអំពើហិង្សាហើយមិនមែនអំពី «កិច្ចឈប់បាញ់គ្នា» ទេ៕