សមាជិកនៃថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍យ៉ាងតិចពីរនាក់ បានបដិសេធនៅចំពោះមុខចៅក្រមថា ពួកគេមិនទទួលស្គាល់ការចោទប្រកាន់ពីបទ «ញុះញង់» ដែលកើតឡើងដោយសារការតវ៉ារបស់ពួកគេនិងកម្មករ ក្នុងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នេះទេ។
ក្នុងសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ អ្នកស្រី សឿង ចរិយា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះ បានចោទសួរម្តងម្នាក់ ដោយប្រើពេលវេលាមុននិងក្រោយ ទៅកាន់អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន អាយុ៤០ ឆ្នាំ និងសួរទៅទីប្រឹក្សាសហជីពអ្នកស្រី ឃ្លាំង សុបិន្ត អាយុ ៤១ ឆ្នាំថា «តើជនជាប់ចោទទទួលស្គាល់ការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងឆ្នាំ ២០២១ និងបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌទេ?»
ទាំងកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានបដិសេធថា ពួកគេមិនទទួលស្គាល់បទចោទប្រកាន់នេះទេ ព្រោះមិនបានធ្វើសកម្មភាពញុះញង់ និងអូសទាញអ្វីនោះទេ។
កញ្ញា ឈឹម សុខន បញ្ជាក់បន្ថែម ក្រោយពេលបញ្ចប់សវនាការថា៖ «ពីដំបូងចៅក្រម សួរយើងដែរ ថាយើងទទួលស្គាល់បទចោទញុះញង់ទេ? បងផ្ទាល់បងអត់ទទួលស្គាល់ទេ ព្រោះបងអត់បានញុះញង់ អ្នកណាម្នាក់ឱ្យមកចូលរួមធ្វើកូដកម្មហ្នឹងទេ»។
កញ្ញាបន្ថែមថា៖ «កូដកម្មនេះ មានការបោះឆ្នោត មានការស្ទង់មតិ ហើយមានការជូនដំណឹង ហើយមានការសម្រេចចិត្តស្ថិតលើកូដករជាអ្នកដែលចូលរួមធ្វើកូដកម្មហ្នឹងថា គាត់សម្រេចចិត្តម៉េច។ អ៊ីចឹងអត់មានអ្នកណាបានញុះញង់អ្នកណាទេ»។
នេះជាសវនាការលើកទី៣ ពាក់ព័ន្ធបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយតុលាការបានចោទប្រកាន់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ តាំងពីដើមឆ្នាំ២០២២ មក។ ចៅក្រមបានកោះហៅ និងសាកសួរសមាជិក២នាក់នៃថ្នាក់ដឹកនាំសហជីព ក្នុងចំណោម ៩ នាក់ដែលត្រូវបានតុលាការចោទប្រកាន់។
ក្នុងសវនាការនាព្រឹកថ្ងៃអង្គារនេះ គេក៏ឃើញមានវត្តមាន កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏មកចូលរួមសវនាការផងដែរ។ ប៉ុន្តែចៅក្រមបានសម្រេចឱ្យ ស៊ីថរ គ្រាន់តែអង្គុយលើកៅអីវែង នៅខាងមុខក្រចកជើងសេះ ដើម្បីស្តាប់ចៅក្រម តំណាងអយ្យការ និងមេធាវីការពារក្តី ចោទសួរសមាជិកថ្នាក់ដឹកនាំសហជីពពីរនាក់ទៀតប៉ុណ្ណោះ។
មិនខុសគ្នានោះ ក្នុងសវនាការលើកទី ២ កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅ កញ្ញា ឈឹម ស៊ីថរ ក៏បានការពារខ្លួនថា កញ្ញាមិនបាន«ញុះញង់» ដូចការចោទប្រកាន់នោះទេ។ ក្នុងពេលនោះកញ្ញា ឈឹម ស៊ីថរ បានប្រាប់ចៅក្រមថា កូដកម្មរឿងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនមានផែនការបិទច្រកចេញចូលក្រុមហ៊ុនណាហ្គាវើលដ៍ទេ ព្រោះការធ្វើកូដកម្មមានមនុស្សច្រើន តែងតែមានការកកស្ទះ និងរាំងស្ទះច្រកចេញចូលនោះ។
ការធ្វើកូដកម្មគឺយោងទៅតាមច្បាប់ការងារ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងាររបស់និយោជិត។ ម្យ៉ាងទៀត កូដកម្មនេះជាការសម្រេច និងការបោះឆ្នោតដោយសមាជិកសហជីពទាំងអស់ ដោយមិនមែនជាការសម្រេចជាឯកច្ឆន្ទរបស់បុគ្គលណាម្នាក់នោះទេ ហើយសមាជិកមា្នក់ៗ ក៏បានស្ម័គ្រចិត្តរៀងៗខ្លួន ដោយមិនមានការបង្ខិតបង្ខំឱ្យមកធ្វើកូដកម្មនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់កញ្ញា ស៊ីថរ ក្នុងសវនាការលើកទី ២ នោះ។
ងាកមកសវនាការលើកទី ៣ នេះ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចោទសួរសំណួរជាច្រើនទៅកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត ដូចជា៖ តើមនុស្សប៉ុន្មាននាក់ដែលក្រុមហ៊ុនបញ្ឈប់ពីការងារ?
នៅពេលក្រុមហ៊ុនបញ្ឈប់ តើក្រុមហ៊ុនមានបានផ្តល់ប្រាក់សំណងឱ្យឬទេ ? មូលហេតុអ្វីបានជាមិនព្រមទទួលយកសំណង? តើអ្នកដែលចេញតវ៉ា រាល់ថ្ងៃនេះ នៅតែចាត់ខ្លួនជាបុគ្គលិក ឬមិនមែនជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏? តើមានការអូសទាញ ឬញុះញង់ សមាជិកផ្សេងឱ្យមកចូលរួមបាតុកម្មនេះទេ? តើសហជីព ធ្លាប់ទទួលបានលុយឧបត្ថមអ្វីដែរទេ? តើសកម្មភាពបាតុកម្មជាងមួយឆ្នាំនេះ ហេតុអ្វីបាននៅតែអាចបន្ត បើអ្នកតវ៉ាមិនមានការងារធ្វើបែបនេះ? រួមទាំងសំណួរមួយចំនួនផ្សេងទៀត។
ក្នុងសវនាការ អ្នកស្រី ឃ្លាំង សុបិន្ត បានប្រតិកម្មទៅព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដែលហៅសកម្មភាពតវ៉ាជាបាតុកម្ម ដោយកញ្ញាអះអាងថា សកម្មភាពតវ៉ាវិវាទការងារមិនមែនជាបាតុកម្មនោះទេ។ អ្នកស្រីប្រាប់ព្រះរាជអាជ្ញារងថា នេះជាកូដកម្ម មិនមែនជាបាតុកម្មទេ ព្រោះសហជីពបានអនុវត្តយ៉ាងត្រឹមត្រូវតាមរយៈការបោះឆ្នោត ដែលជាការសម្រេចចិត្តរបស់សមាជិកសហជីព។ បន្ថែមលើនេះ ក៏មានការជូនដំណឹងទៅភាគីពាក់ព័ន្ធទាំងអស់ ទាំងសាលាក្រុង ទាំងក្រសួងការងារ និងអ្នកផ្សេងទៀត។
ចំពោះកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានឆ្លើយនឹងសំណួររបស់ព្រះរាជអាជ្ញារងម្តងម្នាក់ កញ្ញា ឈឹម សុខន ត្រូវបានចោទសួរមុន។ ស្ត្រីទាំងពីរបានបញ្ជាក់ក្នុងសវនាការដោយឆ្លើយនឹងសំណួររបស់ព្រះរាជអាជ្ញារងលោក សេង ហៀង ដោយបង្ហាញគោលជំហរភាគច្រើនដូចគ្នា។ ពួកគេបញ្ជាក់ថា ការសម្រេចធ្វើកូដកម្មនេះ គឺដោយសារកូដករមិនអាចទទួលយកបានតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទការងារ ដែលមិនបានដោះស្រាយចំណុចដែលកូដករចង់បាន។ ហេតុដូច្នេះ កម្មករនិងសហជីពដែលត្រូវបានបញ្ឈប់ពីការងារទាំងអស់បានសម្រេចចិត្តបោះឆ្នោត ធ្វើកូដកម្ម ដើម្បីស្វែងរកដំណោះបន្តទាក់ទងវិវាទការងារនេះ។
ពួកគេបន្តថា សកម្មភាពកូដកម្មមិនមានអ្នកណាបង្ខិតបង្ខំនោះទេ ហើយវាជាការស្ម័គ្រចិត្ត បូករួមនឹងការចំណាយរៀងៗខ្លួន បើទោះបីជាកូដករខ្លះធ្វើការងារ ជាអ្នកមើលកូនគេតាមផ្ទះ អ្នកខ្លះលក់ដូររបស់របរបន្តិចបន្តួច ហើយអ្នកខ្លះទៀត មានសមាជិកគ្រួសារជួយទំនុកបម្រុងជាដើម។
មេដឹកនាំសហជីពទាំងពីររូបបានឱ្យដឹងថា ពួកគេបានចាត់ទុកកូដករដែលកំពុងធ្វើកូដកម្មថា នៅតែជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បើទោះបីជាមិនបានប្រាក់ខែក្តី ពីព្រោះកូដករមិនទាន់បានចុះហត្ថលេខាបញ្ចប់កុងត្រាការងារនៅឡើយទេ ក្រោយក្រុមហ៊ុនណាហ្គាវើលដ៏បានបញ្ឈប់ពួកគេពីការងារដោយអយុត្តិធម៌។
ទាក់ទងបញ្ហាលុយជំនួយ ដែលធនាគារ ABA បង្កក កាលពីពេលថ្មីៗនេះ ទាំងកញ្ញា ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បញ្ជាក់ក្នុងសវនាការថា លុយទាំងអស់នោះគឺជាលុយមនុស្សធម៌ ដែលម្ចាស់ជំនួសផ្តល់ឱ្យសម្រាប់ដោះស្រាយជីវភាព អំឡុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩។
ពួកគេបានបកស្រាយទៀតថា កូដករបានស្នើសុំទៅក្រសួងការងារ ប៉ុន្តែក្រសួងមិនដែលបានផ្តល់ការឧបត្ថម្ភអ្វីដល់កូដករម្តងឡើយ ហើយក្រសួងបានផ្តល់ប្រាក់ឧបត្ថម្ភឱ្យតែទៅខាងផ្នែកសណ្ឋាគារនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺផ្តល់ឱ្យ ៤០ ដុល្លារអាមេរិក។ ពួកគេបន្តថា លុយជំនួយមនុស្សធម៌នេះ មិនមែនសម្រាប់ធ្វើសកម្មភាពកូដកម្មនោះទេ គឺយកមកទិញខោទឹកនោម ទឹកដោះគោ និងស្បៀង ដើម្បីជួយដល់សមាជិកក្នុងអំឡុងពេលរីករាលនិងបិទខ្ទប់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសជួយដល់សមាជិកដែលមានកូនតូចៗ។
អ្នកស្រី ឃ្លាំង សុបិន្ត ដែលជាទីប្រឹក្សាសហជីព ប្រាប់វីអូអេ ក្រោយបញ្ចប់សវនាការថា៖ «បើរឿងប្រភពលុយ គ្មានអ្នកណាក្រៅពីក្រុមគ្រួសារគាត់ទេ។ ហើយដូចនិយាយអ៊ីចឹង ចំនួននៅសល់ជាង ៣០០ នាក់ ប៉ុន្តែដែលទៅឃើញធ្វើសល់តែ អត់ដល់ ១០០ នាក់ ដោយសារពួកគាត់ឆ្លាស់វេនគ្នា។ ដូចស្រីៗ បងផ្ទាល់ បងទៅមើលកូនគេតាមផ្ទះ ហើយអ្នកខ្លះទៀតប្រុសៗរត់ [កង់បី] App តាមអ្វីដែលគាត់ធ្វើបានចន្លោះម៉ោងហ្នឹង។ ហើយគាត់ឆ្លាស់ ដូចថាថ្ងៃហ្នឹងបងទៅ ស្អែកបងជាប់ធ្វើការ គេផ្សេងទៅម្តង យើងឆ្លាស់គ្នា ធ្វើ អ៊ីចឹងយកប្រាក់ខែបន្តិចបន្ទួចដែលយើងធ្វើការ Part time ហ្នឹងដើម្បីទ្រទ្រង់ បន្តដំណើររហូតទាល់តែយើងមានដំណោះស្រាយ»។
អ្នកស្រីបានបញ្ជាក់ទាក់ទងលុយជំនួយរបស់អង្គការមួយចំនួននោះថា៖ «គេផ្ញើតាមរយៈធនាគារ បានន័យថា គេអត់មានលាក់លៀមទេ។ អ៊ីចឹងគេមានគណនីយភាព មានតម្លាភាព មានគោលការណ៍ក្នុងការចាយវាយ កញ្ចប់ថវិកាសម្បុរសធម៌របស់គេហ្នឹងហើយ អ៊ីចឹងបើយើងយកទៅប្រើលើអ៊ីចឹង គេអត់មានជំនួយទេ ប៉ុន្តែជាក់ស្តែងស្នើជំនួសនេះ តាំងពីមុនបិទខ្ទប់ផ្ទុះកូវីដ ដោយសារយើងត្រូវការជំនួយហ្នឹង ជួយដល់សមាជិកយើងដែលអត់មានការ Support [ឧបត្ថម៤០ដុល្លារ] ពីរដ្ឋាភិបាលហ្នឹង យើងជួយដល់ពួកគាត់ ហើយយើងជួយដល់ស្ត្រីមានផ្ទៃពោះ អ្នកកូនខ្ចីអត់មានលទ្ធភាពទិញខោទឹកនោម ឬម្ស៉ៅទឹកដោះគោ គឺយើងយកជំនួយមនុស្សធម៌គេហ្នឹង ប្រើប្រាស់ទៅលើបែបឯងអ៊ីចឹង»។
ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងផ្លូវច្បាប់លើកញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន ៨ នាក់ផ្សេងទៀតពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងបទព្រហ្មទណ្ឌ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ ការសម្រេចធ្វើចំណាត់ការផ្លូវច្បាប់នេះកើតឡើង បន្ទាប់ពីអាជ្ញាធររាជធានីបានចោទកូដកម្មនោះថា ជាកូដកម្មខុសច្បាប់ ហើយថា សកម្មភាពកូដកម្មនោះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសក្រុមអ្នកតវ៉ាមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ដែលបានចូលរួមសង្កេតក្នុងសវនាការ ប្រាប់វីអូអេថា ក្នុងរយៈពេលសវនាការទាំង ៣ លើក លោកមិនទាន់មានឃើញចំណុចណាដែលស៊ីសង្វាក់ទៅនឹងការចោទប្រកាន់លើអតីតថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះទេ។ ដូច្នេះលោកថា ដើម្បីដោះស្រាយបញ្ហាដែលអូសបន្លាយជាងមួយឆ្នាំនេះ គឺអ្នកពាក់ព័ន្ធគួរតែឈរលើគោលការណ៍ តម្លាភាព និងយុត្តិធម៌។
លោកថ្លែងថា៖ «បញ្ហានេះបើយើងចង់បញ្ចប់ លុះត្រាតែយើងឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដោះស្រាយបញ្ចប់ នៃវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងជាមួយអតីត ដែលកំពុងធ្វើកូដកម្មនេះឱ្យបានចប់ ដោយឈរលើគោលការណ៍ យុត្តិធម៌ តម្លាភាព ហើយនិងច្បាប់ការងារ និងអនុសញ្ញានៃអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា (ILO) ដែលមានចែងស្រាប់ដើម្បីបញ្ចប់»។
ដោយឡែក ក្រុមកូដករមួយចំនួន ដែលមកតាមដាននៅខាងមុខតុលាការក្រុងភ្នំពេញ នាថ្ងៃអង្គារនេះ ប្រាប់អ្នកសារព័ត៌មានវីអូអេថា ពួកគេមិនមានបុគ្គលណាម្នាក់អូសទាញឱ្យចូលរួមធ្វើកូដកម្មនោះទេ។ ពួកគេក៏រៀបរាប់ថា រាល់ថ្ងៃនេះពួកគេប្រឈមបញ្ហាសេដ្ឋកិច្ច ដោយអ្នកខ្លះត្រូវបានឪពុកម្តាយជួយផ្គត់ផ្គង់ និងអ្នកខ្លះទៀតបានរកស៊ីលក់ដូរដោយបានចំណូលបន្តិចបន្តួច ហើយបន្តចូលរួម ដើម្បីយុត្តិធម៌ និងទាមទារឱ្យមានការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះ៕