កូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនបានសម្តែងការសោកស្តាយនៅពេលប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃរបស់ពួកគេ ប៉ុន្តែបែរជាត្រូវបានប្រមុខរដ្ឋាភិបាលចោទសួរសំណួរទាក់ទិនការទទួលបានប្រាក់ជំនួយ ដែលពួកគេថា ដូចជាការចាប់កំហុសទៅវិញ។
កូដករទាំងនោះក៏ចង់ឱ្យមានការជជែកទល់មុខគ្នារវាងប្រមុខរដ្ឋាភិបាល និងកូដករផងដែរដើម្បីឱ្យយល់ច្បាស់ពីគ្នាទៅវិញទៅមកជាជាងស្តាប់តាមតែរបាយការណ៍ ឬការរាយការណ៍របស់មន្ត្រីថ្នាក់ក្រោម ដោយមិនបានស្តាប់នូវអ្វីដែលជាកង្វល់របស់កូដករនោះ។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃចន្ទនេះ លោកហ៊ុន សែនបានថ្លែងថា ក្នុងពេលរីករាលដាលជំងឺកូវីដ១៩នៅលើពិភពលោកនោះ កម្មកររាប់លាននាក់ត្រូវបានបញ្ឈប់ពីការងារ តែនៅកម្ពុជាមានកម្មករខ្លះមិនមានការងារធ្វើជាងមួយឆ្នាំ ប៉ុន្តែមានលទ្ធភាពទៅធ្វើបាតុកម្មជាងមួយឆ្នាំដែរ។ លោកបានចោទសួរថា លើកបង្ហាញការសង្ស័យថា ការតវ៉ានេះពិតជាធ្វើឡើងដោយមានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។
លោកហ៊ុន សែនថ្លែងថា៖ «មួយពេលបិទកូវីដនេះ នៅលើពិភពលោកនេះត្រូវបញ្ឈប់កម្មកររាប់លាននាក់ ដែលអត់មានការងារធ្វើ ដាក់ចេញជាសំណួរនៅស្រុកយើង កម្មករខ្លះអត់មានការងារធ្វើជាងមួយឆ្នាំហើយ តែមានលទ្ធភាពទៅធ្វើបាតុកម្មជាងមួយឆ្នាំដែរ។ តើជឿបានទេ? ថ្ងៃមុនខ្ញុំនិយាយជាមួយជនបរទេសមួយអំពីកន្លែងមួយធ្វើបាតុកម្មតាំងពីជាង៣០០នាក់ ឥឡូវសល់តែជាង១០០នាក់ទេ ព្រោះអ្នកដទៃទៀត គេទទួលយកប្រាក់សំណង ហើយគេរកការងារធ្វើ។ ក្រសួងការងារជួយរកការងារធ្វើ។ ប៉ុន្តែសល់ប៉ុន្មាននាក់ទៀត គេមិនព្រម។ គេមិនព្រម»។
លោកបន្ថែមថា៖ «ប៉ុន្តែយើងដាក់ចេញជាសំណួរ បានខ្ញុំចង្អុលបង្ហាញ បើសិនជាខ្ញុំទៅចាប់កន្លែងដែលផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្មនេះ ខ្ញុំក៏ចាប់បានដែរ។ អ្នកឯងកុំគិតស្មានថា ខ្ញុំមិនដឹងនោះ! ឥឡូវយើងគិត ខ្លួនគេ ខ្លួនយើង អត់មានការងារធ្វើជាងមួយឆ្នាំនៅមានលទ្ធភាពបាយស៊ី យ៉ាងស្រួល ហើយនៅធ្វើបាតុកម្ម។ សម្រាប់អ្នកដែលអត់ការងារធ្វើពិតប្រាកដ តើអាចរស់បានទេ? អាចរស់បានទេ? នេះជាចំណោទ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានបញ្ជាក់ចំៗថា ជាកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ក៏ដោយ ក៏ប៉ុន្តែនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានតែកូដករក្រុមហ៊ុនណាហ្គាវើលដ៍តែមួយគត់ដែលបន្តតវ៉ាយ៉ាងសកម្មរឿងវិវាទការងារជាមួយក្រុមហ៊ុន ពាក់ព័ន្ធការបញ្ឈប់សហជីពពីការងារនោះ។ ហើយនេះជារឿងដ៏កម្រមួយដែលលោកហ៊ុន សែនលើកឡើងអំពីបញ្ហាវិវាទការងារមួយនេះ។
ដំណាលគ្នានឹងការថ្លែងខាងលើនេះ លោកបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យធ្វើអន្តរាគមន៍ផ្តល់ប្រាក់ឧត្ថម្ភដល់កម្មករ បន្ទាប់ពីបានទទួលព័ត៌មានពីអ្នកសហជីពម្នាក់ដែលថា ចំនួនរោងចក្រដែលបានព្យួរការងារកម្មករមានការកើនឡើង ដែលធ្វើឱ្យកម្មករមិនមានការងារធ្វើ។
កូដករម្នាក់នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រីឈឹម សុខនសម្តែងការខកចិត្ត នៅពេលដែលឮប្រសាសន៍នាយករដ្ឋមន្ត្រីថ្លែងបែបនេះ ដោយមិនបានជួយរកដំណោះស្រាយឱ្យក្រុមកូដករ ប៉ុន្តែបែរជានិយាយចង់ដាក់កំហុសលើកូដករបែបនេះទៅវិញ។
អ្នកស្រីបន្ថែមថា ការបន្តធ្វើកូដកម្មគឺដើម្បីចង់បានយុត្តិធម៌ និងដើម្បីកុំឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើជាគំរូអាក្រក់ដល់ក្រុមហ៊ុនដទៃក្នុងការបញ្ឈប់ការងារកម្មករ និងសហជីពតាមតែអំពើចិត្តនោះ។
អ្នកស្រីថ្លែងថា៖ «អ្នកដែលនៅសល់ និងបន្តធ្វើគឺដោយសារយើងចង់បានយុត្តិធម៌ ហើយយើងអត់ចង់ផ្តល់គំរូអាក្រក់ទៅដល់ថៅកែផ្សេងៗដែលធ្វើដូចថៅកែណាហ្គា អ៊ីចឹងណា៎! មានការអី អាងអីបញ្ឈប់សហជីពឱ្យអស់។ បញ្ឈប់សហជីពឱ្យអស់នឹងគ្មានការទាមទារ។ អ៊ីចឹងវារំលោភសិទ្ធិទៅដល់កម្មករដែលគាត់ធ្វើការនៅក្នុងហ្នឹងរាប់ពាន់នាក់ទៀតនោះថា គាត់មានការកិបកេងកម្លាំងពលកម្មយ៉ាងម៉េច? គាត់អត់នឹងឆ្ងល់ដល់កន្លែងហ្នឹងទេ គាត់បែរជាមកចោទភាគីរងគ្រោះនេះវិញ»។
ចំណែកឯអ្នកស្រីឃ្លាំង សុបិន្តជាកូដករមួយរូបទៀត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គ្មានអ្នកណាឧត្ថម្ភប្រាក់ឱ្យក្រុមកូដករណាហ្គាវើលដ៍នោះទេ ហើយរាល់ថ្ងៃគឺកូដករជួបការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ទាក់ទងការហូបចុក ដោយមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងកូដករខ្លះមិនមានលុយសងបំណុលធនាគារជាដើម។
អ្នកស្រីបញ្ជាក់ទៀតថា ដោយសារអ្នកស្រីកំពុងជាប់ក្តីក្តាំនៅតុលាការជាមួយថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ផ្សេងទៀត ដូច្នេះទើបអ្នកស្រីត្រូវបង្ខំចិត្តមើលកូនគេនៅតាមផ្ទះដើម្បីបានកម្រៃបន្តិចបន្តួច។
បើតាមកូដកររូបនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគួរតែធ្វើអន្តរាគមន៍ឱ្យបុគ្គលិកដែលចេញធ្វើកូដកម្ម ដែលនៅសេសសល់ បានចូលធ្វើការវិញជាជាងស្តាប់តាមតែមន្ត្រីតែម្ខាង និងមិនបានសួរនាំកូដករឱ្យច្បាស់បែបនេះ។
អ្នកស្រីថ្លែងថា៖ «បើគាត់ឆ្ងល់គួរតែហៅពួកខ្ញុំទាំងអស់គ្នាទៅជួប សួរមើ! ពួកក្មួយឯងរាល់ថ្ងៃចង់បានស្អី? ម៉េចបាននៅតែអ៊ីចឹង? កន្លងមក១ឆ្នាំជាងហ្នឹងមានស្អីស៊ីខ្លះ? មានស្អីប្រាប់ពូ? ហើយបំណុលធនាគារដោះស្រាយយ៉ាងម៉េច? ហើយបញ្ហាកូនចៅរៀនសូត្រយ៉ាងម៉េច? គាត់អត់បានអ៊ីចឹងសោះ ហើយគាត់ទៅស្តាប់អ្នករាយការណ៍ដែលរាយការណ៍មិនពិត»។
អ្នកស្រីបន្ថែមថា៖ «រដ្ឋាភិបាលគ្រាន់តែជួយជំរុញក្រុមហ៊ុនថា កូវីដលែងមានហើយ។ វាលែងមានការបិទខ្ទប់អីទៀតហើយ ហើយភ្ញៀវទេសចរមកវិញច្រើនអស់ហើយ ចង្វាក់ផលិតកម្មក្រុមហ៊ុនក៏ដំណើរការទៅល្អលើសគេលើសឯងទៀត។ ហេតុអ្វីបុគ្គលិកសល់តែប៉ុណ្ណឹងឱ្យគ្នាចូលធ្វើការវិញអត់បាន?»
បើតាមអ្នកស្រីឃ្លាំង សុបិន្ត លុយដែលធនាគារ ABA បង្កកកាលពីពេលថ្មីៗនេះគឺជាលុយជំនួយមនុស្សធម៌សម្រាប់ដោះស្រាយបញ្ហាប្រឈមនៃវិបត្តិជំងឺឆ្លងកូវីដ១៩ ហើយលុយនោះមិនមែនជួយក្នុងការគាំទ្រលើសកម្មភាពកូដកម្មនោះទេ ព្រោះអ្នកផ្តល់លុយបានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹង ដោយហាមដាច់ខាតមិនឱ្យយកលុយទាំងនោះធ្វើសកម្មភាពកូដកម្ម។
អ្នកស្រីរៀបរាប់ទៀតថា កូដកររាល់ថ្ងៃខំព្យាយាមទាំងលំបាក ដោយខ្លះបានគ្រួសារជួយទំនុកបម្រុង និងខ្លះត្រូវបង្ខំចិត្តដើរខ្ចីលុយបងប្អូនចាយសិនក៏មាន អំឡុងពេលនៃការបន្តធ្វើកូដកម្ម។ អ្នកស្រីបន្ថែមថា ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍មិនដែលបានទទួលលុយឧបត្ថម្ភផលប៉ះពាល់នៃជំងឺកូវីដ១៩ពីក្រសួងការងារម្តងណានោះទេ បើទោះបីជាកូដករស្នើសុំជាច្រើនលើកច្រើនសារក៏ដោយ។
អ្នកនាំពាក្យក្រសួងការងារលោកហេង សួរប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ការផ្សះផ្សាវិវាទបានផុតពីដំណាក់កាលក្រសួង និងដំណាក់កាលក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយភាគីខ្លះក៏បានបដិសេធការផ្សះផ្សាដែលធ្វើឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីការផ្ទុះវិវាទការងារនេះ។
លោកបន្ថែមថា៖ «ជាគោលការណ៍សកល កិច្ចសន្យាការងារមាននីតិវិធីផ្តើមកិច្ចសន្យា ហើយក៏មាននីតិវិធីបញ្ចប់ ឱ្យតែការបញ្ចប់កិច្ចសន្យានោះមានហេតុផល និងគោរពតាមនីតិវិធី»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោកឃុន ថារ៉ូយល់ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីគិតក្នុងផ្លូវវិជ្ជមាន នោះករណីមួយនេះនឹងដោះស្រាយបានដោយរលូន ព្រោះបញ្ហានេះជាវិវាទការងាររួម និងសិទ្ធិជាមូលដ្ឋាននៅកន្លែងការងារ ដែលមានការធានាក្នុងច្បាប់។
លោកថ្លែងថា៖ «អ៊ីចឹង ខ្ញុំគិតថា សម្តេចប្រហែលជាលោកមិនបានទទួលនូវព័ត៌មាន ដែលសិក្សាឱ្យស៊ីជម្រៅទៅនឹងនីតិវិធីផ្លូវច្បាប់កន្លងមក ហើយជារឿងដែលគួរឱ្យសោកស្តាយណាស់ ទាំងដែលអាជ្ញាធរក៏មានការចោទប្រកាន់ថា ធ្វើកូដកម្មនេះជាបាតុកម្មទៅវិញ។ អ៊ីចឹងបានយើងមើលឃើញថា វិវាទការងារមិនគួរណាត្រូវបានប្រឈមទៅនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។ រឿងស៊ីវិលទេ ពីព្រោះជាការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់»។
គួររំឭកផងដែរថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ កាលពីខែមេសា ឆ្នាំ២០២១។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២១។ ការបញ្ឈប់កម្មករពីការងារត្រូវបានមើលឃើញថាជាការបំបាត់សំឡេងសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ៕