ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បើក​សវនាការ​លើ​កូដករ​ណាហ្គាវើលដ៍ ជុំវិញ​បទ​ចោទ​ញុះញង់


រូប​ឯកសារ៖ ប៉ូលិស​​យាម​នៅ​កន្លែង​បុគ្គលិក​ណា​ហ្គាវើលដ៍​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​រដ្ឋសភា​ជាតិ​​ក្រោយ​​​មេដឹកនាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប៉ូលិស​​យាម​នៅ​កន្លែង​បុគ្គលិក​ណា​ហ្គាវើលដ៍​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​រដ្ឋសភា​ជាតិ​​ក្រោយ​​​មេដឹកនាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះអតីត​ថ្នាក់​ដឹកនាំ​សហជីពណា​ហ្គាវើលដ៍​ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ក្នុង​ការ​តវ៉ា​របស់​ពួកគេ កាល​ពី​កន្លង​ទៅ។

ក្នុង​ចំណោម​សហជីព​ទាំង​៩​នាក់​នោះ មាន​តែ​កញ្ញា ឈឹម ស៊ីថរ ទេ ដែល​កំពុង​ជាប់​ពន្ធនាគារ ក្រោយ​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោម​បទ​ចោទ​ថា​បំពាន​បម្រាម​របស់​តុលាការ ដែល​ហាម​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស។ សហជីព​៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​ចូលរួម​ស្តាប់​សវនាការ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​ថា​ក្នុង​ចំណោម​សហជីព​ទាំង​៩​នាក់ មាន​តែ​កញ្ញា ឈឹម ស៊ីថរ ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​សាក​សួរ ប៉ុន្តែ​ការ​សួរ​នាំ​នោះ​មិន​ទាន់​បញ្ចប់​ទេ។ តុលាការ​ប្រកាស​ថា​ការ​សាក​សួរ​បន្ត​ទៀត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែម​ថា​ការ​សាក​សួរ​កញ្ញា ឈឹម ស៊ីថរ ជា​ការ​ប្រើ​អារម្មណ៍ ជា​ជាង​ទៅ​ស្ថានភាព​ជាក់​ស្តែង។ អ្នកស្រី​អះអាង​ថា​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៅ​លើ​ក្រុម​កូដករ​ណា​ហ្គាវើលដ៍ ជា​ការ​បំផ្លើស ដែល​ខុស​ពី​ការ​ពិត​ជាក់​ស្តែង​ ខណៈ​អ្នកស្រី​បាន​ការពារ​កូដកម្ម​របស់​កម្មករ​ថា​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំគិត​ថា​បើ​សិន​ជា​ភាគី ឬ​ក៏អ្នក​ចូល​រួម​នៅ​ក្នុង​សវនាការ គាត់​បាន​ស្តាប់​នូវ​អ្វី​ដែល​ស៊ីថរ គាត់​បាន​លើក​ឡើង​ ឬអ្វី​ដែល​តំណាង​អយ្យការ​បាន​លើក​ឡើង​ ឬក៏​លោកស្រី​ចៅក្រម​ បាន​លើក​ឡើង ខ្ញុំ​គិត​ថា​យើង​នឹង​ឆ្លុះ​បញ្ចាំង​ថា​តើ​ស៊ីថរ គាត់​កំពុង​តែ​នៅ​ក្នុង​តួនាទី​អី​ ហើយ​គាត់​កំពុង​តែ​ធ្វើអី​អ៊ីចឹង។ ខ្ញុំ​គិត​ថា​ទាំង​អស់​គ្នា​នឹង​ច្បាស់​នូវ​រឿង​ហ្នឹង​ថា​ស៊ីថរ​ គាត់​មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​ចោទ​ប្រកាន់​នៃ​តុលាការ​នោះ​ទេ»។

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ លោក​ ឃុន ថារ៉ូ ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថាការ​ចោទ​ប្រកាន់​កូដករ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មិន​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ច្បាប់​ដែល​មាន​ជា​ធរមាន​ឡើយ ខណៈ​ថា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។ លោក​ជំរុញ​ឱ្យ​តុលា​ការ​ទម្លាក់​បទ​ចោទ​ទាំង​នោះ​ទៅ​លើ​ពួកគេ។

លោក​ ឃុន ថារ៉ូ ថ្លែង​ថា៖ «ពី​ព្រោះ​ថា​បទ​ចោទ​ប្រកាន់​នេះ វា​បាន​រំលោភ​ទៅ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ ជា​ពិសេស​ផ្នែក​អង្គការ​វិជ្ជាជីវៈ​ដែល​សិទ្ធិ​នៃ​ការ​ធ្វើ​កូដកម្ម​នេះ​មិន​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ឬ​ក៏​ការ​ដាក់​សម្ពាធ ឬ​ក៏​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តុលាការ​ណា​មួយ​ដែល​អ្វី​ទាំង​នេះ​វា​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​អនុសញ្ញា​ស្នូល​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ»។

ចំណែក​នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត ប្រាប់​វីអូអេ​ក្រោយ​ចូល​ស្តាប់​សវនាការ​នា​ថ្ងៃ​អង្គារ​ថា​ការ​សាក​សួរ​មាន​ភាព​តាន​តឹង ហើយ​លោក​សង្កេត​ឃើញ​ថា​ កញ្ញា ឈឹម ស៊ីថរ ហាក់​មាន​ភាព​រន្ធត់​អារម្មណ៍​ខ្លាំង​ទៅ​នឹង​ការ​សាក​សួរ​នោះ។

បើ​តាម​លោក អំ សំអាត ការ​សាក​សួរ​របស់​ព្រះរាជអាជ្ញា​ផ្តោត​ទៅ​លើ​បុគ្គល ខណៈ​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ដែល​ព្យា​យាម​ការ​ពារ​ប្រយោជន៍​របស់​កម្មករ។

លោក​ថ្លែង​ថា៖ «គន្លឹះ​នៃ​ការ​បញ្ចប់​ជម្លោះ​កូដករ​ណាហ្គា​វើលដ៍ គឺ​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​រវាង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ជាមួយ​ក្រុម​កូដករ វា​ជា​ការ​ល្អ ដែល​ជា​ជាង​ការ​ចាប់​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ​ទៀត​សម្រាប់​កូដករ​នោះ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ​ដល់​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថ្លែង​ថា ការ​ផ្តល់​ពាន​រង្វាន់​នេះ​ជា​ការ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ដែល​ត្រៀម​ខ្លួន​កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ​ដើម្បី​បម្រើ​របៀប​វារៈ ​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ។

​គួរ​រំឭក​ផង​ដែរ​ថា​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពីខែ​មេសា ​ឆ្នាំ​២០២១។

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១។ ការ​បញ្ឈប់​កម្មករ​ពី​ការងារ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​បំបាត់​សំឡេង​សហ​ជីព​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕

XS
SM
MD
LG