មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន បានកើនដល់ ៣៥ នាក់ ហើយក្រុមអ្នកជួយសង្គ្រោះនៅកំពុងបន្តរុករកអ្នកដែលនៅរស់រានមានជីវិត។
អភិបាលក្រុង Dnipro លោក Valentyn Reznichenko បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា ការវាយប្រហារនេះបានធ្វើឱ្យមនុស្ស ៧៥ នាក់រងរបួស និងថាវាសនារបស់មនុស្ស ៣៥ នាក់ផ្សេងទៀតនៅមិនទាន់ដឹងនៅឡើយទេ។
ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនេះបានកើតឡើងកាលពីថ្ងៃសៅរ៍។ បញ្ជាការដ្ឋានកងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានបញ្ជាក់ថា មីស៊ីល Kh-22 នេះត្រូវបានបាញ់ចេញពីតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ មន្ត្រីយោធាអ៊ុយក្រែនថា កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល ២១ គ្រាប់ក្នុងចំណោមមីស៊ីលទាំង ៣៣ គ្រាប់ដែលរុស្ស៊ីបានបាញ់នៅថ្ងៃនោះ ប៉ុន្តែថា អ៊ុយក្រែនមិនមានប្រព័ន្ធដែលមានសមត្ថភាពអាចបាញ់ស្ទាក់មីស៊ីល Kh-22 នេះបានទេ។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានលើកឡើងអំពីការវាយប្រហារលើអគារលំនៅដ្ឋាននៅក្នុងក្រុង Dnipro នោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអាទិត្យថា លោកអរគុណចំពោះការគាំទ្រពីជុំវិញពិភពលោកបន្ទាប់ពីមានការវាយប្រហារនេះ និងបានបន្ថែមថា វាគឺជារឿង «សំខាន់ខ្លាំងណាស់ដែលមនុស្សសាមញ្ញរួមគ្នាឆ្លើយតបចំពោះអំពើភេរវកម្ម»។
លោកបានដាក់កំហុសលើអ្នកដែលនៅក្នុងប្រទេសរុស្ស៊ី «ដែលសូម្បីតែពេលឥឡូវនេះនៅតែមិនអាចនិយាយពាក្យថ្កោលទោស»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP Reuters និង AP។