អ្នកនយោបាយ និងសកម្មជននយោបាយ ភាគច្រើនមកពីគណបក្សភ្លើងទៀន យ៉ាងតិច២០នាក់ ត្រូវបានប្តឹង ទាក់ទងនឹងការអំពាវនាវឱ្យគូសសនឹ្លកឆ្នោតចោល នៅក្នុងការបោះឆ្នោតដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បកំពុងមមាញឹកក្នុងការពិនិត្យ និងសម្រេចថាតើពួកគេត្រូវដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬយ៉ាងណា។ សកម្មជនទាំងនោះមានសិទ្ធិប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់គ.ជ.ប នៅថ្នាក់ខេត្ត មកដល់ស្ថាប័នកំពូលគ.ជ.ប និងរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងថ្ងៃព្រហស្បតិ៍នេះ គ.ជ.ប បានបើកសវនាការលើសំណុំរឿងប្តឹងទាស់របស់សកម្មជន៥នាក់ ប៉ុន្តែមានតែសកម្មជន២នាក់ប៉ុណ្ណោះដែលមានវត្តមានក្នុងសវនាការ។ សកម្មជនទាំង៥នាក់នោះ ត្រូវបានគ.ជ.ប ថ្នាក់ខេត្តសម្រេចកាត់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ចន្លោះពី៥ទៅ១០ឆ្នាំ និងរងការពិន័យជាប្រាក់យ៉ាងតិច១០លានរៀល។
លេខាធិការគណបក្សភ្លើងទៀន លោក លី ម៉េងហ័ង រស់នៅក្នុងខេត្តកំពង់ចាម ដែលត្រូវបានប្តឹងក្នុងករណីនេះ ហើយលោកបានប្តឹងទាស់ទៅស្ថាប័នកំពូលគ.ជ.ប។ លោកប្រាប់វីអូអេកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាលោកត្រូវបាន គ.ជ.ប តម្កល់ទុកសេចក្ដីសម្រេចថ្នាក់ខេត្តទុកជាបានការ ដោយផាកពិន័យលោកចំនួន១០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល១០ឆ្នាំ។ លោកអះអាងថាលោកមិនអាចទទួលយកបាននូវសេចក្តីសម្រេចនេះឡើយ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថាការប្រកាសរបស់គ.ជ.ប មិនមានតម្លាភាព សច្ចៈ យុត្តិធម៌ចំពោះខ្ញុំបាទទេ ពីព្រោះការបង្ហាញហ្នឹង មុនថ្ងៃដែលច្បាប់កកើតមក ហើយថាខ្ញុំធ្វើបន្ដៗ ខ្ញុំអត់បានធ្វើទេ ធ្វើតែថ្ងៃទី១ មួយថ្ងៃគត់ ហើយការប្រកាសសាលក្រមនេះ គឺជាផ្ដល់ភាពអយុត្តិធម៌ធ្ងន់ធ្ងរបំផុតចំពោះខ្ញុំ ដែលខ្ញុំមិនអាចទទួលយកបាន»។
សកម្មជនរូបនោះបញ្ជាក់ថាលោកនឹងបន្ដប្ដឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ បើទោះមិនមានក្តីសង្ឃឹមថាឈ្នះក៏ដោយ។
ចំណែកលោក យ៉ាន សុឃឿន ជាគ្រូបង្រៀននៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុន សែន សែនជ័យ ស្ថិតនៅក្នុងឃុំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានចូលខ្លួនបំភ្លឺក្នុងសវនាការបណ្តឹងទាស់ នាថ្ងៃព្រហស្បតិ៍នេះ ប្រាប់វីអូអេថា លោកត្រូវបានគ.ជ.ប តម្កល់ទុកសេចក្ដីសម្រេចទុកជាបានការ ដោយផាកពិន័យ១០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈ៥ឆ្នាំ។ លោកបន្ថែមថាលោកនឹងប្តឹងទាស់ទៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីរកយុត្តិធម៌។
លោកថ្លែងថា៖ «អញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ឱ្យដឹងពីច្បាប់ច្បាស់លាស់ផង ពីព្រោះយើងប្រជាពលរដ្ឋយើងមិនសូវដឹងច្បាប់ ហើយខ្ញុំក៏ជាគ្រូបង្រៀនដែរ ហើយខ្ញុំក៏មិនសូវដឹងច្បាប់ដែរ ដល់ពេលយើងជាគ្រូបង្រៀនមិនដឹង ចុះទម្រាំប្រជាពលរដ្ឋទៀតធ្វើម៉េចនឹងដឹងច្បាប់អស់ទៅ។ អញ្ចឹងយើងត្រូវតែប្ដឹងត ដើម្បីឱ្យច្បាប់រកឃើញជាក់ស្ដែង ឱ្យវាបានសុក្រឹតត្រឹមត្រូវ សម្រាប់យកទៅអនុវត្តទៅថ្ងៃក្រោយទៀត»។
ការគូសសន្លឹកឆ្នោតចោលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់វិធានការអ្នកដែលញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល តាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលលោក ហ៊ុន សែន បានស្នើ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ប្រាប់វីអូអេថា បុគ្គលចំនួន២១នាក់ត្រូវបានគ.ជ.ប កំណត់ថាជាសកម្មជនគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការញុះញង់ រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោតទាំងនោះ ដែលលោកថាជាអំពើល្មើសច្បាប់ខុសទៅនឹងមាត្រា១៤២ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
លោក ហៃ វណ្ណា ប្រធានចលនាគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន ដែលស្ថិតក្នុងបញ្ជីនៃការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត លើកឡើងថាការចោទប្រកាន់លោកពីបទញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងររបស់លោក ដោយលោកថានេះជាសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ។ លោកចាត់ទុកការចោទប្រកាន់នេះជារឿងនយោបាយសុទ្ធសាធ។
លោកប្រាប់វីអូអេថា៖ «វាជាការរំលោភសិទ្ធិប្រជាពលរដ្ឋដ៏ធ្ងន់ធ្ងរ មិនមែនតែខ្ញុំ ចំពោះខ្ញុំផ្ទាល់ ចង់គេដាក់បម្រាមខ្ញុំមិនឱ្យធ្វើនយោបាយប៉ុន្មានជាតិទៀត ឬក៏ចង់ឱ្យខ្ញុំផ្ដល់សំណងប៉ុន្មានកោដរៀល ខ្ញុំអត់មានអីទៅឈឺក្បាលវិលមុខជាមួយនឹងរបបសព្វថ្ងៃនេះដែរ ពីព្រោះទាំងអស់នេះវាមិនមែនជារឿងនីតិវិធីច្បាប់ទេ។ វាជារឿងនយោបាយសុទ្ធសាធ»។
ប្រធានគណៈកម្មាធិការប្រតិបតិ្តគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជាប្តឹងរឿងអំពាវនាវឱ្យគូសសន្លឹកឆ្នោតចោល។ ប៉ុន្តែលោកបានប្តឹងទាស់នឹងសេចក្តីសម្រេចនេះ។
លោកប្រាប់វីអូអេថា៖ «គ្រាន់តែរឿងរ៉ាវតិចតួចហ្នឹង ប្ដឹងខ្ញុំដល់២០ឆ្នាំ ទារលុយខ្ញុំ២០លាន[រៀល] បាទយើងមើលទៅដូចជាហួសហេតុពេក វាជារូបភាពនៃការសម្លុតគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ មិនថាតែគ្រួសារខ្ញុំទេ គឺជាការបង្ហាញឱ្យឃើញទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសថាប្រទេសយើងនេះវាលែងមានលទ្ធប្រជាធិបតេយ្យ លែងមានសេរីភាពក្នុងការបញ្ចេញមតិហើយ»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចទុកជាបានការ ក្នុងករណីរបស់លោក ខឹម មុនីកុសល ដោយរងការពិន័យជាប្រាក់ចំនួន១៥លានរៀល និងដកហូតសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល១០ឆ្នាំ។
គួរបញ្ជាក់ថានៅមុនការបោះឆ្នោត អ្នកនយោបាយជំទាស់នៅក្រៅប្រទេសមួយចំនួននិងអ្នកដែលរត់គេចទៅនៅក្រៅប្រទេស ដូចជា លោក សេង ម៉េងប៊ុនរ៉ុង លោក សោ ចាន់ដេត លោក គង់ សភា លោក ហេង ដាណារ៉ូ លោក គឹម សុខ លោក ឆាំ ឆានី អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក រិន រដ្ឋ លោក ភាន់ រិទ្ធី លោក ឆឺយ ឧត្តមរស្មី លោក នាង សុឃុន និងលោក ម៉ៅ វិបុល ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងម្នាក់ៗ រយៈពេល២០ឆ្នាំ។ នេះបើតាមសម្រង់សេចក្តីសម្រេចរបស់គ.ជ.ប៕