មេដឹកនាំនានាមកពីជុំវិញពិភពលោកកំពុងជួបជុំគ្នានៅថ្ងៃចន្ទនេះនៅក្នុងប្រទេសអេហ្ស៊ីបដើម្បីពិភាក្សាអំពីបញ្ហាអាកាសធាតុ ស្របពេលដែលពួកគេកំពុងរងសម្ពាធឱ្យពង្រឹងការតាំងចិត្តរបស់ខ្លួននៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅ និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលរងផលប៉ះពាល់រួចហើយដោយសារឥទ្ធិពលនៃសីតុណ្ហភាពកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សន្និសីទលើកទី ២៧ របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) នៅក្នុងទីក្រុង Sharm el-Sheikh របស់ប្រទេសអេហ្ស៊ីបនេះបានធ្វើឡើងនៅចំពេលដែលបណ្ដាប្រទេសនានានៅលើពិភពលោកកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិខ្លាំងក្លាកើនឡើងដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតគ្រាន់តែនៅក្នុងឆ្នាំនេះ និងធ្វើឱ្យខាតបង់ថវិកាអស់រាប់ពាន់លានដុល្លារ។
នៅឯពិធីបើកសន្និសីទនេះកាលពីថ្ងៃអាទិត្យ មន្ត្រីសន្និសីទនេះបានជំរុញរដ្ឋាភិបាលនានាឱ្យបន្តរក្សាកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន តម្លៃថាមពលកើនឡើង អតិផរណាខ្ពស់ និងវិបត្តិជំងឺកូវីដ១៩ជាបន្តក៏ដោយ។
លោក Simon Stiell ដែលជាមន្ត្រីជាន់ខ្ពស់នៃសន្និសីទនេះបានបញ្ជាក់នៅក្នុងសន្និសីទនេះថា៖ «អ្វីដែលយើងព្រួយបារម្ភគឺថាគេផ្ដល់តម្លៃលើអាទិភាពផ្សេងៗទៀតមុន [បញ្ហាអាកាសធាតុ]»។
លោកបានបន្ថែមថា៖ «អ្វីដែលយើងព្រួយបារម្ភគឺថាយើងខាតពេលមួយថ្ងៃទៀត មួយសប្ដាហ៍ទៀត មួយខែទៀត មួយឆ្នាំទៀត ដោយសារតែយើងមិនអាច[ធ្វើរឿងនេះ]»។
ពិភពលោកទាំងមូលត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅឱ្យបាន ៤៥% នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដើម្បីរក្សាការឡើងកម្ដៅផែនដីឱ្យនៅត្រឹម១,៥អង្សាសេលើកម្រិតសីតុណ្ហភាពកាលពីចុងសតវត្សរ៍ទី១៩។
ប៉ុន្តែ ទំនោរបច្ចុប្បន្ននេះគឺថា ការបំពុលបរិយាកាសដោយសារឧស្ម័នកាបូននឹងកើនឡើង១០%នៅត្រឹមចុងទសវត្សរ៍នេះ ហើយផ្ទៃខាងលើនៃផែនដីបានឡើងកម្ដៅ២,៨ អង្សាសេ។ នេះបើយោងតាមការរកឃើញនានាដែលបានបង្ហាញឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួនប្រហែល ១១០ រូប ត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងការពិភាក្សារយៈពេល២ថ្ងៃ ដែលក្នុងនោះរួមមានទាំងប្រធានាធិបតីចិនលោក Xi Jinping ផងដែរ ដែលប្រទេសរបស់លោកគឺជាប្រទេសដែលបញ្ចេញឧស្ម័នស្រូបកម្ដៅច្រើនជាងគេបង្អស់នៅលើពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលប្រទេសរបស់លោកគឺជាប្រទេសបញ្ចេញឧស្ម័នស្រូបកម្ដៅច្រើនជាងគេទីពីរនៅលើពិភពលោកនឹងចូលរួមនៅក្នុងសន្និសីទនេះនៅពេលក្រោយនៅសប្ដាហ៍នេះ៕