ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំចិនលោក Xi Jinping បានប្តេជ្ញាធ្វើសហការជិតស្និទ្ធជាងមុនដើម្បីទប់ទល់នឹងឥទ្ធិពលស.រ.អ.នៅក្នុងជំនួបមួយកាលពីថ្ងៃសុក្រទី៤ ខែកុម្ភៈ នៅមុនពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២។
ជំនួបរវាងលោក Putin និងលោក Xi ដែលជាជំនួបលើកទី៣៨ នេះបើតាមការប្រាប់ឱ្យដឹងពីក្រុងប៉េកាំង ជាភស្តុតាងថ្មីៗបំផុតថា ប្រទេសទាំងពីរនេះ មានទំនាក់ទំនងគ្នាជិតស្និទ្ធជាងមុន នៅពេលដែលការទាក់ទងរបស់ពួកគេជាមួយស.រ.អ. មានការរអាក់រអួលជាងមុន។
ជំនួបនេះកើតមានឡើងនៅពេលសំខាន់មួយដែលរុស្ស៊ីប្រមូលទាហានជាងមួយសែននាក់ដាក់តាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ហើយទាមទារសម្បទានពីអង្គការអូតង់ដែលជាសម្ព័ន្ធយោធាបស្ចិមប្រទេស និងបណ្តាលឱ្យមានកំណើនការបារម្ភអំពីសង្គ្រាម។
គេដឹងមិនច្បាស់ទេថា តើចិននឹងចង់គាំទ្រកម្រិតណាដល់រុស្សីអំពីបញ្ហាអ៊ុយក្រែន ជាពិសេសបើមានសង្គ្រាមនៅពេលប្រកួតកីឡាអូឡាំពិក។
សេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបរវាងលោក Putin និងលោក Xi មិនបាននិយាយយោងចំៗដល់អ៊ុយក្រែនទេ។ តែយ៉ាងណាក៏ដោយ ក៏ឯកសារនេះបានចែងថា ប្រទេសទាំងពីរជំទាស់នឹងការពង្រីកអូតង់ថែមទៀត និងអំពាវនាវឱ្យសម្ព័ន្ធភាពយោធានេះ បោះបង់របៀបដោះស្រាយបែប«សង្គ្រាមត្រជាក់»។
ស.រ.អ. ចោទប្រកាន់រុស្ស៊ីថា រកលេសដើម្បីលុកលុយប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកតំបន់ឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូក្នុងអឺរ៉ុបខាងកើត។
នៅក្នុងសេចក្តីថ្លែងការណ៍វែងនេះ រុស្ស៊ីក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនដល់គោលជំហររបស់ប្រទេសចិនអំពីកោះតៃវ៉ាន់ដោយនិយាយថា កោះនេះ ជា«ផ្នែកមួយទាំងស្រុងនៃប្រទេសចិន» ហើយថា រុស្ស៊ីប្រឆាំងនឹងឯករាជ្យតៃវ៉ាន់«ក្នុងទម្រង់ណាក៏ដោយ»។
កាលពីពេលថ្មីៗនេះ ពួកមន្ត្រីចិនបានព្រមានរដ្ឋាភិបាលក្រុង Washington ថា ការគាំទ្ររបស់អាមេរិកដល់តៃវ៉ាន់ ដែលជាកោះមួយគ្រប់គ្រងដោយខ្លួនឯង និងទាមទារដោយរដ្ឋាភិបាលប៉េកាំង អាចនាំឱ្យមានសង្គ្រាមរវាងស.រ.អ. និងប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងពី លោក Putin និងលោក Xi បានថ្កោលទោស«ការប៉ុនប៉ងដោយកម្លាំងខាងក្រៅដើម្បីបំផ្លាញសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ជាប់នឹងប្រទេសពួកគេ»។ ទោះជាសេចក្តីថ្លែងការណ៍នេះ មិនបានបញ្ចេញឈ្មោះតំបន់ទាំងនេះឱ្យបានជាក់លាក់ក៏ដោយ ក៏វាបាននិយាយថា ភាគីទាំងពីរប្តេជ្ញា«បង្កើនកិច្ចសហប្រតិបត្តិការ»នៅក្នុងតំបន់ទាំងនោះ។
លោក Putin និងលោក Xi ក៏បានរិះគន់ដែរដល់របៀបដោះស្រាយរបស់ស.រ.អ.នៅអាស៊ី ដែលចិនយល់ថា ជាការប៉ុនប៉ងមួយដើម្បីទប់ទល់នឹងការលេចឡើងរបស់ខ្លួន។ បុរសទាំងពីរនាក់នេះ បាននិយាយថា ពួកគេ «នៅតែប្រុងប្រយ័ត្នខ្លាំងអំពីផលប៉ះពាល់អវិជ្ជមានលើសន្តិភាពនិងស្ថិរភាព»នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ស.រ.អ.។ លោកទាំងពីរក៏បានថ្លែងដែរថា អស់លោក«ខ្វល់ខ្វាយខ្លាំង»អំពីការបង្កើតសម្ព័ន្ធភាពត្រីភាគីកាលពីពេលថ្មីៗនេះរវាងស.រ.អ. ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ