ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​Putin ចោទ​អាមេរិក​និង​​សម្ព័ន្ធមិត្ត​ថា​មិន​អើពើ​ចំពោះ​ការ​ទាមទារ​របស់​រុស្ស៊ី ខណៈ​ភាព​មិន​ចាញ់​មិន​ឈ្នះ​អំពី​អ៊ុយក្រែន​នៅ​តែ​មិន​ធូរស្រាល


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​មិន​អើពើចំពោះការ​ទាមទារ​ខាង​សន្តិសុខ​ចម្បងៗ​របស់​រុស្ស៊ី​ដែល​ឲ្យ​ពួកគេ​បដិសេធ​សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​អង្គការ​អូតង់​ ហើយ​នឹង​ដក​សព្វាវុធ​របស់​ពួកគេ​នៅជិត​ប្រទេស​រុស្ស៊ី ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឡើង​វិញ​នូវ​«ការ​តាំងចិត្ត»​របស់​ខ្លួន​ដល់​ប្រទេស​អ៊ុយក្រែន​និង​បូរណភាព​ដែនដី​របស់​ខ្លួន។

សេចក្តី​ថ្លែងការណ៍​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅ​មក មិន​បាន​បន្ធូរបន្ថយ​ភាព​តានតឹង​អំពី​ការ​ដាក់ពង្រាយ​កងទ័ព​ជាង​១០០.០០០​នាក់​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ទេ ថ្វី​បើ​រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​បំណង​ឈ្លានពាន​អតីត​សាធារណរដ្ឋ​សូវៀតមួយ​នេះ​ក៏​ដោយ។

នៅ​ក្នុង​អត្ថាធិប្បាយ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​ស្តីពី​ភាព​មិន​ចាញ់​មិន​ឈ្នះ​ជាមួយ​ប្រទេស​លោក​ខាង​លិច​អំពី​បញ្ហាអ៊ុយក្រែន​ជាង១​ខែ​មក​នេះ លោក Putin បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ថា រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង នៅ​កំពុងសិក្សា​អំពី​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​ដល់​ការទាមទារ​ខាង​សន្តិសុខ​របស់​រុស្ស៊ី​ដែល​បាន​ទទួល​កាលពី​សប្តាហ៍​មុន​នៅ​ឡើយ។

លោក Putin បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា៖ «នៅ​ពេល​នេះ វា​ច្បាស់​រួច​ទៅ​ហើយ​ថា ការព្រួយ​បារម្ភ​ដ៏​សំខាន់​របស់​រុស្ស៊ី​មិន​ត្រូវ​បាន​គេ​អើពើ»។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ លោក Putin ក៏​បាន​និយាយ​ដែរ​ថា គេ​នៅ​តែ​អាច​ចរចា​បានដើម្បី​បញ្ចប់​ភាព​មិន​ចាញ់​មិន​ឈ្នះ ប្រសិន​បើ​ផលប្រយោជន៍​របស់​ភាគី​ទាំង​អស់ រួមទាំង​ការព្រួយ​បារម្ភ​ខាង​សន្តិសុខ​របស់​រុស្ស៊ី ត្រូវ​បាន​គេ​ពិចារណា​នោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ប្រទេស​លោក​ខាង​លិច បាន​បដិសេធ​មិន​លះបង់​លទ្ធភាព​សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​អង្គការ​អូតង់​ទេ ដោយ​និយាយ​ថា មិន​មាន​ប្រទេស​ពី​ខាង​ក្រៅ​ណា​មាន​អំណាច​វ៉េតូ​អំពី​ថា​តើ​នរណា​អាច​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធភាព​ខាង​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​នោះ​ទេ៕

XS
SM
MD
LG