ពួកអ្នកការទូតកំពូលៗពីសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវគេរំពឹងថា នឹងនិយាយគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារនេះ មួយថ្ងៃ បន្ទាប់ពីពួកអ្នកតំណាងនៅអង្គការសហប្រជាជាតិមកពីប្រទេសទាំង២ បានប្រឈមមុខដាក់គ្នានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការចោទប្រកាន់ដែលត្រូវបានបដិសេធដោយរុស្ស៊ីថា ខ្លួនកំពុងរៀបចំផែនការឈ្លានពានដ៏ធំមួយនៅក្នុងប្រទេសអ៊ុយក្រែនដែលនៅជិតខាងរបស់ខ្លួន។
កិច្ចប្រឹងប្រែងខាងការទូតនៅថ្ងៃអង្គារនេះដើម្បីដោះស្រាយវិបត្តិនោះ ក៏នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ទៅកាន់រដ្ឋធានីកៀវដើម្បីចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelenskiy ផងដែរ។
លោកនាយករដ្ឋមន្ត្រី Johnson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញឲ្យរុស្ស៊ីថយក្រោយវិញ ហើយនឹងចូលរួមការសន្ទនាដើម្បីស្វែងរកដំណោះស្រាយការទូត ហើយបញ្ចៀសការបង្ហូរឈាមតទៅទៀត»។
ចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចដែរ បានផ្តល់អាវុធដល់អ៊ុយក្រែន ហើយលោក Johnson កំពុងពិចារណាបង្កើនកងទ័ពអង់គ្លេសទ្វេដងនៅក្នុងបណ្តាប្រទេសនៅតំបន់បាល់ទិក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើការចរចាទល់មុខគ្នាកាលពីថ្ងៃទី២១ ខែមករា នៅក្នុងទីក្រុងហ្សឺណែវ ហើយចាប់តាំងពីពេលនោះមក ភាគីទាំង២ បានឆ្លើយតបទៅវិញទៅមកជាលាយលក្ខណ៍អក្សរ ដើម្បីព្យាយាមបញ្ជាក់ឲ្យច្បាស់ពីជំហររៀងៗខ្លួន៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំមន្ទីរបញ្ចកោណ និងលោក Chris Hannas នៃវីអូអេរួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះ នៅក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីទីភ្នាកងារព័ត៌មាន Reuters។