ពលរដ្ឋអាមេរិកដើមកំណើតអាស៊ីមួយចំនួនមានអារម្មណ៍តក់ស្លុត នៅពេលដែលខ្មាន់កាំភ្លើងស្បែកសម្នាក់បានបាញ់ប្រហារកាលពីថ្ងៃអង្គារនៅទីក្រុង Atlanta រដ្ឋ Georgia សម្លាប់មនុស្សអស់ ៨ នាក់ ដែលក្នុងនោះមាន ៦ នាក់ជាស្ត្រីជាតិសាសន៍អាស៊ី។
ពលរដ្ឋអាមេរិកដើមកំណើតអាស៊ីរាប់រយនាក់បានបង្ហាញការខឹងសម្បារ ក្ដីសោកសៅ ការភ័យខ្លាច និងភាពអស់សង្ឃឹមនៅលើបណ្ដាញសង្គមតាមអនឡាញ។
អ្នកស្រី Aisha Yaqoob Mahmood នាយកប្រតិបត្តិនៃអង្គការមូលនិធិតស៊ូមតិពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (Asian American Advocacy Fund) នៅទីក្រុង Atlanta បាននិយាយថា៖ «ខ្ញុំគិតថា មូលហេតុដែលពួកគេមានអារម្មណ៍អស់សង្ឃឹមគឺដោយសារតែពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបានលើកឡើងអំពីបញ្ហានេះអស់រយៈពេលជាយូរមកហើយ»។
មនុស្សជាច្រើនក៏មានការខឹងសម្បារផងដែរ ដែលជនសង្ស័យនៃការបាញ់ប្រហារនេះឈ្មោះ Robert Aaron Long អាយុ ២១ ឆ្នាំ មិនត្រូវបានអាជ្ញាធរចោទប្រកាន់ភ្លាមៗពីបទឧក្រិដ្ឋស្អប់គុំកួន។
អាជ្ញាធរបាននិយាយថា ជននេះបានប្រាប់ប៉ូលិសថា ការបាញ់ប្រហារនេះមិនមែនធ្វើឡើងដោយការស្អប់គុំកួនជាតិសាសន៍នោះទេ ប៉ុន្តែបានធ្វើឡើងសំដៅលើហាងស្ប៉ាដោយសារតែខ្លួន «ញៀននឹងរឿងផ្លូវភេទ»។
អ្នកស្រី Margaret Huang ដែលជាប្រធាននិងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល Southern Poverty Law Center បានបញ្ជាក់ថា សមត្ថកិច្ចចាំបាច់ត្រូវ «ហ្វឹកហ្វឺនស្វែងយល់បន្ថែមអំពីអ្វីដែលជាបទឧក្រិដ្ឋស្អប់គុំកួន។ ជនសង្ស័យនេះសំដៅវាយប្រហារលើតែហាងណាដែលគ្រប់គ្រងដោយជាតិសាសន៍អាស៊ី»។
អ្នកស្រីបានបន្ថែមថា ករណីដែលអាជ្ញាធរមិនចាត់ទុកការវាយប្រហារនេះថាជាឧក្រិដ្ឋកម្មស្អប់គុំកួន វានឹង «បង្អាក់ទឹកចិត្តទាំងស្រុងដល់អ្នកដទៃនៅក្នុងការស្វែងរកជំនួយ»៕