ការវាយប្រហារជម្រុញដោយការស្អប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីបានកើនឡើងនៅតាមទីក្រុងធំៗរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០កន្លងទៅនេះ។ ក្នុងករណីខ្លះមានការកើនឡើងលើស១០០% ទោះជាឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមបានធ្លាក់ចុះជាទូទៅក៏ដោយ។ នេះបើតាមស្ថិតិរបស់ការិយាល័យប៉ូលិសដែលត្រូវបានយកមកវិភាគកាលពីពេលថ្មីៗ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកជំនាញនិយាយថា និន្នាការដ៏ភ្ញាក់ផ្អើលនេះ បានបន្តរហូតមកដល់ឆ្នាំនេះ។
មានឧក្រិដ្ឋកម្មជាប់ពាក់ព័ន្ធជាមួយការស្អប់ជនជាតិអាស៊ីអាមេរិកាំងចំនួន១២២ករណីនៅក្នុងទីក្រុងដែលមានប្រជាពលរដ្ឋដ៏ច្រើនបំផុតចំនួន១៦នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ដែលជាការកើនឡើងជិត១៥០ភាគរយបើប្រៀបធៀបទៅនឹងកាលពីមួយឆ្នាំមុន។ នេះបើតាមទិន្នន័យដែលបានចងក្រងឡើងដោយមជ្ឈមណ្ឌលការសិក្សាការស្អប់ខ្ពើមនិងការនិយមជ្រុលរបស់សាកលវិទ្យាល័យរដ្ឋ California ដែលបានចែករំលែកជាមួយវីអូអេ ។ វីអូអេបានប្រមូលទិន្នន័យនេះដោយឯករាជ្យពីទីក្រុង២ក្នុងចំណោមទីក្រុងទាំង១៦នោះ។
ក្រុមអ្នកគាំទ្រសិទ្ធិជនជាតិអាមេរិកាំងដើមកំណើតអាស៊ី បានសន្មត់ថា ការវាយប្រហារជាបន្តបន្ទាប់ដែលមិនធ្លាប់មានកាលពីពេលមុន បណ្តាលមកពីការស្តីបន្ទោសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើប្រទេសចិនចំពោះវីរុសកូរ៉ូណាដ៏ប្រល័យ និងការទម្លាក់កំហុសជាទូទៅលើជនជាតិអាស៊ីអាមេរិកាំងដោយពលរដ្ឋធម្មតាដែលមានការរកាំចិត្តនិងការខឹងសម្បាដោយសារផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមនៃការរាតត្បាតជំងឺ។
លោក Chris Kwok ជាសមាជិកគណៈកម្មាធិការនាយករបស់សមាគមមេធាវីអាមេរិកាំងដើមកំណើតអាស៊ីនៅរដ្ឋញូវយ៉កបាននិយាយថា «ខ្ញុំគិតថា ការដឹកនាំនយោបាយរបស់អតីតប្រធានាធិបតី Donald Trump ប្រាកដជាបាននាំឲ្យមានការរើសអើងលើពលរដ្ឋដែលគេចាត់ទុកថាជាជនជាតិចិន។ វាជាការស្អប់ខ្ពើមជនជាតិចិន»។
ការកើនឡើងនូវឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ជនជាតិអាស៊ី មានកម្រិតខ្ពស់បំផុតនៅក្នុងទីក្រុងញូវយ៉កដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសដែលមានជនជាតិអាស៊ីច្រើនដែលនៅទីនោះប៉ូលិសបានស៊ើបអង្កេតឧបទ្ទវហេតុដល់ទៅចំនួន២៨ករណីដែលទាក់ទិននឹងជនរងគ្រោះអាមេរិកាំងដើមកំណើតអាស៊ី។ នេះជាការកើនឡើងចំនួនជាង៩ដង បើប្រៀបធៀបជាមួយឆ្នាំ២០១៩។
ទីក្រុងអាមេរិកាំង៤ទៀត ក៏បានរាយការណ៍ពីការកើនឡើងលើស១០០ភាគរយនូវអំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជនជាតិអាស៊ីផងដែរ។ នៅទីក្រុង Philadelphia និងទីក្រុង Cleveland មានសេចក្តីរាយការណ៍ពីឧបទ្ទវហេតុចំនួន៦ករណីក្នុងទីក្រុងនិមួយៗ ដែលបានកើនឡើងពីចំនួន២ករណីនៅក្នុងឆ្នាំ២០១៩។ ក្នុងទីក្រុង San Jose មាន១០ករណីដែលបានកើនឡើងពី៤ករណី។ ចំណែកឯទីក្រុង Los Angeles បានរាយការណ៍ពីចំនួន១៥ករណីដែលកើនឡើងពីចំនួន៧ ករណី។
«ខណៈដែលទីក្រុងភាគច្រើនជាទូទៅឃើញមានការធ្លាក់ចុះនូវចំនួនឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើម រួមមានការវាយប្រហារប្រឆាំងនឹងក្រុមនានាដែលកាលពីពេលថ្មីៗនេះ បានកើនឡើងដូចជា អំបូរជនជាតិហ្សិពជាដើម ការវាយប្រហារប្រឆាំងនឹងជនជាតិអាស៊ីបានកើនឡើងនៅក្នុងទីក្រុងភាគច្រើន ហើយបានធ្លាក់ចុះនៅក្នុងទីក្រុងតែមួយគឺរដ្ឋធានីវ៉ាស៊ីនតោន»។ នេះបើតាមសម្តីលោកBrian Levinនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលការស្រាវជ្រាវការស្អប់ខ្ពើមនិងការនិយមជ្រុល។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានសន្មត់ថាឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើម ជាឧក្រិដ្ឋកម្មដែលជម្រុញឡើងដោយសារកត្តាជាតិសាសន៍ សាសនា ផ្លូវភេទនិងកត្តាផ្សេងៗទៀត។ ឧទាហរណ៍រួមមានការវាយលើរាងកាយនិងការបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈ។ ជារៀងរាល់ខែវិច្ឆិកា ការិយាល័យ FBI បានចេញផ្សាយទិន្នន័យប្រចាំឆ្នាំរបស់ខ្លួនអំពីការស្អប់ខ្ពើមកាលពីមួយឆ្នាំមុន។ ការណ៍នេះមានន័យថា ទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ងារប៉ូលិសមួយក្តាប់តូចបានឆ្លុះបញ្ចាំងពីចំនួននៃការស្អប់ខ្ពើមកាលពីមួយឆ្នាំមុនតែប៉ុណ្ណោះ។
លោក Levin បាននិយាយទៀតថា ថ្វីបើផ្អែកលើទិន្នន័យគំរូតូចក៏ដោយ ក៏តួលេខនេះ បានបង្ហាញយ៉ាងខ្លាំងថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏អាក្រក់បំផុតនៅក្នុងសតវត្សរ៍នេះសម្រាប់ឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិអាស៊ី។
ការកើនឡើងដែលត្រូវបានរាយការណ៍នៅក្នុងឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយការស្អប់ជនជាតិអាស៊ី ស្របដូចទិន្នន័យដែលត្រូវបានតាមដានដោយអង្គការការពារជនជាតិអាមេរិកាំងដើមកំណើតអាស៊ីដទៃទៀតដែរ។
អង្គការ«បញ្ឈប់ការស្អប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីហ្វិក» Stop AAPI Hate ដែលបានបង្កើតឡើងកាលពីឆ្នាំទៅ ដោយក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីមួយចំនួនដើម្បីតាមដានការស្អប់ខ្ពើមបានកត់ត្រាឧបទ្ទវហេតុជាង២ពាន់៨រយករណីនៃការប្រកាន់ពូជសាសន៍និងការរើសអើងដៅលើជនជាតិអាស៊ីអាមេរិកាំង រវាងខែមិនាដល់ខែធ្នូឆ្នាំ២០២០។ ទោះជាការយាយីដោយការប្រើពាក្យសម្តីមានចំនួនជាង៩០ភាគរយក៏ដោយ ក៏ ការវាយប្រហារលើរាងកាយមានចំនួនជិត៩ភាគរយដែរ។
ជនរងគ្រោះជាច្រើនជាជនជាតិអាស៊ីដែលមិនមែនដើមកំណើតចិន តែត្រូវគេយល់ច្រឡំថាមកពីប្រទេសចិន។
លោក Kwok បាននិយាយថា «ជនជាតិអាស៊ីខាងកើតដែលមានមុខមាត់ដូចចិនឥឡូវនេះកំពុងជួបប្រទះបញ្ហានេះ ហើយថាការរើសអើងប្រឆាំងជនជាតិអាស៊ីបែបនេះធ្លាប់បានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិកជាយូរយាណាស់មកហើយ»។
ក្នុងរបាយការណ៍ដ៏គួរឲ្យបារម្ភមួយដែលបានចេញផ្សាយកាលពីខែមុន អង្គការ Stop AAPI Hate បានឲ្យដឹងថា ឧបទ្ទវហេតុចំនួន១២៦ករណីបានកើតឡើងចំពោះពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីដែលមានអាយុលើស៦០ឆ្នាំ។ ឧបទ្ទវហេតុមួយចំនួនបានកើតមានឡើងនៅតំបន់ San Francisco Bay កាលពីខែមុន រួមមាន១ករណីទាក់ទិននឹងបុរសថៃម្នាក់អាយុ៩១ឆ្នាំដែលត្រូវបានមនុស្សម្នាក់រត់មករុញយ៉ាងខ្លាំងបណ្តាលឲ្យលោកដួល។ លោកបានស្លាប់ក្នុងមន្ទីពេទ្យប៉ុន្មានថ្ងៃក្រោយមក។
សហអ្នកបង្កើតអង្គការ STOP AAPI Hate បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកុម្ភៈថា «ការវាយប្រហារហិង្សាទាំងនេះមានផលប៉ះពាល់យ៉ាងខ្លាំងលើសហគមន៍របស់យើង ហើយជាផ្នែកមួយនៃការកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការស្អប់ប្រឆាំងជនជាតិអាមេរិកាំងដើមកំណើតអាស៊ីក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩»។
នៅក្នុងឧបទ្ទវហេតុកាលពីពេលថ្មីៗនេះ បុរសអាយុ ២៣ឆ្នាំម្នាក់ ឈ្មោះSalman Muflihiត្រូវបានចាប់ខ្លួនលើបទចោទប្រកាន់ថា បានចាក់បុរសអាស៊ីម្នាក់អាយុ៣៦ឆ្នាំនៅលើផ្លូវមួយក្នុងសង្កាត់ Chinatown ក្នុងទីក្រុងញូវយ៉ក។ Muflihi ត្រូវបានអាជ្ញាធរចោទប្រកាន់កាលពីពេលថ្មីៗនេះពីបទប៉ុនប៉ងធ្វើឃាតកម្មបន្ថែមពីលើការចោទប្រកាន់ផ្សេងទៀត ក៏ប៉ុន្តែ មិនបានត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមទេ។ ប្រសិនបើអាជ្ញាធរដាក់ពាក្យបណ្តឹងពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ជននោះអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលយូរថែមទៀត។
លោក Kwok បាននិយាយថា «មានការរកាំចិត្ត»នៅក្នុងសហគមន៍អាមេរិកាំងដើមកំណើតអាស៊ីចំពោះការដែលរដ្ឋអាជ្ញាមិនព្រមដាក់ពាក្យបណ្តឹងចោទប្រកាន់អំពីឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើម។
លោកបាននិយាយថា «ខ្ញុំគិតថា ពួករដ្ឋអាជ្ញាចាំបាច់ត្រូវធ្វើការវាយតម្លៃឡើងវិញអំពីវិធីដោះស្រាយរបស់ពួកគេ ជាពិសេសនៅក្នុងសម័យដែលយើងកំពុងរស់នៅសព្វថ្ងៃនេះដែលខ្ញុំគិតថាវាជារឿងអាសន្ន ជាពិសេសសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី នៅពេលដែលពួកគេជួបប្រទះការរើសអើង»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់មេធាវីដើមចោទនៃសង្កាត់ Manhattan បាននិយាយថា ការចោទប្រកាន់បន្ថែម អាចនឹងកើតមានឡើង។
ជាទូទៅកាលពីឆ្នាំមុន ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមបានធ្លាក់ចុះជាមធ្យមចំនួន៧ភាគរយនៅក្នុងទីក្រុងចំនួន១៥ដែលត្រូវបានកត់ត្រាដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាការស្អប់និងការនិយមជ្រុល។ ឧទាហរណ៍ នៅក្នុងទីក្រុងញូយ៉ក ប៉ូលិសបានស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមចំនួន២៦៥ករណី ដែលធ្លាក់ចុះពី៤២៨ករណីបើប្រៀបធៀបជាមួយឆ្នាំមុន។
ទីក្រុង៥ដែលបានរាយការណ៍ពីការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើមមានទីក្រុង២នៅក្នុងរដ្ឋCalifornia ដែលរួមមានទីក្រុង San Jose ដែលបានឃើញការកើនឡើងចំនួន១៦២ភាគរយ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន