ក្រុមអាជ្ញាធរនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់ដែលបានធ្វើឲ្យមនុស្ស៨ស្លាប់ ដោយក្នុងនោះ ៦នាក់ជាស្ត្រីដើមកំណើតអាស៊ី។
ការវាយប្រហារទី១បានកើតមានឡើងនៅឯហាងម៉ាស្សានៅក្នុងទីក្រុង Acworth ដែលស្ថិតនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគខាងជើងទីក្រុង Atlanta។ អាជ្ញាធរនៅទីនោះ បាននិយាយថា អ្នកបាញ់ប្រហារនោះបានសម្លាប់ស្ត្រីជនជាតិអាស៊ី២នាក់ ស្ត្រីស្បែកសម្នាក់និងបុរសស្បែកសម្នាក់។
ប្រហែលមួយម៉ោងក្រោយមក ប៉ូលិសក្រុង Atlanta បានរកឃើញស្ត្រីជនជាតិអាស៊ី៣នាក់ទៀតបានស្លាប់ទំនងមកពីការបាញ់នៅហាងម៉ាស្សាសម្ផស្សស្ប៉ា (spa)។ បន្ទាប់មក ប៉ូលិសបានរកឃើញស្ត្រីអាស៊ីម្នាក់ទៀតបានស្លាប់ ដោយសារគ្រាប់កាំភ្លើងនៅហាង spaនៅជិតនោះ។
បន្ទាប់ពីដេញតាមនៅលើផ្លូវ Highway ប៉ូលិសបានបញ្ឈប់រថយន្តមួយគ្រឿង នៅចម្ងាយប្រហែល២៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Atlanta ហើយបានចាប់ខ្លួនបុរសស្បែកសអាយុ២១ឆ្នាំម្នាក់ឈ្មោះ Robert Aaron Long។
ទីភ្នាក់ងារព័ត៌មាន AP ទើបបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong បានថ្លែងថា៖ «យើងមានការរន្ធត់ចំពោះអំពើហិង្សានេះ ហើយវាមិនត្រូវឱ្យមាននៅអាមេរិកឬនៅទីណាឡើយ»។ លោក Blinken បានកត់សម្គាល់ថាស្ត្រី៤នាក់ដែលស្លាប់ត្រូវគេគិតថាមានដើមកំណើតកូរ៉េ។
ការបាញ់ប្រហារកើតមានឡើងនៅពេលមានការវាយប្រហារផ្សេងទៀតលើពលរដ្ឋអាស៊ីនៅក្នុងសហរដ្ឋអាមេរិក។ អង្គការប្រឆាំងការស្អប់ខ្ពើមជនជាតិអាស៊ីឈ្មោះ Stop AAPI Hate បានហៅការបាញ់ប្រហារនេះថាជា «សោតនាដកម្មដ៏ហួសប្រមាណ» សម្រាប់សហគមន៍អាស៊ីអាមេរិកាំង។
ក្នុងរឿងទាក់ទងផ្សេងមួយ ក្នុងរបាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ ដោយអង្គការ Stop AAPI Hate បានលើកឡើងថា ខ្លួនបានកត់ត្រានូវព្រឹត្តិការណ៍ជិត៣.៨០០ករណី នៃការស្អប់ប្រឆាំងនឹងជនជាតិដើមកំណើតអាស៊ីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ទាំងនោះ កើតឡើងក្នុងរង្វង់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺភ្លាមៗបន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានប្រកាសថា ជាជំងឺឆ្លងរាតត្បាត និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែកក្នុងឆ្នាំ២០២១នេះ មានករណីប្រមាណជាង៥០០ ត្រូវបានកត់ត្រាជុំវិញការស្អប់ជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិកនោះ។
អង្គការ Stop AAPI Hate ជឿថាមានករណីច្រើនជាងនេះដែលមិនត្រូវបានរាយការណ៍។
ក្រុមអ្នកតស៊ូមតិអាមេរិកដើមកំណើតអាស៊ីបានគូសបញ្ជាក់ថា រលកនៃការស្អប់ជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិក ត្រូវបានដុតបញ្ឆេះមួយផ្នែកដោយអតីតប្រធានាធិបតីលោក Donald Trump ដែលជាញឹកញាប់បានប្រើប្រាស់នូវភាសាប្រឆាំងជនជាតិបរទេស ដូចជាពាក្យ «kung flu» ជាដើម ដែលសំដៅទៅលើវីរុសកូរូណានោះ។
កាលពីខែមករា លោកប្រធានាធិបតី Joe Biden បានចេញសេចក្តីប្រកាសមួយដោយបានថ្កោលទោសនូវការកើនឡើងនូវបទឧក្រិដ្ឋជុំវិញការស្អប់ខ្ពើមប្រឆាំងនឹងជនកំណើតអាស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតឆ្លងនៃជំងឺកូវីដ១៩នោះ។
ករណីស្អប់ជនជាតិអាស៊ី បានកើតមានឡើងនៅរដ្ឋទាំង៥០របស់អាមេរិក ប៉ុន្តែករណីច្រើនជាងគេនោះបានកើតនៅរដ្ឋ California ហើយបន្ទាប់មកគឺរដ្ឋ New York៕