លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) បានបង្ហាញក្ដីបារម្ភនៅថ្ងៃពុធនេះអំពីភាពតានតឹងកើនឡើងទាក់ទិននឹងរឿងតៃវ៉ាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក គង់ ភោគ បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញថា អាស៊ានសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងពាក់ព័ន្ធនឹងរឿងតៃវ៉ាន់ និងបញ្ចៀសនូវសកម្មភាពណាមួយដែលធ្វើឱ្យស្ថានការណ៍នេះកាន់តែយ៉ាប់យ៉ឺនឡើង។
ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតំបន់សំខាន់មួយ ហើយការបញ្ជាក់របស់មន្ត្រីកម្ពុជារូបនេះ កើតមានឡើងក្រោយពីប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានសម្រេចធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ថ្វីបើមានការប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិនក៏ដោយ។
លោកស្រីបានចាកចេញពីកោះតៃវ៉ាន់នៅថ្ងៃពុធ ក្រោយពីបានជួបជាមួយប្រធានាធិបតីនិងសមាជិកសភាតៃវ៉ាន់ និងបានសន្យាថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់ទេ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មិនយូរប៉ុន្មានក្រោយលោកស្រីអញ្ជើញទៅដល់ក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារ ប្រទេសចិនបានប្រកាសពីការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ គឺដូចតាមការគំរាមពីមុនរបស់ខ្លួន។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិនក៏បានដាក់កំហិតផងដែរលើការនាំចូលផ្លែឈើនិងត្រីមកពីតៃវ៉ាន់៕
ភ្នំពេញ និងវ៉ាស៊ីនតោន —