ប្រភពមួយចំនួនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន (ASEAN) នឹងពិភាក្សាគ្នានៅថ្ងៃសុក្រស្អែកអំពីការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកមួយចំនួនរបស់សមាគមអាស៊ាន បានរិះគន់ខ្លាំងក្លាលើការណ៍ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនអនុវត្តតាមផែនការ ៥ ចំណុច ដែលខ្លួនបានយល់ព្រមជាមួយអាស៊ានកាលពីខែមេសា។ ផែនការ ៥ ចំណុចនោះ ផ្ដោតភាគច្រើនលើការសន្ទនាក្នុងចំណោមភាគីទាំងអស់ លទ្ធភាពនៃការចែកចាយជំនួយមនុស្សធម៌ និងការបញ្ចប់អរិភាព។
ប្រភពនានាដែលមានមូលដ្ឋាននៅក្នុងប្រទេសជាសមាជិកអាស៊ានបាននិយាយថា ជំនួបដែលគ្មានការគ្រោងទុកតាមអនឡាញនៅថ្ងៃសុក្រស្អែកនេះ នឹងត្រូវរៀបចំដោយប្រទេសព្រុយណេដែលជាប្រធានសមាគមអាស៊ាន។
លោក Erywan Yusof បេសកជនពិសេសរបស់អាស៊ានទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា សមាជិកអាស៊ានខ្លះបាន «ពិភាក្សាគ្នាស៊ីជម្រៅ» រួចហើយអំពីការមិនអញ្ជើញលោក Min Aung Hlaing ឲ្យចូលរួមកិច្ចប្រជុំអាស៊ានតាមអនឡាញដែលនឹងធ្វើឡើងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលាខាងមុខ៕