ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ប្រាក់ សុខុន លុប​ចោល​គម្រោង​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​លើក​ទី៣ ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ជា​លើក​ទី​៣​របស់​លោក ហើយ​ក៏​ជា​ដំណើរ​លើក​ចុង​ក្រោយ មុនអាណត្តិ​របស់​លោក​បាន​បញ្ចប់​ទៅ​ក្នុងឆ្នាំនេះ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ នេះ​បើយោង​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេសកម្ពុជា ដែល​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ លោក ជុំ សុន្ទរី អះអាងថា​ ​ប្រេសិត​ពិ​សេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន សម្រេច​លុប​ចោល​គម្រោង​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​ភូមា​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​យោធា​នេះ ដោយ​សារ​តែ​ពេល​វេលា ខណៈ​ថា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជារូបនេះ ​ក៏​នឹង​មាន​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​និង​សហភាព​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក នា​ពេល​ខាង​មុខ​ផង​ដែរ។ លោកបន្ថែម​ថា​ កត្តាមួយទៀតគឺ​ដោយ​សារ​តែមិន​មាន​ការ​រំពឹង​ថានឹង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ដុំ​កំភួន។

អ្នក​នាំពាក្យ​រូប​នេះ​ប្រាប់​វីអូអេ​តាម​តេឡេក្រាម​ថា​៖ «ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នៅ​តែ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​ជួយ​ប្រទេស​មីយ៉ាន់​ម៉ា​ត្រឡប់​ទៅ​កាន់​ប្រក្រតី​ភាព និង​រង់​ចាំ​ឱ​កាស​ដើម្បី​ចូលរួម​ជា​មួយ​សម​ភាគី​អា​ស៊ាន​ផ្សេង​ទៀត​នៅ​ក្នុង​បុព្វហេតុ​នេះ»។

គម្រោងធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ដោះ​លែង​អ្នក​ទោស​ជា​ទ្រង់​ទ្រាយ​ធំ​របស់​របប​សឹក​ភូមា។ ក្រសួងការ​បរទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​ដោះ​លែង​អ្នក​ទោស​ទ្រង់​ទ្រាយ​ធំ​នេះ​ថា ​ជា​កាយ​វិការ​ដ៏​សំខាន់​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ ដើម្បី​បង្កើត​បរិយា​កាស​អំណោយ​ផល​សម្រាប់​ចាប់​ផ្តើម​ដំណើរ​ការ​សន្ទនា​ ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ទោះ​ជាយ៉ាងណា ក្រោយ​ការ​ប្រកាស​ពី​ដំណើរ​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន វិបត្តិ​នៅ​ប្រទេស​ភូមា​កាន់​តែ​តាន​តឹង និង​មិន​មាន​ការ​ថម​ថយ​ដូច​ការ​រំពឹង​ទុក​របស់ប្រេសិត​ពិសេ​ស​ប្រធាន​អាស៊ាន​ឡើយ ដោយសារ​តែ​អំពើ​ឃោរ​ឃៅ​ប្រឆាំង​នឹង​ពល​រដ្ឋ​នៅ​តែ​បន្ត​កើត​មាន។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេ​ថា​ ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក ប្រាក់ សុខុន គឺដោយសារ​តែ​របប​សឹក​ភូមា​ហាក់​មិន​យល់​ពី​តម្លៃ​នូវ​កិច្ច​ខំប្រឹង​ប្រែង​របស់​កម្ពុជា​ ជាពិសេស​មិន​មានការ​វិវឌ្ឍ​ណាមួយ​ជា​វិជ្ជមាន​សោះ​ឡើយ។ លោក​បន្ត​ថា​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​លើស​ពី​នេះ​ទៀត​ឡើយ​ក្នុង​នាម​ជាប្រធាន​អាស៊ាន​នា​ឆ្នាំ​នេះ​ ខណៈ​ថា​កម្ពុជា​ក៏​មិន​មាន​អំណាច​អ្វី​បង្ខំ​របប​សឹក​ភូមា​ឱ្យធ្វើ​តាម​ឡើយ។ ហេតុ​នេះ​មាន​តែ​ទុក​ភារកិច្ច​នេះ​ឱ្យប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ឆ្នាំ​ក្រោយ គឺ​ប្រទេស​ឥណ្ឌូ​ណេស៊ី។

សាស្ត្រាចារ្យ​រូប​នេះ​អះអាង​ថា​ ការ​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​មិន​មែន​ជា​បរាជ័យ​របស់​កម្ពុជា​ឡើយ ដោយ​សារ​តែ​វា​ទំនួល​ខុស​ត្រូវ​របស់​សមាជិក​អាស៊ាន​ទាំង​អស់។

លោក​ថ្លែង​ថា៖ «​វាមិនមែន​ជាភារកិច្ច​ឬក៏​ទំនួល​ខុសត្រូវ​របស់ប្រធាន​អាស៊ានទាំងស្រុង​ទេ​គឺ​របស់អង្គការ​អាស៊ាន​ទាំង​មូល។ កន្លែង​នេះ​ដែល​យើ​ងហៅ​ថា​បរាជ័យ​វា​ពិបាក​និង​ថា ដោយ​សារតែ​កិច្ចការ​នេះ​មិន​មែន​កម្ពុជា​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង​ទេ គឺ​អាស៊ាន​ទាំង​មូល​៩​ប្រទេស​ហ្នឹង»។

បើ​តាម​លោក ឯម សុវណ្ណារ៉ា កម្ពុជា​មិន​អាច​ធ្វើអ្វី​បាន​លើស​ពី​នេះ​ឡើយ​ ក្រៅ​ពី​ជួយ​គាំទ្រ​និង​គាំពារ​ប្រធាន​អាស៊ាន​ប្តូរ​វេន​នា​ឆ្នាំ​ក្រោយ​ នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។

គ្រា​ឥណ្ឌូណេស៊ី​នឹង​ក្លាយ​ជាប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នាឆ្នាំ២០២៣ ហើយ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​មាន​ចំណាត់​ការ​ខ្លាំង និង​ក្តៅ​ទៅ​លើ​របប​សឹក​ភូមា អ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ​ ធ្លាប់​បាន​លើក​ឡើង​ថា​ នៅ​ពេល​ដែល​ឥណ្ឌូ​ណេស៊ី​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ប្រកាស​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អោង សានស៊ូជី​នោះ ភូមា​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ ហើយ​អាស៊ាន​នឹង​ត្រូវ​បែក​បាក់​ដោយ​សារ​ប្រទេស​នៅ​ក្បែរ​ភូមា ដូច​ជា​ប្រទេស​ថៃ​ជា​ដើម ​មាន​ការ​កើន​ឡើង​នូវ​ជន​ភៀស​ខ្លួន ​ហើយ​ក៏​នឹង​មាន​បញ្ហា​ដោយសារ​ចលនា​តស៊ូ​ផ្សេងៗ​ពី​ប្រទេស​ភូមា​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋប្រហារ​យោធា កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២១។ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

XS
SM
MD
LG