រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាត់ទុកចំណាត់ការរបស់សមាគមអាស៊ានក្នុងការមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដែលនឹងធ្វើឡើងនៅទីក្រុងភ្នំពេញនោះជាការសម្រេចមួយ«មិនអាចទទួលយកបានឡើយ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាចេញផ្សាយកាលពីថ្ងៃចន្ទ។
របបសឹកមីយ៉ាន់ម៉ាថែមទាំងសម្រេចមិនបញ្ជូនតំណាងមិនមែននយោបាយឲ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលនឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២។ អាស៊ានដែលមានកម្ពុជាធ្វើជាប្រធានបានសម្រេចអញ្ជើញតែតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាចូលចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេសតាមការចង់បានរបស់សមាជិកអាស៊ានមួយចំនួនរួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងសិង្ហបុរីជាដើម។ ការអញ្ជើញតែតំណាងមិនមែននយោបាយចូលរួមគឺដោយសារមិនមានការវិវឌ្ឍលើចំណុចទាំង៥ដែលសមាជិកអាស៊ានទាំង១០រួមមានមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរបានសម្រេចកាលពីខែមេសាឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន របបយោធាមីយ៉ាន់ម៉ាបញ្ជាក់ថាខ្លួននឹងមិនអាច«ចូលរួមឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន»ខាងមុខនេះទេដោយសារតែសមាជិកអាស៊ានមួយចំនួនប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីឆ្នាំមុនដែលការសម្រេចនោះ«ផ្ទុយនឹងគោលការណ៍និងការអនុវត្តនៃតំណាងស្មើភាពគ្នាក្នុងអាស៊ាន»។
សេចក្ដីថ្លែងការណ៍នោះបន្ថែមថាបើទោះបីជារដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេននាពេលបច្ចុប្បន្ននិងរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងអាស៊ានក៏ដោយវាពិតជាគួរឱ្យសោកស្តាយដែល«ការសម្រេចចិត្តដោយឯកតោភាគី»របស់អតីតប្រធានអាស៊ានគឺព្រុយណេ កាលពីឆ្នាំមុនដែលអនុញ្ញាតឱ្យតែអ្នកតំណាងមីយ៉ាន់ម៉ាមិនមែននយោបាយចូលរួមក្នុងកិច្ចប្រជុំអាស៊ាននោះគឺ«មិនអាចទទួលយកបាននោះទេ»។
សេចក្តីថ្លែងការណ៍នោះបានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបានខិតខំធានាធ្វើយ៉ាងណាឲ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ២០២២នេះនៅប្រទេសកម្ពុជា។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីក៏សមាជិកអាស៊ានមួយចំនួននៅតែប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីខែតុលាឆ្នាំមុនដដែលដែលការសម្រេចនោះគឺផ្ទុយទៅនឹងគោលការណ៍អធិបតេយ្យភាពជាតិនិងសមភាពដែលមានចែងក្នុងធម្មនុញ្ញអាស៊ានសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)គោលការណ៍ទាំង៥នៃការរួមរស់ដោយសន្តិភាពនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាបន្ថែមថា៖«មីយ៉ាន់ម៉ាដែលនៅតែប្រកាន់ខ្ជាប់តាមគោលការណ៍សមភាពដូចមានចែងក្នុងធម្មនុញ្ញអាស៊ាននឹងបន្តពង្រីកការចូលរួមប្រកបដោយផ្លែផ្កាជាមួយនឹងប្រធានអាស៊ានបច្ចុប្បន្នរួមទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ផងដែរ»។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានត្រូវបានលើកពេលម្តងហើយកាលពីខែមករាក្រោយពីមានភាពចម្រូងចម្រាសលើការអញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់របបយោធាមីយ៉ាន់ម៉ាចូលរួមដែលមានការជំទាស់ពីសមាជិកមួយចំនួន។
រដ្ឋមន្ត្រីការបរទេសពីបណ្តាសមាជិកអាស៊ានទាំងអស់ក្រៅពីមីយ៉ាន់ម៉ានឹងចូលរួមការប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកុម្ភៈដោយមួយចំនួននឹងមកចូលរួមដោយផ្ទាល់ហើយមួយចំនួនទៀត នឹងចូលរួមតាមប្រព័ន្ធអនឡាញ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា ចាត់ទុកថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលយោធាមីយ៉ាន់យ៉ា«មិនមែនជារឿងថ្មី»នោះទេពីព្រោះមីយ៉ាន់ម៉ាធ្លាប់ធ្វើការសម្រេចដូចគ្នានៅពេលប្រទេសព្រុយណេធ្វើជាប្រធានអាស៊ាន។
លោកបញ្ជាក់ថាការសម្រេចរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនចាត់តំណាងមិនមែននយោបាយចូលរួមកិច្ចប្រជុំនេះគឺពាក់ព័ន្ធនឹងមុខមាត់មេដឹកនាំយោធានិងការជំរុញទៅមុខលើចំណុចព្រមព្រៀងគ្នាដោយឯកច្ឆន្ទទាំង៥។
លោកថ្លែងថា៖ «គ្រប់គ្នាច្បាស់ហើយថាមេដឹកនាំយោធានេះនឹងមិនចាត់តាំងតំណាងនយោបាយមកចូលរួមក្នុងកិច្ចប្រជុំទេប្រសិនបើគាត់ចាត់តាំងតំណាងមិននយោបាយ វាហាក់ដូចជាធ្វើឲ្យខ្លួនឯងបាក់មុខ ហើយទីពីរ គឺហាក់ដូចជាទទួលស្គាល់ថាខ្លួនមិនបានខិតខំប្រឹងប្រែងធ្វើឲ្យមានវឌ្ឍនភាពជាដុំកំភួននូវកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុចដែលខ្លួនបានចុះហត្ថលេខាផងដែរ»។
កាលពីខែមេសាឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរបានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ទី២កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាសេចក្តីសម្រេចមិនបញ្ជូនតំណាងមិនមែននយោបាយមកចូលរួមក្នុងកិច្ចប្រជុំនេះបង្ហាញថារដ្ឋាភិបាលយោធាមិនទទួលយករបៀបដោះស្រាយបញ្ហារបស់អាស៊ានហើយវាអាចធ្វើឲ្យមីយ៉ាន់ម៉ាកាន់តែងាកឆ្ងាយពីយន្តការអាស៊ាន ហើយវិបត្តិនៅក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើង។លោកបន្តថាអាស៊ានមិនទាន់បង្ហាញជាគំនិតឬយន្តការផ្តួចផ្តើមថ្មីដើម្បីជំរុញឲ្យមានដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ានៅឡើយទេ។
លោកថ្លែងថា៖ «អាស៊ានហាក់ដូចជាមិនមានឥទ្ធិពលអីទេ។ហើយប្រធានអាស៊ានហាក់ដូចជាមិនអាចផ្តួចផ្តើមនូវយុទ្ធសាស្រ្តឬក៏យុទ្ធវិធីថ្មីណាមួយនៅក្នុងការចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានៅភូមាដែរ។ ដូច្នេះបើសិនជាក្នុងករណីអាស៊ានមិនមានវិធីសាស្រ្តអីថ្មីឬក៏មិនមានយន្តការនៅក្នុងការរុញកុងសង់ស៊ីស៥ចំណុចនោះទេខ្ញុំគិតថាវិបត្តិនៅភូមានឹងមិនអាចដោះស្រាយចេញនៅក្នុងដំណាក់កាលឆាប់ៗនេះទេ»។
វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេនៅថ្ងៃអង្គារនេះ។
នៅពេលក្លាយជាប្រធានអាស៊ានចាប់តាំងពីដើមខែមករាមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញបំណងរបស់លោកចង់ឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតមួយឆ្នាំមកហើយនោះមកចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញបន្ទាប់ពីត្រូវបានផាត់ចោលដោយមេដឹកនាំអាស៊ានកាលពីកន្លងទៅ។
លោក ហ៊ុន សែន ថែមទាំងបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបជាមួយមេដឹកនាំយោធាផងដែរ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានរិះគន់ថាមិនបានពិភាក្សាជាមួយសមាជិកផ្សេងទៀត ហើយវាបង្ហាញការទទួលស្គាល់របបសឹកភូមា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅបានអះអាងថាលោកនឹងរង់ចាំមើលថាតើប្រធានសមាគមអាស៊ានក្រោយទៀតនឹងអាចដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាបានឬយ៉ាងណាដោយលោកបានការពារវិធីសាស្រ្ត«ទន់»របស់លោកក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនោះ៕