ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិមនុស្ស អបអរ ក្រោយពី​អាស៊ាន​ប្រកាស​មិន​ឲ្យ​ប្រមុខ​ការទូត​មីយ៉ាន់ម៉ា​ចូល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជា​លើក​ទី៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅ​ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជា​លើក​ទី៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅ​ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

​មេដឹកនាំ​កម្ពុជា ​ទទួល​បាន​ការសរសើរ​ដោយ​កម្រ​ពី​សកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ា​និង​ខ្មែរ​អាមេរិកាំង​ បន្ទាប់ពី​បាន​សម្រេច​ចិត្ត​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ដែល​គ្រោងធ្វើ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ។

កម្ពុជា​ និង​សមាជិក​អាស៊ាន​ដទៃ​ទៀត ​អនុញ្ញាត​ឲ្យ​តែ​តំណាង​មិន​មែន​នយោបាយ​របស់​មីយ៉ាន់ម៉ា​អាច​ចូលរួម​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​នឹង​រៀបចំ​ពី​ថ្ងៃទី​១៦​ ដល់​១៧​ ខែ​កុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ។ នេះ​ បើតាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។

ការសម្រេច​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការជំទាស់​ពី​សមាជិក​អាស៊ាន​ខ្លះ​ ដោយ​ពួកគេ ​បាន​លើក​ហេតុផល​ថា​ វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ចំនួន​៥​ចំណុច​ដែល​របប​យោធា​មីយ៉ាន់ម៉ា​យល់ព្រម​យក​ទៅ​អនុវត្ត​ គឺ​មិន​បាន​ច្រើន​ទេ​ក្នុង​រយៈពេល​ជាង ​៩​ខែ ​មក​នេះ។ ទន្ទឹម​នឹង​នោះ ​ក៏​មាន​សម្ពាធ​ជាខ្លាំង​ពី​អ្នកជំនាញ​ការបរទេស​ និង​សកម្មជន​សិទ្ធិមនុស្ស​អន្តរជាតិ​ផងដែរ។

អ្នកស្រី Wai Wai Nu ​ស្ថាបនិក​និង​ជាប្រធានបណ្តាញ​ស្ត្រី​សន្តិភាព​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរ​ភាសា​កាលពី​ថ្ងៃ​ពុធ​ថា៖

«យើង​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ​ហើយ​យើង​គិត​ថា វាជា​រឿង​សំខាន់​ដែល​រដ្ឋសមាជិក​អាស៊ាន​មក​រួមគ្នា​ជាឯកច្ឆន្ទ ​ឯកភាព ​ដើម្បី​បដិសេធ​អាកប្បកិរិយា​របស់​របប​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ក៏ដូចជា​ការផ្តាច់ខ្លួន​ពី​របប​យោធា​នៅក្នុង​កិច្ចប្រជុំ​ផ្លូវការ​ណាមួយ​របស់​អាស៊ាន​ ហើយ​ការមិន​អញ្ជើញ​ពួកគេ ​គឺជា​រឿង​សំខាន់​សម្រាប់​ពួកយើង​ ពីព្រោះ​របប​យោធា​មិនតំណាង​ឱ្យ​ប្រជាជន​មីយ៉ាន់ម៉ា​ទេ ​ហើយ​ពួកគេ ​មិនគួរ​មាន​កៅអី​នៅក្នុង​អាស៊ាន​នោះ​ឡើយ»។

ក្រុមសកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ា ​និង​កម្ពុជា ​បាន​រួមគ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​ស្ថានកុងស៊ុល​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី​៧​និង​៨​ខែ​មករា។ ពួកគេ​យល់​ថា ​វា​ គឺជា​ការទទួល​ស្គាល់​របប​សឹក​ដែល​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​របស់​អ្នកស្រី​ អោង សាន​ស៊ូជី​ ដែល​ជា​មេដឹកនាំ​ប្រជាធិបតេយ្យ។ សមាជិក​អាស៊ាន​ជាច្រើន ​ក៏​បាន​រិះគន់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​ទៅ​ចាប់ដៃ​មេដឹកនាំ​របប​យោធា​ លោក Min Aung Hlaing (មីន អោងឡាំង)។ ប្រទេស​មួយ​ចំនួន​ បាន​ធ្វើពហិការ​មិនចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប​ កាលពី​ចុងខែ​មករា។ ក្រុមយោធា​មីយ៉ាន់ម៉ា​ ក៏​មិនបាន​គោរព​តាម​ការសន្យា​ដែល​ពួកគេ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​លោក ហ៊ុន សែន​ ទេ ​ដោយ​បាន​បន្ត​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុមប្រឆាំង​តែ​ក្នុង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រតិភូ​កម្ពុជា​ បាន​ចាកចេញ​ និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បាន​កាត់ទោស​អ្នកស្រី​ អោង សានស៊ូជី​ បន្ថែម​ទៀត។ ​

អ្នកស្រី​ Khin Ohmar​ ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ ​Progressive Voice បាន​សរសើរ​ជំហរ​ថ្មី​របស់​ប្រធាន​អាស៊ាន​នៅ​ពេល​នេះ៖

«ខ្ញុំ​គិត​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ច្បាស់​ជា​បាន​រៀន​មេរៀន​ដ៏​ធំ​មួយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់ ​ហើយ​មេដឹកនាំ​អាស៊ី​ផ្សេង​ទៀត​ដូច​ជា ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​សិង្ហបុរី ​ប្រាកដជាបាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​នេះ។ ​ខ្ញុំ​គិត​ថា រួម​បញ្ចូល​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​ក្នុង​ការ​ដោះស្រាយ​ជាមួយ​យោធា​នេះ​ គាត់​ថយក្រោយ​មួយ​ជំហាន​ដើម្បី​ឆ្លុះបញ្ចាំង ​និង​ទទួលយក​ជំហរ​បច្ចុប្បន្ន​ដោយ​មិនអនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​របស់​របប​យោធា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស។ ខ្ញុំ​គិត​ថា ​នេះ ជា​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​មួយ​ ហើយ​ក៏ជាការ​បង្ហាញ​ពីភាព​ជា​អ្នកដឹកនាំ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​តំបន់ ​ដើម្បី​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា»។

លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ បាន​បញ្ជាក់ប្រាប់​វីអូអេ​ខេមរភាសា​ដែរ​ថា៖

«ជា​ការល្អ​ដែល​ស្រប​ទៅតាម​មតិ​របស់​អាស៊ាន​ បើ​មិន​ដូច្នេះទេ ​គាត់​នឹង​ជួប​ប្រទះ​ឧបសគ្គ​ទៅ​ថ្ងៃក្រោយ​ពី​សមាជិក​អាស៊ាន​មិនខាន»។

សកម្មជន​សិទ្ធិមនុស្ស​ ទទូច​ឲ្យ​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន ​បើក​ការចរចា​ជាមួយ​នឹង​គ្រប់​ភាគី​ទាំងអស់​ ក្នុង​នោះ​មាន​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​គាំទ្រ​អ្នកស្រី ​អោង សានស៊ូជី ​និង​ក្រុម​ប្រដាប់​អាវុធ​នានា​ដើម្បី​ដោះស្រាយ​ជម្លោះ។

អ្នកស្រី ​Khin Ohmar បាន​បន្ថែម​ថា៖ «ដូច្នេះ ​ពេលនេះ​ដល់ពេល​ដែល​អាស៊ាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ជាផ្លូវការ​ហើយ ហើយ​ជំហាន​ដំបូង​ គឺ​ត្រូវ​ពិភាក្សា​យ៉ាង​ពិតប្រាកដ​នូវ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ វិបត្តិ​ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​រួមមាន​វិបត្តិ​មនុស្សធម៌​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ និង​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ក៏ដូចជា​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ផងដែរ ​គឺ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ​ដែល​ខ្លួនគេ​ជា​រដ្ឋាភិបាល​មូលដ្ឋាន​នៅក្នុង​តំបន់​ជនជាតិ​របស់​ខ្លួន។ ពួកគេ​ គឺជាថ្នាក់​ដឹកនាំដែល​អាស៊ាន​ចាំបាច់​ត្រូវ​ចូលរួម​ និង​សហការ​ជា​ផ្លូវការ»។

គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​យល់​ថា​ កម្ពុជា ​ត្រូវ​ថ្លឹងថ្លែង​ផលប្រយោជន៍​រួម​របស់​សមាជិក​អាស៊ាន​ជាពិសេស​សំឡេង​ភាគច្រើន​នៃ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​សមាជិក។

អ្នកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា៖​ «តួនាទី​ជា​ប្រធាន​អាស៊ាន ​គឺ​ជា​អ្នក​សម្របសម្រួល​ធ្វើ​យ៉ាង​ដូចម្តេច​ឲ្យ​មានការស្របគ្នា​នៃ​សមាជិក​ទាំងអស់​ អត់​មានខ្វះ​អ្នកណា​មួយ​ទេ ​មិនមែន​ប្រធាន​មាន​ញញួរ​ហ្នឹង​ស្រេច​តែ​ដំទេ។ ខុសស្រឡះ​ហើយ។ ដូច្នេះ​ ជំហរ​នៃ​ពលរដ្ឋ​ភូមា​ ត្រូវ​អាស៊ាន​ស្តាប់​ទាំងប្រធាន​ហ្នឹង​ ស្តាប់​ជំហរ​ និង​ការស្រែក​ឃ្លាន​នៃ​ពលរដ្ឋ​ភូមា»។ ​

អ្នកស្រី ​មូរ សុខហួរ ​យល់ស្រប​នឹង​ការស្នើសុំ​របស់​សកម្មជន​សិទ្ធិមនុស្ស៖ «អាស៊ាន​ត្រូវតែ​ទទួលយក​តំណាង​ស្របច្បាប់​នៃ​ពលរដ្ឋ​ភូមា​នៅក្នុង​កិច្ចប្រជុំ​នៃ​អាស៊ាន​ទាំងអស់​ មិនត្រូវ​ឲ្យ​មាន​យោធា​ភូមា ​ឬ​អ្នកតំណាងយោធា​ភូមា​ គឺ​អត់​មាន​ជាដាច់ខាត ​គឺ​ត្រូវ​យក​តំណាង​នៃ​ពលរដ្ឋ​ភូមា​។ នៅ​ក្នុង​ការចរចា​ជជែក​ យើង​មិន​អាច​ផ្តល់ភាព​ស្របច្បាប់​ដល់​យោធា​ភូមា​ជា​ដាច់ខាត។ យោធា​ភូមា​ មិនមែន​ជា​រដ្ឋាភិបាល​ភូមា​ទេ ​គឺ​ជា​របប​យោធា​ផ្តាច់ការ ​កំពុងតែ​សម្លាប់​ពលរដ្ឋ»។

មានពលរដ្ឋ​មីយ៉ាន់ម៉ា​ចំនួន​ជាង​១.៥០០​នាក់​ ក្នុងនោះ​មាន​កុមារ​ផងដែរ ​ត្រូវ​បាន​ក្រុមយោធា​សម្លាប់ និង​បាន​ចាប់​ដាក់​ពន្ធនាគារ​ជិត​១២.០០០នាក់ ​ចាប់តាំង​ពី​របប​យោធា​បាន​ឡើង​កាន់​អំណាច​កាលពី​ថ្ងៃទី១ ​ខែកុម្ភៈ ឆ្នាំ២០២១ ​មក។ នេះ ​បើតាម​តួលេខ​ចងក្រង​ដោយ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​របស់​មីយ៉ាន់ម៉ា។

អ្នកស្រី​ Wai Wai Nu ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ឥឡូវនេះ​ យើង​មាន​វិបត្តិ​សិទ្ធិមនុស្ស ​ក៏ដូចជា​ពេលនេះ​ យើង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​មនុស្សធម៌​ ហើយ​ប្រទេស​ទាំងមូល​ កំពុង​ស្ថិតនៅ​ក្រោម​សង្រ្គាម​ស៊ីវិល​ពេញលេញ​ ក្រៅពី​ទីក្រុងធំៗ​មួយ​ចំនួន​ ហើយ​ស្ថានភាព​ គឺ​ធ្ងន់ធ្ងរ​ខ្លាំង ​ហើយ​អាស៊ាន ​និង​អង្គការ​សហប្រជាជាតិ​ ចាំបាច់​ត្រូវតែ​បង្កើន​ល្បឿន​ ដើម្បី​បញ្ចប់​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​នេះ ​ដែល​ប្រព្រឹត្ត​ដោយ​យោធា​មីយ៉ាន់ម៉ា»៕

XS
SM
MD
LG