រដ្ឋមន្រ្តីការបរទេសកម្ពុជានិងជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ ២០២២ ឲ្យដឹងថាមេដឹកនាំសមាគមអាស៊ានបានសម្រេចមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwinមកចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ ដែលគ្រោងធ្វើឡើងនៅចុងខែកក្កដានេះ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានថ្លែងថា ដោយសារមិនមានការវិវឌ្ឍនៃចំណុចឯកច្ឆន្ទទាំង ៥ ទៅលើបញ្ហាមីយ៉ាន់ម៉ា មេដឹកនាំអាស៊ានទាំង ៩ ទៀត មិនអាចអញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់របបសឹកមីយ៉ាន់ម៉ា ចូលរួមប្រជុំបានទេ។ លោកបន្ថែមថាមីយ៉ាន់ម៉ាអាចចាត់តាំងមន្រ្តីមិនមែននយោបាយចូលរួមកិច្ចប្រជុំនេះបាន។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ខ្ញុំបានផ្ញើលិខិតទៅគាត់ ប៉ុន្តែពន្យល់គាត់ថា ដោយសារស្ថានភាពបច្ចុប្បន្ន ដូចយើងបានដឹងហើយ គឺសុំឲ្យគាត់ចាត់តាំងតំណាងដែលមិនមែនយោបាយចូលរួមកិច្ចប្រជុំ AMM [Asean Ministers’ Meeting ] ខាងមុខនេះ ហើយខ្ញុំក៏បានប្រាប់គាត់ដែរថា ការអញ្ជើញបែបនេះ គឺធ្វើឡើងដោយការសោកស្តាយ ប៉ុន្តែកាលៈទេសៈមិនទាន់អំណោយផល ដើម្បីអនុញ្ញាតឲ្យខ្ញុំអញ្ជើញគាត់ផ្ទាល់សម្រាប់ចូលរួមនៅក្នុងកិច្ចប្រជុំនេះ»។
បើតាមលោក ប្រាក់ សុខុន មេដឹកនាំអាស៊ានទាំង ៩ ប្រទេស ដោយមិនមានមីយ៉ាន់ម៉ាបានឯកភាពគ្នាថា ដរាបណាមិនទាន់មានការ «ជឿនលឿនគ្រប់គ្រាន់» នៃកិច្ចព្រមព្រៀងទាំង ៥ ចំណុច ការចូលរួមរបស់មីយ៉ាន់ម៉ា អាចចូលរួមបានតែតំណាងមិនមែននយោបាយតែប៉ុណ្ណោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា តាមរយៈសារអ៊ីម៉ែលបាននៅឡើយទេ នាថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋាភិបាលកម្ពុជាព្យាយាមឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់របបសឹកមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បើទោះមានការជំទាស់ពីមេដឹកនាំរបស់ប្រទេសមួយចំនួនក៏ដោយ។
កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ រដ្ឋមន្រ្តីការពារជាតិរបស់របបសឹកមីយ៉ាន់ម៉ា គឺលោក Mya Tun Oo ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិដោយផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយក្នុងប្រទេសកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា វាជារឿងល្អដែលកម្ពុជារក្សាជំហរដែលត្រូវបានឯកភាពដោយមេដឹកនាំអាស៊ាន ក្នុងការមិនអញ្ជើញតំណាងនយោបាយចូលរួមកិច្ចប្រជុំដែលកម្ពុជារៀបចំ។ លោកបន្ថែមថា កម្ពុជាត្រូវដើរលើបន្ទាត់នយោបាយការបរទេសមួយ ដែលរក្សាអត្ថប្រយោជន៍សម្រាប់ខ្លួន។
លោកបញ្ជាក់ថា៖ «បញ្ហាបើយើងនិយាយ យើងជៀសអត់បាន ដោយសារតែកម្ពុជាហើយនិងអាស៊ានបានសម្របសម្រួលច្រើនហើយ ដើម្បីទុកពេល ទុកឱកាសឲ្យសហភាពមីយ៉ាន់ម៉ាហ្នឹងធ្វើការសម្រេចចិត្ត ឬក៏ឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង»។
លោកបន្ថែមថា កម្ពុជាមិនគួរដើរតាមការចង់បានរបស់ភាគីមីយ៉ាន់ម៉ាពេកទេ គឺត្រូវឈរលើ «បន្ទាត់នយោបាយរួម»។
កាលពីខែមេសា ឆ្នាំ២ ០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ កិច្ចព្រមព្រៀងនេះធ្វើឡើងជាង ២ ខែ បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង។ ៥ ចំណុចនៃកិច្ចព្រមព្រៀងនោះរួមមានទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថាដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មាន«វឌ្ឍនភាពគួរឲ្យកត់សម្គាល់ខ្លះៗដែរ» ហើយលោកថា វានឹង«បើកច្រកថ្មី»យ៉ាងហោចណាស់សម្រាប់ការចរចានយោបាយពីគ្រប់ភាគីជម្លោះនៅពេលខាងមុខ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថានេះអាស្រ័យលើភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា៕