ចំនួនមនុស្សស្លាប់នៅក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើក្រុមបាតុករបានកើនរហូតដល់ជាង៥០០ នាក់ ស្របពេលដែលក្រុមឧទ្ទាមប្រដាប់អាវុធគំរាមសងសឹករបបយោធានៅថ្ងៃអង្គារនេះ ប្រសិនបើការបង្ក្រាបដោយបង្ហូរឈាមនេះមិនបញ្ឈប់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners (AAPP)) បានបញ្ជាក់ថា មានជនស៊ីវិល ៥១០ នាក់បានស្លាប់ ប៉ុន្តែបានបន្ថែមថា ចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ។
ប្រទេសមហាអំណាចនានានៅលើពិភពលោកបានបង្កើនការថ្កោលទោសលើយុទ្ធនាការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមីយ៉ាន់ម៉ា។ រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres វិញ បានអំពាវនាវឲ្យមានការរួមគ្នាជាសាកលដើម្បីដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករជាង ១០០ នាក់ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍កន្លងទៅនេះ។
បន្ថែមពីលើយុទ្ធនាការដាក់សម្ពាធនេះ ក្រុមឧទ្ទាមជាតិសាសន៍ភាគតិច ៣ ក្រុមនៅមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានថ្កោលទោសការបង្ក្រាបនេះ និងបានគំរាមរួមកម្លាំងជាមួយក្រុមបាតុករដើម្បីប្រយុទ្ធ ប្រសិនបើយោធាមិនបញ្ឈប់អំពើហិង្សានេះ។
ក្រុមឧទ្ទាមទាំង ៣ នោះ គឺក្រុមយោធារំដោះជាតិ Ta'ang (Ta'ang National Liberation Army) ក្រុមយោធាសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិសាសន៍មីយ៉ាន់ម៉ា (Myanmar Nationalities Democratic Alliance Army) និងក្រុមយោធា Arakan (Arakan Army (AA))។
ក្រុមទាំង ៣ នេះបានចេញសេចក្ដីថ្លែងការណ៍រួមមួយថា៖ «ប្រសិនបើពួកគេ [យោធា] មិនបញ្ឈប់ [ការបង្ក្រាប] ហើយនៅតែបន្តសម្លាប់ប្រជាពលរដ្ឋ យើងនឹងសហការជាមួយនឹងក្រុមអ្នកតវ៉ាដើម្បីប្រយុទ្ធតបទៅវិញ»៕