ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅក្រៅកិច្ចប្រជុំកំពូលអំពីអាកាសធាតុ COP26 នៅទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃចន្ទ ដោយបន្តការពិភាក្សារបស់ពួកគេអំពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងអាស៊ីបូព៌ាកាលពីខែតុលា។
លោក Biden បានប្រាប់លោក Widodo ថា «ឥណ្ឌូណេស៊ី គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយការដឹកនាំរបស់លោកនៅឥណ្ឌូប៉ាស៊ីហ្វិក គឺសំខាន់ណាស់»។ លោក Widodo បានថ្លែងអំណរគុណលោក Biden សម្រាប់វ៉ាក់សាំងកូវីដ១៩ចំនួន ១៣,៤ លានដូស ដែលជាការបរិច្ចាគមួយក្នុងចំណោមការបរិច្ចាគដ៏ធំបំផុតដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តល់តាមរយៈយន្តការ COVAX ដែលចែករំលែកវ៉ាក់សាំង។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការព្យាយាមផ្នែកការទូតរបស់លោក Biden ដើម្បីទាក់ទាញទឹកចិត្តឥណ្ឌូណេស៊ីដែលជាប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍ ជាតំបន់ដែលឥទ្ធិពលសេដ្ឋកិច្ច ការទូត និងយោធារបស់ចិន កំពុងកើនឡើងជាលំដាប់។
ការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត សេរីភាពនាវាចរណ៍ក្នុងសមុទ្រ រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា និងការពង្រឹង«ភាពជាដៃគូយុទ្ធសាស្ត្រ» ស្ថិតក្នុងចំណោមប្រធានបទដែលលោកទាំងពីរបានពិភាក្សា។ នេះ បើយោងតាមសេតវិមាន។ នេះជាការជួបមុខគ្នាផ្ទាល់លើកដំបូងរវាងលោកទាំងពីរ ចាប់តាំងពីលោក Biden ឡើងកាន់តំណែង។
ក្នុងកិច្ចប្រជុំរយៈពេលជិតមួយម៉ោង លោក Biden បានរំឭកនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអព្យាក្រឹតភាពអាស៊ាន និងការគាំទ្រទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលសំខាន់ដើម្បីធានាថា ដំណើរការ និងសកម្មភាពក្នុងតំបន់ត្រូវកំណត់ និងដឹកនាំដោយប្លុកដែលមាន១០ប្រទេស។
តាំងពីបានកកើតមក ប្រទេសឥណ្ឌូណេស៊ី មានមោទនភាពប្រកាន់គោលការណ៍មិនចូលបក្សសម្ព័ន្ធ ប្រកាន់គោលនយោបាយការបរទេស«ឯករាជ្យ និងសកម្ម» ដោយប្រកាន់យកនូវវិធីសាស្រ្តតុល្យភាព ដើម្បីចៀសវាងការខឹងសម្បាពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឬទីក្រុងប៉េកាំង។
លោក Lucas Myers អ្នកសម្របសម្រួល កម្មវិធីនិងទំនាក់ទំនងសម្រាប់កិច្ចការអាស៊ីអាគ្នេយ៍នៅកម្មវិធីអាស៊ីរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Wilson Center និយាយថាប៉ុន្តែឥឡូវនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឱ្យប្រទេសឥណ្ឌូណេស៊ីប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងការបំពានរបស់ចិន ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងហ្សាការតាថ្មីៗនេះ បានប្រកាន់ជំហរទន់ភ្លន់ជាងមុន និងមិនសូវប្រឈមមុខនៅក្នុងជម្លោះផ្ទាល់ខ្លួនជាមួយរដ្ឋាភិបាលក្រុងប៉េកាំងអំពីប្រជុំកោះ Natuna។
ការបញ្ចុះបញ្ចូលដ៏ពិបាក
លោក Aaron Connelly អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានថ្លែងថា នេះ អាចជាការបញ្ចុះបញ្ចូលដ៏ពិបាកមួយ។ រដ្ឋាភិបាលក្រុងប៉េកាំង ប្រឹងប្រែងយកចិត្តលោក Jokowi តាមរយៈការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងការទូតវ៉ាក់សាំង រីឯកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្រោមរដ្ឋបាលលោកប្រធានាធិបតី Obama និងលោកប្រធានាធិបតី Trump មិនមានភាពច្បាស់លាស់នោះទេ។
កាលពីខែតុលាកន្លងទៅ បន្ទាប់ពីជំនួបជាមួយលោក Jake Sullivan ទីប្រឹក្សាសន្តិសុខថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក លោក Luhut Pandjaitan រដ្ឋមន្ត្រីឥណ្ឌូណេស៊ីសម្រាប់សម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគបានថ្លែងប្រាប់ VOA ផ្សាយជាភាសាឥណ្ឌូណេស៊ីថា «យើងចង់ស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែជួនកាលវាពិបាក»។ លោក Pandjaitan បានថ្លែងថា លោកបានប្រាប់លោក Sullivan ថា រដ្ឋាភិបាលក្រុងហ្សាការតាមានការស្វាគមន៍ណាស់ចំពោះអ្នកវិនិយោគចិន «ដោយសារយើងត្រូវការរស់»។
រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្នកវិនិយោគធំបំផុតក្នុងប្រទេសឥណ្ឌូណេស៊ី។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២០ ការវិនិយោគរបស់ចិនក្នុងប្រទេសនេះ បានឡើងដល់ ៤,៨ ពាន់លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មសរុបមានទឹកប្រាក់រហូតដល់ ៧៨,៤៨ ពាន់ លានដុល្លារអាមេរិក។
លោក Pandjaitan បានថ្លែងថា ដោយសាររដ្ឋាភិបាលរបស់លោក Jokowi ផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងប្រទេសឥណ្ឌូណេស៊ីដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចិន។ លោក Pandjaitan និយាយថា លោកបានសួរសហរដ្ឋអាមេរិកថា «ហេតុអ្វី បានជាអ្នកមិនមកវិនិយោគនៅទីនេះដែរ?»
ក្រុមប្រឹក្សាជំនួញសហរដ្ឋអាមេរិក-អាស៊ានបានថ្លែងថា កិច្ចប្រជុំរវាងលោក Biden និងលោក Jokowi គឺជា «ជំហានវិជ្ជមានមួយទៀត» ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។
លោក Marc Mealy អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សានេះបានថ្លែងថា «កិច្ចប្រឹងប្រែងកំណែទម្រង់របស់លោកប្រធានាធិបតី Jokowi ហាក់ដូចជាកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ឥណ្ឌូណេស៊ីក្នុងការប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគបរទេសដោយផ្ទាល់ដែលមានតម្លៃខ្ពស់ជាងមុនក្នុងវិស័យដូចជា ការរុករករ៉ែ និងយានយន្តអេឡិចត្រូនិក»។
លោក Mealy បានបន្ថែមថា «បើមើលទៅមុខអាទិភាពផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ីចំពោះក្រុមហ៊ុនអាមេរិកនឹងរួមមានវិស័យសុខាភិបាល ធនធានថាមពលកកើតឡើងវិញ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងហិរញ្ញប្បទានបៃតងដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច»។
នេះមិនមែនជាលើកទី១ទេដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកព្យាយាមទាញរដ្ឋាភិបាលក្រុងហ្សាការតាចេញពីឥទ្ធិពលរដ្ឋាភិបាលក្រុងប៉េកាំង។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលលោក Trump បានព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសឥណ្ឌូណេស៊ីប្រឆាំងនឹងចិនដោយលើកពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើជនមូស្លីមអ៊ុយហ្គ័រ។ កិច្ចប្រឹងប្រែងនេះ មិនទទួលបានជោគជ័យនោះទេ ប៉ុន្តែ ត្រូវបានរិះគន់ទៅវិញ។
លោក Connelly បានថ្លែងថា «ជនជាតិឥណ្ឌូណេស៊ីដែលមានឥទ្ធិពលជាច្រើនយល់ថា ទង្វើរបស់លោក Pompeo ជាទង្វើមិនគប្បី និងបារម្ភថា កំណើនភាពតានតឹងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងហ្សាការតានឹងនាំឱ្យមានភាពតានតឹងជាតិសាសន៍នៅឥណ្ឌូណេស៊ី។ ដូច្នេះ ទោះបីជាឥណ្ឌូណេស៊ី ជាប្រទេសមានចំនួនជនមូស្លីមច្រើនជាងគេនៅក្នុងពិភពលោកក្តី ប្រទេសនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់អំពីស្ថានភាពក្នុងតំបន់ Xinjiang»។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលលោក Trump បានសន្យាធ្វើការវិនិយោគមានទឹកប្រាក់ ២ ពាន់លានដុល្លារទៅក្នុងមូលនិធិវិនិយោគរបស់រដ្ឋដែលត្រូវបានគេគ្រោងបង្កើតឡើងនៅប្រទេសឥណ្ឌូណេស៊ី។ គម្រោងនេះ ត្រូវបានបញ្ឈប់ភ្លាមៗដោយសារតែតម្លៃតបស្នង គឺការទទួលស្គាល់ប្រទេសអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀង Abraham របស់រដ្ឋបាលលោក Trump ដែលជាតម្លៃខ្ពស់ពេកសម្រាប់រដ្ឋាភិបាលក្រុងហ្សាការតា។
ការរួបរួមលើបញ្ហាមីយ៉ាន់ម៉ា
លោក Biden និងលោក Jokowi បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាទាំងអស់ និងដោះលែងអ្នកទោសនយោបាយ។ សេតវិមាននិយាយថា មេដឹកនាំទាំងពីរបានព្រមព្រៀងថា យោធាត្រូវតែអនុញ្ញាតឱ្យ«ត្រឡប់ទៅរកស្ថានការណ៍មានប្រជាធិបតេយ្យវិញឱ្យឆាប់រហ័ស»។
ប្រទេសមីយ៉ាន់ម៉ាមានចលាចល ចាប់តាំងពីរដ្ឋប្រហារយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈ កន្លងទៅនេះ។
លោក Myers បានថ្លែងតាមសម្តីដើមថា «វិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា អាចជាបញ្ហាដាក់សម្ពាធខ្លាំងបំផុតសម្រាប់អាស៊ាន ហើយប្រទេសឥណ្ឌូណេស៊ី ចេញមុខញឹកញាប់ក្នុងការជំរុញឱ្យមានការឆ្លើយតបខ្លាំងក្លាឡើងប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធា»។
នៅខែតុលា រដ្ឋមន្ត្រីឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីអាស៊ានផ្សេងទៀត បានដកឧត្តមសេនីយ៍ជាន់ខ្ពស់របស់មីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាន ដែលនេះ ជាចំណាត់ការធំបំផុតរបស់អាស៊ានចំពោះបញ្ហាមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយអ្នកស្រី Aung San Suu Kyi៕
អ្នកស្រី Eva Mazrieva និងអ្នកស្រី Virginia Gunawan រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។