ប្រទេសចិនបានបង្ហាញការគាំទ្រចំពោះជំនួបរវាងមេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសកូរ៉េខាងជើងដែលគ្រោងនឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ ទោះបីជាខ្លួនមានការព្រួយបារម្ភថា ខ្លួននឹងមិនអាចចូលរួមនៅក្នុងការពិភាក្សានោះក៏ដោយ។ ការពិភាក្សានេះអាចធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់ និងចំពោះកម្លាំងជំរុញនយោបាយ។
ឆន្ទៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើឲ្យបណ្ដាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល ដែលក្នុងនោះមានទាំងប្រទេសចិនផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញប្រទេសទាំងពីរឲ្យជួបពិភាក្សាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែ ការសម្រេចចិត្តភ្លាមៗដូចនេះរបស់មេដឹកនាំទាំងពីរក្នុងការជួបគ្នា បានបង្កឲ្យមានប្រតិកម្មផ្សេងៗគ្នាពីសំណាក់ប្រជាពលរដ្ឋចិន ទាំងការសប្បាយចិត្ត និងទាំងក្ដីបារម្ភ។
អ្នកវិភាគនានាបាននិយាយថា ជំនួបដែលបានស្នើឡើងនេះបានកាត់បន្ថយយ៉ាងខ្លាំងនូវការគំរាមកំហែងអំពីសង្គ្រាមនៅលើឧបទ្វីបកូរ៉េដែលជាប់នឹងប្រទេសចិន។ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង វាក៏បង្កឲ្យមានការព្រួយបារម្ភផ្សេងទៀតផងដែរ។
លោក Shi Yinhong សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Renmin បាននិយាយថា៖ «ប្រសិនបើមានវិធានការឆ្ពោះទៅរកការព្រមព្រៀងគ្នាមួយផ្នែករវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នោះលោក Kim Jong Un នឹងមានទឹកចិត្តធ្វើការជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលយូរដើម្បីជាការសម្របសម្រួលទប់ទល់នឹងប្រទេសចិន»។
ក្ដីរំពឹងក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងកាន់តែមានភាពជិតស្និទ្ធជាងមុន ក៏បង្កឲ្យមានជាចម្ងល់ផ្នែកយុទ្ធសាស្ត្ររយៈពេលវែងផ្សេងទៀតផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Seo Jeoung Kyung សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាកិច្ចការប្រទេសចិនSyungkyun។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «តើប្រទេសចិនទទួលបានផលប្រយោជន៍ឬទេ នៅពេលដែលកូរ៉េទាំងពីរបង្រួបបង្រួមគ្នាក្រោមការដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកនោះ?»។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែការគាំទ្ររបស់ប្រទេសចិនកាលពីមួយឆ្នាំកន្លងទៅនេះ ចំពោះរបបដឹកនាំកូរ៉េខាងជើងដែលរងទណ្ឌកម្មតឹងតែងបំផុតមួយនៅពេលបច្ចុប្បន្ននេះ បានធ្វើឲ្យមានភាពតានតឹងបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង។ ហើយនេះមិនមែនជាបញ្ហាតែមួយគត់នោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Seo Jeoung Kyung។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងមក គេកម្រឃើញមានការពិភាក្សាគ្នារវាងរបបដឹកនាំរបស់លោក Kim Jong Un និងរបបដឹកនាំរបស់លោក Xi Jinping ណាស់។ ហើយស្របពេលដែលស្ថិតក្នុងស្ថានការណ៍ដែលមានការមិនទុកចិត្តគ្នាខ្លាំងក្លាដូច្នេះទៀត ការជួបពិភាក្សារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីររឹតតែពិបាកនឹងកើតឡើងទៀត»។
នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ការផ្លាស់ប្ដូរភ្លាមៗរបស់លោក Kim Jong Un ពីវិធានការសាកល្បងមីស៊ីលទៅជាវិធានការការទូត បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនបានចូលរួមដោយផ្ទាល់នៅក្នុងរឿងនេះ។ អ្នកខ្លះបានស្នើថា ប្រទេសចិនអាចដើរតួជាអ្នករៀបចំជំនួបពិភាក្សារវាងលោក Trump និងលោក Kim Jong Un ប៉ុន្តែ លោក Shi Yinhong បាននិយាយថា ករណីនេះនឹងទំនងជាមិនកើតឡើងនោះទេ។
លោក Shi Yinhong បាននិយាយយ៉ាងដូច្នេះថា៖ «គ្មានហេតុផលណាមួយដែលលោក Kim Jong Un ត្រូវគោរពប្រទេសចិនឲ្យបានខ្លាំងក្លានោះទេ។ ប្រទេសចិនចង់ដើរតួនាទីខ្លះនៅក្នុងរឿងហ្នឹង ប៉ុន្តែឧបសគ្គចម្បងបំផុតគឺកាប្រឆាំងរបស់លោក Kim Jong Un ជាមួយនឹងចិន»។
ជាងនេះទៅទៀត តាំងពីលោក Trump ដកលោក Rex Tillerson ចេញពីតំណែងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមក និងតាំងពីការប្រឈមផ្នែកការទូតនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ អ្នកវិភាគនានាបាននិយាយថា ស្ថានការណ៍ភាគច្រើននៅតែស្រពិចស្រពិលដដែល។ អ្នកខ្លះថា ការពិភាក្សានេះអាចនឹងមិនកើតឡើងផង។
នៅក្នុងអំឡុងពេលប្រជុំជាមួយនឹងបេសកជនកូរ៉េខាងត្បូងមួយរូបកាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរៀបចំជំនួបពិភាក្សាគ្នាឲ្យបានកាន់តែឆាប់កាន់តែល្អ។ លោក Xi Jinping ថែមទាំងបាននិយាយទៀតថា លោកសប្បាយចិត្តជាមួយនឹងដំណើរវិវឌ្ឍទៅមុខដែលត្រូវបានធ្វើឡើងនៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួលដោយ ភី សុភាដា