នៅថ្ងៃចន្ទនេះ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Chung Eui Yong បានសរសើរប្រទេសចិនថាបានដើរតួនៅក្នុងការជួយជំរុញប្រទេសកូរ៉េខាងជើងឲ្យចូលរួមចរចាអំពីការបញ្ចប់អាវុធនុយក្លេអ៊ែរ។
ជំនួបរវាងលោក Chung Eui Yong ជាមួយនឹងទីប្រឹក្សាគោលនយោបាយកំពូលចិនលោក Yang Jiechi បានធ្វើឡើងបន្ទាប់ពីមានការប្រកាសកាលពីសប្ដាហ៍មុនអំពីជំនួបដែលគ្រោងនឹងធ្វើឡើងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
លោក Chung Eui Yong បាននិយាយថា៖ «ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងរដ្ឋាភិបាលកូរ៉េខាងត្បូងជឿថា ដំណើរវិវឌ្ឍទៅមុខជាច្រើននៅក្នុងការឈានឆ្ពោះទៅសម្រេចបាននូវគោលបំណងសន្តិភាព និងភាពគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើងដោយមានការគាំទ្រ និងការរួមចំណែកយ៉ាងសកម្មពីប្រធានាធិបតីចិនលោក Xi Jinping និងពីរដ្ឋាភិបាលចិន»។
លោក Yang Jiechi បានបញ្ជាក់ឡើងវិញអំពីគោលជំហររបស់ប្រទេសចិនដែលថា ចិនចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ហើយចង់ឃើញការដោះស្រាយបញ្ហាតាមរយៈការចរចា។
មន្ត្រីរដ្ឋាភិបាលអាមេរិកបានសន្យាកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេនឹងមិនធ្វើសម្បទានណាមួយជាមួយនឹងកូរ៉េខាងជើងនៅមុនជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនោះទេ ហើយនឹងនៅតែបន្តដាក់សម្ពាធលើកូរ៉េខាងជើងដដែល៕