ប្រទេសចិនបានបង្ហាញការគាំទ្រចំពោះកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងដែលគ្រោងនឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ ទោះបីជាខ្លួនមានការព្រួយបារម្ភថា ខ្លួនមិនត្រូវបានគេដាក់បញ្ចូលនៅក្នុងការពិភាក្សានោះក៏ដោយ ដែលការពិភាក្សានេះអាចផ្លាស់ប្ដូរយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់ និងកម្លាំងជំរុញនយោបាយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន នៅពេលដែលលោកយល់ព្រមទទួលសំណើរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឲ្យមានការជួបពិភាក្សាគ្នាអំពីការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកសប្បាយចិត្តជាមួយនឹងដំណើរវិវឌ្ឍទៅមុខដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ និងដើម្បីសម្របសម្រួលឲ្យមានការពិភាក្សាដោយផ្ទាល់រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
ប្រទេសចិនអាចទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកូរ៉េខាងជើង។ កិច្ចព្រមព្រៀងនេះ ប្រសិនបើសម្រេចបាន អាចកាត់បន្ថយលទ្ធភាពនៃការកើតមានជម្លោះនៅក្នុងតំបន់ និងស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
ប៉ុន្តែ ការបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចធ្វើឲ្យលោក Xi Jinping និងលោក គីម ជងអ៊ុន កាន់តែឃ្លាតឆ្ងាយពីគ្នា។
អ្នកវិភាគមួយចំនួនបានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវបានសម្រេចឡើង រដ្ឋាភិបាលអាមេរិកនឹងប្រហែលជាមិនត្រូវការការគាំទ្ររបស់រដ្ឋាភិបាលចិនលើការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនោះទេ ហើយរដ្ឋាភិបាលអាមេរិកអាចចាត់វិធានការខ្លាំងជាងនេះទៀតដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយនឹងចិន និងដើម្បីប្រឆាំងនឹងភាពគឃ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕