ស្របពេលដែលអ្នកស្រី Aung San Suu Kyi ត្រូវបានរិះគន់ដោយអន្តរជាតិ ចំពោះការបដិសេធថា មិនមានអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ា គូប្រជែងរបស់អ្នកស្រីនៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កើនវោហាសាស្ត្រប្រឆាំងនឹងជាតិសាសន៍ភាគតិចកាន់សាសនាឥស្លាមនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
មានការរិះគន់នៅទូទាំងពិភពលោកចំពោះប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧។ ការបង្ក្រាបនេះ បានធ្វើឲ្យជាតិសាសន៍នេះរាប់សែននាក់ រត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស។
អំពើហិង្សាដ៏រន្ធត់ ដែលរួមមានទាំងការរាយការណ៍នានាអំពីការធ្វើឃាតនិងការចាប់រំលោភផងដែរ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកស្រី Aung San Suu Kyi នៅលើឆាកអន្តរជាតិមានភាពអាប់អួរ និងធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍នៅឯតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ។
លោក Than Htay មេដឹកនាំគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ (Union Solidarity and Development Party) ដែលមានសម្ព័ន្ធភាពជាមួយយោធា បានទទូចថា ប្រទេសមីយ៉ាន់ម៉ាមិនមានការសោកស្តាយអ្វីទាំងអស់។
លោក Than Htay បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP អំពីជាតិសាសន៍រ៉ូហ៊ីងយ៉ាថា៖ «ខ្ញុំមិនអាចទទួលយកមនុស្សគ្មានប្រយោជន៍នៅក្នុងប្រទេសរបស់យើងបានទេ»។
គណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ គឺជាគណបក្សប្រឆាំងដ៏ចម្បងបំផុតតទល់នឹងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទី ៨ ខែវិច្ឆិកាខាងមុខនេះ៕