មេដឹកនាំស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានបោះឆ្នោតនៅថ្ងៃព្រហស្បត៍នេះ មុនថ្ងៃបោះឆ្នោតមួយសប្តាហ៍ ដោយអ្នកបោះឆ្នោតវ័យចំណាស់រាប់សែននាក់នៅទូទាំងប្រទេស ត្រូវគេរំពឹងថា នឹងទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅពេលបោះឆ្នោតនោះ អ្នកស្រី Suu Kyi បានពាក់ម៉ាស់ និងស្រោមដៃ។ អ្នកស្រីគឺជាមនុស្សដំបូងម្នាក់នៅក្នុងប្រទេស ដែលបានបោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បត៍នេះ នៅក្នុងរដ្ឋធានីណៃពិដោ។
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានអាយុ ៧៥ ឆ្នាំរូបនេះ ត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងបានឡើងកាន់អំណាចវិញនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ដែលជាការបោះឆ្នោតលើកទី ២ ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា បានងើបចេញពីការគ្រប់គ្រងផ្ដាច់មុខដោយយោធាមក។
ស្ថានីយបោះឆ្នោតរាប់ពាន់កន្លែងនៅទូទាំងទីក្រុងរ៉ង់ហ្គូន និងតាមតំបន់ផ្សេងៗទៀត ដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩ បានបើកនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យមានការបោះឆ្នោតមុនថ្ងៃបោះឆ្នោត ដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោតវ័យចំណាស់អាយុលើសពី ៦០ ឆ្នាំ អាចបោះឆ្នោតមុនបាន ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩។
លោក Kyaw Goke អាយុ ៧៣ ឆ្នាំ បានចេញមកបោះឆ្នោតលើកទី ២ នៅក្នុងជីវិតរបស់លោក ដោយលើកនេះលោកបានពាក់ម៉ាស់ និងអនុវត្តការរក្សាគម្លាត។
លោកបាននិយាយថា៖ «ទោះបីជាខ្ញុំខ្លាចជំងឺកូវីដ១៩ ក៏ដោយ ក៏ខ្ញុំជឿថា ការបោះឆ្នោតគឺជាការចាំបាច់»។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា អ្នកស្រី Suu Kyi នឹងឈ្នះការបោះឆ្នោតនេះ។ អ្នកស្រីគឺជាអ្នកដែលការពារពួកយើងពីជំងឺកូវីដ១៩ នេះ»។
អ្នកស្រី Suu Kyi បានដឹកមុខនៅក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអ្នកស្រីបានថ្លែងស្ទើរតែរាល់ថ្ងៃ ដើម្បីអង្វរប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការនានាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕