យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដោយអ្នកស្រី Aung San Suu Kyi ដែលនៅតែត្រូវបានប្រជាពលរដ្ឋជាច្រើនគោរពកោតសរសើរនៅក្នុងប្រទេស ទោះបីកេរ្តិ៍ឈ្មោះរបស់អ្នកស្រីត្រូវថមថយនៅឯបរទេសក៏ដោយ សង្ឃឹមថានឹងឈ្នះភ្លូកទឹកភ្លូកដី ដើម្បីពង្រឹងឋានៈរបស់អ្នកស្រីក្នុងនាមជាមេដឹកនាំស៊ីវិលរបស់ប្រទេសឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Aung San Suu Kyi បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៥ ដោយឈ្នះការបោះឆ្នោតជាតិដំបូងបំផុត ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាងើបចេញពីការគ្រប់គ្រងរាប់ទសវត្សរបស់របបយោធា។
ទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ១៩ ក៏ដោយ ក៏យុទ្ធនាការឃោសនាបោះឆ្នោតនៅតែដំណើរការដដែល ដោយអ្នកចូលរួមពាក់ម៉ាស់ និងឧបករណ៍ការពារផ្សេងៗ។
ដោយមានពាក់ម៉ាសពណ៌ក្រហម របាំងការពារមុខ និងស្រោមដៃកៅស៊ូ អ្នកស្រី Suu Kyi នៅព្រឹកថ្ងៃអង្គារនេះ បានលើកទង់ជាតិរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ដែលមានរូបក្ងោកជានិមិត្តរូប នៅទីស្នាក់ការគណបក្សក្នុងរដ្ឋធានីណៃពិដោ។
អ្នកស្រីបានថ្លែងអំណរគុណអ្នកគាំទ្រ និងបាននិយាយថា៖ «យើងចង់ឲ្យជោគជ័យរបស់យើងក្លាយជាជោគជ័យរបស់ប្រទេសទាំងមូល»។
អ្នកស្រី Suu Kyi ដែលមានតួនាទីជាទីប្រឹក្សារដ្ឋ បានគ្រោងចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីនៅក្នុងទីក្រុងរ៉ង់ហ្គូន ប៉ុន្តែបានលុបចោលវិញកាលពីថ្ងៃចន្ទ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕