ទាហានមីយ៉ាន់ម៉ាដែលផ្ដាច់ខ្លួនសារភាពក្នុងវីដេអូអំពីការសម្លាប់រង្គាល
ទាហានពីរនាក់ដែលផ្តាច់ខ្លួនពីយោធាមីយ៉ាន់បានសារភាពអំពីអំពើឃោរឃៅរបស់ខ្លួនដោយបង្ហាញអាម្មណ៍ក្ដុកក្ដួលបន្តិចបន្តួច ឬគ្មានទាល់តែសោះ។ ចម្លើយរបស់ពួកគេប្រហែលជាត្រូវបានហាត់សមនិយាយ ប៉ុន្តែអ្វីដែលពួកគេនិយាយនោះគឺសាហាវឃោរឃៅ។ អតីតទាហានថ្មើរជើង២រូប ដែលបច្ចុប្បន្ននេះជាអ្នករត់ចោលជួរនៃយោធាមីយ៉ាន់ម៉ា និយាយនៅក្នុងការសារភាពតាមវីដេអូដែលត្រូវបានថតទុកថា ពួកគេបានចូលរួមប្រព្រឹត្តិបទឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលរួមមានទាំងការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញភូមិទាំងស្រុង ក្រោមបញ្ជារបស់មន្ត្រីជាន់ខ្ពស់របស់ពួកគេ។
កូនទាហានថ្នាក់ទាបបំផុតម្នាក់ឈ្មោះ Myo Win Tun ថ្លែងក្នុងវីដេអូមួយថា វរសេនីយឯកមួយរូបបានបញ្ជាឲ្យកងវរសេនាតូចរបស់លោក «បាញ់សម្លាប់មនុស្សទាំងអស់ដែលបានឃើញនិងឮ» មុននឹងក្រុមទាហានរបស់លោកបានសម្លាប់ជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមចំនួន ៣០ នាក់ ហើយបានកប់ពួកគេនៅក្នុងរណ្ដៅសាកសពរួមដ៏ធំមួយ។
Zaw Naing Tun ដែលជាទាហានរត់ចោលជួរម្នាក់ទៀតមកពីកងវរសេនាតូចផ្សេងមួយទៀតបាននិយាយថា វរសេនីយ៍ទោម្នាក់បានបញ្ជាឲ្យលោកនិងទាហានដទៃទៀតសម្លាប់មនុស្សប្រហែល ៨០ នាក់ ដោយរួមមានទាំងកូនក្មេង ក៏ដូចជាមនុស្សចាស់ទាំងប្រុសទាំងស្រីផងដែរ។
អតីតទាហានទាំងពីរនាក់នេះបានប្រាប់លម្អិតអំពីការកាប់សម្លាប់មួយចំនួន ហើយក៏បានបង្ហាញអត្តសញ្ញាណកងវេសនាតូចដែលជាប់ពាក់ព័ន្ធ ប្រាប់ឈ្មោះមន្ត្រីជាន់ខ្ពស់ ឈ្មោះភូមិដែលត្រូវបានដុតកម្ទេច និងទីតាំងនៃរណ្ដៅសាកសពរួម ដែលពួកគេបានយកសាកសពជនរងគ្រោះទៅទម្លាក់ចោល។
ការសារភាពទាំងនេះត្រូវបានថតទុកដោយកងទ័ព Arakan ដែលជាក្រុមបះបោរដែលកំពុងប្រយុទ្ធជាមួយនឹងយោធាមីយ៉ាន់ម៉ា នៅក្នុងរដ្ឋ Rakhine នៃប្រទេសនេះ។ កាសែត The New York Times និងបណ្ដាញផ្សាយព័ត៌មានកាណាដាគឺជាបណ្ដាញព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មាននេះមុនគេ។ បន្ទាប់មក VOA បានពិនិត្យមើលវីដេអូទាំងនេះ ប៉ុន្តែមិនទាន់អាចផ្ទៀងផ្ទាត់ថាតើវីដេអូនោះត្រូវបានថតក្នុងស្ថានភាពដូចម្ដេចនោះទេ។
អង្គការ Fortify Rights ដែលជាក្រុមឃ្លាំមើលសិទ្ធិមនុស្សនិងបានស៊ើបអង្កេតទៅឧក្រិដ្ឋកម្មឃោរឃៅនានាដែលសង្ស័យថាត្រូវបានប្រព្រឹត្តឡើងដោយយោធាមីយ៉ាន់ម៉ា បានវិភាគទៅលើវីដេអូទាំងនោះ ហើយបាននិយាយថា ពាក្យសម្ដីរបស់អតីតទាហានទាំងនេះអាចជឿជាក់បាន។
លោក Matthew Smith នាយកប្រតិបត្តិនៃអង្គការ Fortify Rights បានថ្លែងថា៖«បុគ្គលទាំងពីររូបនេះ គឺជាអ្នកដែលមានប្រតិបត្តិការក្នុងតំបន់ទាំងពីរនេះ នៅភាគខាងជើងរដ្ឋ Rakhine នៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា ហើយពួកគេទទួលបាននូវបទបញ្ជាស្រដៀងគ្នាក្នុងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយវាក៏បញ្ជាក់ពីការសម្រួលដោយមន្ត្រីជាន់ខ្ពស់នៃកងយោធាមីយ៉ាន់ម៉ា។ ការដែល(យើង)បានឮការថ្លែងដោយផ្ទាល់ពីសំណាក់ទាហានដែលជាអ្នកទទួលបញ្ជានោះ គឺជារឿងមានសារៈសំខាន់ខ្លាំងណាស់»។
ការសារភាពរបស់ទាហានទាំងពីរនាក់នេះ បន្ថែមទម្ងន់ទៅលើកំណត់ហេតុដែលត្រូវបានផ្ដល់ដោយជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ក៏ដូចជាអ្នកស៊ើបអង្កេត ដែលត្រូវបានផ្តល់ឲ្យតាំងពីខែសីហា ឆ្នាំ ២០១៧ នៅពេលដែលយោធានៃប្រទេសនេះបានបើកការបង្ក្រាបដ៏ប្រល័យមួយដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់យុទ្ធជនរ៉ូហ៊ីងយ៉ា ទៅលើប៉ុស្តិ៍សន្តិសុខមីយ៉ាន់ម៉ា
ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា យ៉ាងហោចណាស់ជនរ៉ូហ៊ីងយ៉ាចំនួនមួយម៉ឺននាក់ត្រូវបានសម្លាប់ ហើយផ្ទះសម្បែងប្រមាណ ២០០ កន្លែងត្រូវបានបំផ្លិចបំផ្លាញ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាតិ យុទ្ធនាការនេះបង្កឲ្យជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៧សែននាក់រត់គេចខ្លួនចូលទៅប្រទេសបង់ក្លាដែសដែលនៅជិតខាង។ បច្ចុប្បន្ននេះ ពួកគេកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនដែលមានស្ថានភាពគគ្រិចខ្លាំង ហើយពឹងអាស្រ័យទៅលើតែជំនួយមនុស្សធម៌ដើម្បីរស់។
ក្រុមជនភៀសខ្លួនបានចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ដោយសារតែមានការរំលោភជាក្រុម ហើយក៏មានជនរងគ្រោះដែលត្រូវបានចាក់សោរនៅក្នុងផ្ទះហើយត្រូវដុតកម្ទេចចោល។ ក្រុមអ្នកស៊ើបអង្កេតនៃអង្គការសហប្រជាជាតិនិយាយថា ប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលគ្មានរដ្ឋច្បាស់លាស់នេះ គឺជាចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍។
រដ្ឋាភិបាលមីយ៉ាន់ម៉ា តែងតែច្រានចោលការចោទប្រកាន់ទាំងនេះម្ដងហើយម្ដងទៀត។ នៅពេលឡើងផ្ដល់សក្ខីកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីធ្នូឆ្នាំមុន ទីប្រឹក្សារដ្ឋ គឺលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ដែលជាមេដឹកនាំស៊ីវិលជាន់ខ្ពស់បំផុតនៃប្រទេសនេះ បានបដិសេធថា មិនមានយុទ្ធនាការណាមួយដែលគាំទ្រដោយរដ្ឋាភិបាលដើម្បីបំផ្លិចបំផ្លាញជនរ៉ូហ៊ីងយ៉ានោះទេ។
យោធាមីយ៉ាន់ម៉ាបានលើកឡើងថា មានទាហានទុច្ចរិតមួយចំនួនតូចបានប្រព្រឹត្តបទឧក្រិដ្ឋទាំងនោះ។
ជាការឆ្លើយតបទៅនឹងវីដេអូនេះ លោកឧត្តមសេនីយ៍ទោ Zaw Min Tun អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានហៅកងទ័ពបះបោរ Arakan ដែលជាក្រុមបះបោរហើយបានថតវីដេអូនេះថាជាអង្គការភេរវកម្ម ហើយថាអតីតទាហានទាំងនេះ ប្រហែលជាត្រូវបានគេបង្ខិតបង្ខំឲ្យផ្ដល់នូវសេចក្ដីថ្លែងការណ៍នេះ។
លោកក៏បានថ្លែងដែរថា ប្រទេសមីយ៉ាន់ម៉ាមានយន្តការរបស់ខ្លួនក្នុងការស៊ើបអង្កេតទៅលើការរំលោភបំពានសិទ្ធិមនុស្សដែលគេបានចោទប្រកាន់។ ក៏ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់ជាយូរមកហើយថា យោធាបានលាក់បាំងឧក្រិដ្ឋកម្មទាំងនេះ ហើយបានដាក់ទណ្ឌកម្ម ស្រាលៗទៅលើអ្នកដែលនៅថ្នាក់ទាប។
លោក Matthew Smith នៃអង្គការ Fortify Rights ថ្លែងបន្តដូច្នេះថា៖«យោធាបានព្យាយាមបង្ហាញថា យ៉ាងណាក៏ដោយ ពួកគេបានអនុវត្តនូវយន្តការយុត្តិធម៌នានារបស់ពួកគេដែរ។ វាច្បាស់ណាស់ថា យន្តការទាំងនោះខ្វះភាពជឿទុកចិត្តបាន»
អតីតទាហានទាំង២រូបនេះ បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលជាមូលដ្ឋាននៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលពួកគេអាចត្រូវបានចោទប្រកាន់ពីបទចូលរួមប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅ ហើយពួកគេក៏អាចនឹងផ្ដល់នូវសក្ខីកម្មក្នុងដំណើរការក្ដីក្រោមកិច្ចការពារក្នុងនាមជាសាក្សីផងដែរ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កំពុងធ្វើការស៊ើបអង្កេតទៅលើការបណ្ដេញចេញជនរ៉ូហ៊ីងយ៉ាដោយបង្ខំទៅកាន់ប្រទេសបង់ក្លាដែស ដោយសង្ស័យថា អំពើបែបនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាការធ្វើទុកបុកម្នេញ និងទង្វើអមនុស្សធម៌ផ្សេងទៀត។ តុលាការនេះជាទូទៅកាត់ទោសអ្នកដែលមានឋានៈខ្ពស់ដែលជាប់ចោទពីការប្រព្រឹត្តបទឧក្រិដ្ឋដ៏អាក្រក់ រូមមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តុលាការនេះជាទូទៅមិនកាត់ទោសទាហានដែលមានឋានៈតូចទាបនោះទេ ដែលរួមមានទាហានរត់ចោលជួរទាំងពីរនាក់នេះផង។
ប្រភពព័ត៌មាន២ដែលស្ថិតក្នុងតំណែងជាន់ខ្ពស់បានប្រាប់ VOA ថា តុលាការព្រហ្មទណ្ឌអន្តរជាតិបានរៀបចំឲ្យមានការនាំយកអតីតទាហានទាំងពីរនាក់នេះទៅកាន់ទីក្រុងឡាអេ បន្ទាប់ពីអ្នកស៊ើបអង្កេតនៃតុលាការព្រហ្មទណ្ឌអន្តរជាតិបានសម្ភាសពួកគេនៅប្រទេសបង់ក្លាដែស។ ប៉ុន្តែតុលាការនេះមិនទាន់បានបញ្ជាក់ថា ព័ត៌មាននេះជាព័ត៌មានពិតឬយ៉ាងណានោះទេ។
អង្គការសិទ្ធិមនុស្ស Fortify Rights បានឲ្យដឹងថា ទាហានទាំងពីរនាក់នេះបានមកដល់ព្រំដែនប្រទេសបង់ក្លាដែស នៅពាក់កណ្ដាលខែសីហា ដោយបានសុំឲ្យអាជ្ញាធរបង់ក្លាដែសការពារពួកគេ។ បន្ទាប់មក ប្រទេសបង់ក្លាដែសបានជូនដំណឹងដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
នៅពេលនិយាយដល់ការវាយប្រហាររបស់កងវរសេនាតូចរបស់លោកទៅលើជនស៊ីវិលរ៉ូហ៊ីងយ៉ា ទាហានឈ្មោះ Myo Win Tun និយាយនៅក្នុងវីដេអូនោះថា៖ «យើងបាញ់មនុស្សទាំងអស់ដោយមិនរើសមើសមុខ»។ ទាហានរូបនោះបានបន្ថែមថា វរសេនីយ៍ឯកម្នាក់បានបញ្ជាឲ្យកងទ័ព«សម្លាប់ពួក kalar ទាំងអស់»។ ពាក្យ «Kalar» ត្រូវបានចាត់ទុកថាជាភាសារើសអើងសំដៅទៅលើជនដែលមានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង។ ទាហានឈ្មោះ Myo Win Tun ក៏បានសារភាពដែរថា ខ្លួនបានរំលោភស្ត្រីម្នាក់។
ចំណែកទាហានថ្នាក់ទាបម្នាក់ទៀតឈ្មោះ Zaw Naing Tun និយាយនៅក្នុងវីដេអូនោះនៅចំណុចមួយថា លោកជាមួយនិងសមាជិកផ្សេងទៀតនៅក្នុងកងវរសេនាតូចនោះ បានចាប់ជនកាន់សាសនាឥស្លាម ១០ នាក់ ដែលសង្ស័យថា មានចំណងទាក់ទងជាមួយក្រុមយុទ្ធជន។ ទាហាន Zaw Naing Tun និយាយថា ពួកគេបានចងមនុស្សទាំង ១០ នាក់នោះ ហើយសម្លាប់ពួកគេទាំងអស់។
លោក Phil Robertson នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងដូច្នេះថា៖ «នេះជាការបែកបាក់ពិតប្រាកដនៅក្នុងយោធាមីយ៉ាន់ម៉ា។ វាបង្កើតបានជាចរន្តមួយដែលអាចមានមនុស្សច្រើនទៀតចេញមកបង្ហាញរឿងរ៉ាវបែបនេះ។ ប្រហែលជាមានទាហានរត់ចោលជួរផ្សេងទៀតកំពុងចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្ដល់នូវសក្ខីកម្ម»។
លោក Robertson បន្ថែមថា ទាហានទាំង២នាក់នេះ អាចដើរតួនាទីសំខាន់ក្នុងការស៊ើបអង្កេតដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដែលមីយ៉ាន់ម៉ាកំពុងរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍។
«ក្នុងនាមជាសាក្សី ពួកគេមានសក្ដានុពលយ៉ាងខ្លាំងក្នុងការបញ្ជាក់កាន់តែច្បាស់ថែមទៀតអំពីស្ថានភាពដែលយោធាមីយ៉ាន់ធ្វើប្រតិបត្តិការ។ វាជាប្រភេទយោធាដែលដុតនិងបំផ្លិចបំផ្លាញដ៏លោភលន់ ដែលមានកំណត់ត្រារំលោភបំពានជនស៊ីវិលជាយូរណាស់មកហើយ»៕