ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិដ្ឋាន​មុន​ការ​សង់​ផ្លូវ​ទៅ​តំបន់​អារ៉ែង


រូបឯកសារ៖ ផ្លូវ​ដី​​មួយ​ខ្សែរ​​នៅ​ខេត្តកោះកុង។
រូបឯកសារ៖ ផ្លូវ​ដី​​មួយ​ខ្សែរ​​នៅ​ខេត្តកោះកុង។

លោក​ ​ឈិត​ សំអាត​ ​នាយក​អង្គការ​មូល​និធិ​សត្វ​ព្រៃ​ពិភពលោក​ (World Wildlife Fund) ​ហៅ​កាត់​ថា​ WWF​ ថ្លែង​ថា​ ការ​សាងសង់​ផ្លូវ​ជាឧបសគ្គ​មួយ​រួចទៅហើយ​​ នៃ​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ ដែល​ត្រូវ​ការ​រក្សា​ភាព​ដើម​ សម្រាប់​ការ​ពារ​ប្រព័ន្ធ​បរិស្ថានទាំង​មូល​នៅ​ក្នុង​តំបន់​នោះ​។​​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នា​ខែ​សីហា​កន្លង​ទៅ​ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ចាប់​ផ្តើមកសាងផ្លូវ​មួយ​ចូល​ទៅ​តំបន់​អារ៉ែង​ស្ថិត​ក្នុង​ខេត្តកោះកុង​។​ មេដឹកនាំ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យមានការ​ធ្វើ​ការវាយ​តម្លៃ​ផល​ប៉ះពាល់​ផ្នែកបរិស្ថាន​ជាមុន​សិន។ រីឯ​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​តំបន់​អារ៉ែងសំដែង​ក្តី​សាទរ​ ជាមួយ​ក្តី​បារម្ភ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។​

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​វិស័យ​បរិស្ថាន​ ស្នើ​ឲ្យ​មានការ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ផ្នែក​សង្គម​ និង​បរិស្ថាន​ នៅមុន​ការ​ចាប់​ផ្តើមសាង​សង់​ផ្លូវចំងាយ​ ១៨​ គីឡូម៉ែត្រ​ ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង​ ​ដែលជា​គម្រោង​សម្រេចពី​លោក​ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាល​ពី​ខែសីហា​កន្លងទៅនេះ​។​

លោក​ ហ៊ុន​ ​សែន​ ​បាន​ប្រាប់​ ​លោក​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទនា​វេទិកា​សាធារណៈ​ស្តី​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ រៀប​ចំ​ឡើង​កាល​ពី​ខែ​សីហា​ថា​ ការ​សាង​សង់​ផ្លូវ​មួយខ្សែ​នេះ​ត្រូវ​ធ្វើ​ភ្លាម​ ​ក្រោយ​ការ​បញ្ចប់​នៃរដូវវស្សា​។ ​លោក​អះអាងថា ការ​សាង​សង់​ផ្លូវ​នេះ​ គឺ​សម្រាប់​បម្រើ​ប្រយោជន៍​ទេស​ចរណ៍​ និង​ប្រជាពលរដ្ឋ​ដែល​ពឹងពាក់​អាស្រ័យរស់​នៅ​ទី​នោះ​ មិន​មែន​សម្រាប់​ក្រុម​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ឡើយ។​

«បើសិន​ជា​មាន​ទេស​ចរណ៍​ទៅ​ច្រើន​ អា​អ្នកកាប់​ឈើ​ក៏វា​ ក៏វា​ខ្លាច​ដែរ​ ហើយ​ផ្លូវ​នេះ​មិន​មែន​ធ្វើ​ឲ្យ​អ្នក​ឯង​កាប់​ឈើទេ​ ធ្វើ​សម្រាប់​ដឹក​ទេសចរណ៍​ សម្រាប់​សម្រួល​ដល់​ប្រជាពលរដ្ឋ​ សម្រាប់​ការ​ ការ​ព្យា​បាល​របស់​ប្រជាពលរដ្ឋ​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ឯង​ដឹក​ឈើ​ទេ​ អ្នក​ឯង​ដឹក​ឈើ​ទេ»។​ ​

លោក​ ​ឈិត​ សំអាត​ ​នាយក​អង្គការ​មូល​និធិ​សត្វ​ព្រៃ​ពិភពលោក​ (World Wildlife Fund) ​ហៅ​កាត់​ថា​ WWF​ ថ្លែង​ថា​ ការ​សាងសង់​ផ្លូវ​ជាឧបសគ្គ​មួយ​រួចទៅហើយ នៃ​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ ដែល​ត្រូវ​ការ​រក្សា​ភាព​ដើម​ សម្រាប់​ការ​ពារ​ប្រព័ន្ធ​បរិស្ថានទាំង​មូល​នៅ​ក្នុង​តំបន់​នោះ​។

លោក​និយាយថា​ ការសិក្សា​អំពី​ផល​ប៉ះពាល់​មកលើ​បរិស្ថានក្នុង​តំបន់​ធម្មជាតិ​នេះ​ គួរ​ត្រូវ​បានធ្វើ​ឡើង​ ដើម្បី​បញ្ចៀស​ការសោក​ស្តាយ​នៃ​ការបាត់​បង់​ធនធាន​ព្រៃ​ឈើ​ និង​សត្វព្រៃ​។​

«បាទ​ ខ្ញុំ​ថា​ យើង​គួរ​តែ​ធ្វើ​ការ​សិក្សាផល​ប៉ះពាល់​បរិស្ថាន​សិន​ មុន​នឹង​យើង​សាងសង់​ ព្រោះ​ផ្លូវ​ក៏​យើង​ត្រូវការ​ ផ្លូវ​ក៏យើង​ត្រូវ​ការ​ ក៏ប៉ុន្តែ​ យើង​ក៏មិនចង់​ត្រូវ​ការ​ឲ្យ​ផ្លូវ​ហ្នឹង​វា​ប៉ះ​ពាល់​ទៅ​លើ​បរិ​ស្ថាន​ ទៅ​លើ​ព្រៃ​ឈើ​ ទៅលើ​អាសត្វ​ព្រៃ​ដែរ​ អញ្ចឹង​យើង​ទាម​ទារ​ឲ្យ​មានការ​សិក្សា​ ផល​ប៉ះពាល់​ឲ្យ៧​បានច្បាស់​លាស់​មុននឹង​យើង​ចាប់​ផ្តើម​សាង​អញ្ចឹង​បាទ​»​។​

តំបន់​អារ៉ែង​គឺ​ជា​ជង្រុក​សម្បត្តិ​ធម្មជាតិ​មហា​សាល​របស់​កម្ពុជា​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​។​ តំបន់​នេះ​មាន​ទាំំង​សត្វ​ចម្រុះ​ច្រើន​ប្រភេទ​ ​ធន​ធាន​រ៉ែ​ និង​ព្រៃ​ឈើ​ស្តុក​ស្តម្ភ​។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​លោក​ Alex Gonzalez Davidson ​ស្ថាបនិក​ និង​ជា​នាយក​អង្គ​ការ​

«​មាតា​ធម្មជាតិ​» ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជាកាល​ពីខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥​។​ លោក​ អាឡិច​ បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ ១២​ ឆ្នាំ​ មុន​ការ​បណ្តេញ​ចេញ​។

ការ​ប្រកាសសង់​ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង​នេះ​ ទទួល​បាន​ការ​សាទរ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​តំបន់​អារ៉ែង​។​ ប៉ុន្តែពួកគេសំដែង​ការ​បារម្ភ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ចាប់​តាំង​ពីដំណើរ​ចាប់​ផ្តើម​ការ​ធ្វើ​ផ្លូវ​ និង​ការ​បញ្ចប់ការ​សាងសង​។

លោក​ វ៉ែន វ៉ន ជា​ជន​ជាតិ​ដើម​ភាគតិច​ជង​ និង​ជាសកម្ម​ជន​បរិស្ថាន​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ ប្រាប់​ VOA ​ថា​ សហគមន៍​លោក​ ស្វាគមន៍​ឲ្យមានការ​សាង​សង់​ផ្លូវ​នេះ​ ដើម្បី​សម្រួល​ប្រជាពលរដ្ឋ​ក្នុងដឹក​កសិផល​របស់​ខ្លួនទៅកាន់​ទីផ្សារ និង​ការ​ធ្វើ​ដំណើរ​ទៅមន្ទីពេទ្យ​ព្យាបាល​ជំងឺ​ ឬ​សម្រាល​កូន​។

ប៉ុន្តែ​សហគមន៍​ក៏បារម្ភ​អំពីបទ​ល្មើស​ព្រៃ​ឈើ​ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ចាត់​វិធាន​ការណ៍​ឲ្យ​មាន​ប្រសិទ្ធិភាព​សម្រាប់ការ​បង្កា​ និង​ទប់​ស្កាត់ការកាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​ទឹកដី​នៃខេត្ត​ដែល​ជាប់​នឹង​ប្រទេស​ថៃ​មួយ​នេះ​។

«ចំពោះ​សហគមន៍​ពួក​ខ្ញុំ​ គឺ​យើង​ស្វាគមន៍​ក្នុង​ការ​បាន​ផ្លូវ​ហ្នឹង​ ​ហើយ​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល​ បាន​ផ្តល់​ផ្លូវ​ហ្នឹង​ឲ្យ​ ប៉ុន្តែ​ដែល​ជា​ការ​បារម្ភ​ហ្នឹង​គឺ​ យើង​បារម្ភ​ជាង​គេ​បំផុត​ហ្នឹង​គឺ​ នៅ​ពេលដែល​យើង​មាន​ផ្លូវ​ហើយ​ គឺ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ហ្នឹង​កាប់​ហ្នឹង​ដឹក​។​ ​បាទ​។ប៉ុន្តែ​ខាង​សហគ​មន៍​ខ្ញុំ​ចង់​សុំ​សំណូមពរ​ទៅ​ឲ្យ​រដ្ឋា​ភិបាល​ថា​ នៅ​ពេល​មាន​ផ្លូវ​ហ្នឹង​ហើយ​ ឲ្យ​គាត់​មាន​វិធានការណ៍​ឲ្យ​ម៉ឺងម៉ាត់​ដើម្បី​ទប់​ស្កាត់​រាល់​សកម្ម​ភាព​បទ​ល្មើស​ហ្នឹង​»​។​

VOA ​មិនទាន់​អាច​ទាក់​ទង​លោក​ សៅ​ សុភាព​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​បានទេ​នៅ​ថ្ងៃ​ពុធ​នេះ​។​

លោក​ ប៊ុន លើត​ អភិបាល​ខេត្តកោះកុង​ ប្រាប់​ VOA​ ថា​ ក្រសួង​មានការ​ពាក់​ព័ន្ធនឹង​ការ​សង់​ផ្លូវ​នេះ​ មិន​ទាន់​មា​នការ​ជួប​ប្រជុំគ្នា​ណា​មួយ​នោះ​ឡើយ។​ លោក​ថា​ អាជ្ញាធរ​បាន​ទទួលការ​ឆ្លើយ​តប​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍នៃ​តំបន់​អារ៉ែង​ថា​ ពួកគេ​មាន​ការគាំទ្រ​ឲ្យ​មានការ​ធ្វើផ្លូវ​នេះ​។​

ពាក់​ព័ន្ធនឹង​ការ​ទប់​ស្កាត់បទល្មើស​ព្រៃ​ឈើ​ លោក​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​នឹង​សហការណ៍​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នឹង​សបង្កាមិនឲ្យ​មាន​សកម្មភាព​ដ៏មហន្តរាយ​ដល់​ធម្មជាតិនេះ​កើ​ត​មាន​ឡើង​នោះ​ឡើយ។​

«វាទាំង​អស់​គ្នា​ហ្នឹង​ ទាំងប្រជា​ពលរដ្ឋ​ ទាំង​អង្គការ​អី​ៗ​ ទាំង​អស់​គ្នាហ្នឹង​»។​ ​

ក្រុម​អ្នកការ​ពារ​បរិស្ថាន​និយាយថា​ តំបន់​អារ៉ែង​ដែលស្ថិត​ក្នុង​ស្រុក​ថ្មបាំង​ ខេត្តកោះ​កុងមិន​ត្រឹម​តែ​ជា​តំបន់​ទាក់​ទាញ​ទេស​ចរ​ ឲ្យ​មក​ទស្សនា​តំបន់​ធម្មជាតិនេះ​ទេ តែ​វា​ថែម​ទាំង​បាន​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​មួយ​ចំនួនក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ចិន ​ក្នុងការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ផង​ដែរ​។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទស្សវត្សរ៍​មក​នោះ​ បាន​ប្រកាស​កាល​ពី​ពេល​កន្លងមកថា​ គំរោង​វិនិយោគទំនប់​វារី​អគ្គីសនី​ណាមួយ​មិន​អាច​កើត​មាន​ឡើង​ក្នុង​តំបន់​អារ៉ែង​នេះទេ គឺរហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោតជាតិឆ្នាំ​ ​២០១៨​៕​ ​

XS
SM
MD
LG