អាជ្ញាធរក្រុងក្រចេះ បានឃាត់ខ្លួនសកម្មជន៤នាក់ ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីរសៀលថ្ងៃពុធ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ ២ ម៉ោង តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យាដោយមានផ្តិតស្នាមមេដៃ។
មន្ត្រីសង្គមស៊ីវិលខ្លះដែលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួន រិះគន់ថា សកម្មភាពរបស់អាជ្ញាធរ ក្នុងរូបភាពបែបនេះ ជាការបំភិតបំភ័យ និងធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោក ស្រ៊ុន ស្រ៊ន ជាសកម្មជនដែលផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងប្រវតិ្តសាស្ត្រនោះបានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គាត់និងក្រុមការងាររបស់គាត់៣នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅម៉ោង ៦ល្ងាច នៅពេលលោកកំពុងធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកនៅតាមដងទន្លេក្រុងក្រចេះ។
មុនពេលបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងក្រចេះ លោក ស្រ៊ុន ស្រ៊ន បានបញ្ជាក់ទៅអាជ្ញាធរថា ក្រុមរបស់លោក ធ្វើការផ្សព្វផ្សាយកិច្ចព្រមព្រៀងនោះ ក្នុងបំណងចង់ឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើនអំពីកិច្ចព្រមព្រៀងដែលបានរួមចំណែកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា។ ប៉ុន្តែអាជ្ញាធរនៅបន្តឃាត់ខ្លួន ទាំងមិនបានផ្តល់ហេតុផលជាក់លាក់។
លោកបន្ថែមថា ការនាំខ្លួនទៅសាកសួរនេះ អាចជាការសង្ស័យ ឬយល់ច្រឡំរបស់អាជ្ញាធរមូលដ្ឋាន ថាក្រុមរបស់លោក ធ្វើសកម្មភាពប្រឆាំងការចាប់ខ្លួនលោកថេង សារឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ដែលត្រូវបានតុលាការខេត្តរតនគិរីចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់» ដោយសារអាជ្ញាធរសង្ស័យថា សមាគមនេះមានផែនការធ្វើបដិវត្តន៍កសិករ។
លោកថ្លែងថា៖ «ជាង២ម៉ោងហ្នឹង គាត់អត់ទុកចិត្តថាពួកខ្ញុំមិនមែនជាមនុស្សមកផ្សាយច្បាប់ ផ្សាយអីអ៊ីចឹង។ គាត់យល់ថាខ្ញុំ អើ!បងប្អូនខាងកសិករ ដូចប្អូន ថេង សាវឿន គេទើបឃាត់ខ្លួនពីក្រចេះទៅរតនៈគីរី។ អ៊ីចឹងពួកគាត់ គិតថារឿងហ្នឹង គឺប្រហែលគ្នាក៏មិនដឹង ខ្ញុំមិនអាចដឹងបានទេ។ ប៉ុន្តែគាត់ឃើញពួកយើងផ្សាយ...ពួកខ្ញុំកំពុងផ្សាយមានបុរសម្នាក់ដែលគាត់ហាត់ប្រាណនៅទីហ្នឹង គាត់មកថតពួកយើង ហើយប្រហែលជាបាញ់ បង្ហោះរូបទៅឱ្យមេគាត់ ឬកូនចៅគាត់អ៊ីចឹងទៅ ដើម្បីឱ្យពួកគេមកឃាត់ខ្លួន»។
បើតាមលោក ស្រ៊ុន ស្រ៊ន អាជ្ញាធរក្រុងក្រចេះ បានស្នើឱ្យក្រុមការងារគាត់ធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យា ទាក់ទងសកម្មភាពផ្សព្វផ្សាយពីច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ហើយ នៅពេលក្រោយ បើចង់ធ្វើសកម្មភាពអ្វីមួយ ឬផ្សព្វផ្សាយច្បាប់ផ្សេងៗ ក្រុមការងារគាត់ត្រូវជូនដំណឹងឱ្យអាជ្ញាធរដឹងជាមុនសិន។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះ ចាត់ទុកថា សកម្មភាពរបស់អាជ្ញាធរ ដែលមកហាមឃាត់សកម្មភាពលោកដែលផ្សព្វផ្សាយច្បាប់បែបនេះ គឺជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា ការណ៍ដែលអាជ្ញាធរដោះលែងក្រុមរបស់លោកវិញ ក៏ជាការបង្ហាញថា សកម្មភាពផ្សព្វផ្សាយកាលពីថ្ងៃពុធ គឺជារឿងត្រឹមត្រូវ និងមិនមានអ្វីខុសច្បាប់នោះទេ។
លោកថ្លែងថា៖ «វាជាការប៉ះពាលហើយ ពីព្រោះធម្មតាទេ បើយើងគ្រាន់តែប្រើសិទ្ធិ ហើយម្យ៉ាងយើងគ្រាន់តែនិយាយច្បាប់ទៅទៀត យើងមិនមែនប្រើសិទ្ធិពលរដ្ឋទៅនិយាយផឹកស៊ី រឿងបបួលគ្នាទៅសម្លាប់គ្នា ទៅធ្វើអីឱ្យខុសច្បាប់ទេណា យើងបបួលគ្នារៀនច្បាប់។ អ៊ីចឹងពួកខ្ញុំនិយាយអ៊ីចឹងគាត់នៅតែឃាត់ ខ្ញុំគិតថាជាការគំរាមកំហែងទៅដល់សិទ្ធិពលរដ្ឋដទៃ»។
លោក ស្រ៊ុន ស្រ៊ន ដែលជារឿយៗបានចេញមុខបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតាមវេទិកាសាធារណៈ និងតាមបណ្តាញសង្គមនោះ បានស្នើទៅអាជ្ញាធរគ្រប់ខេត្ត គួរតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យផ្សព្វផ្សាយច្បាប់ និងស្វែងយល់ពីច្បាប់ ជាជាងការឃាត់ខ្លួន និងសួរនាំ ព្រោះនៅពេលអាជ្ញាធរឃាត់ខ្លួនសួរនាំ វានឹងប៉ះពាល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីស្នងការនគរបាលខេត្តក្រចេះ លោក អ៊ូ សុបុណ្ណា និងអធិការដ្ឋាននគរបាលក្រុងក្រចេះ លោក អេង ហឿន ជុំវិញមូលហេតុនៃការឃាត់ខ្លួនលោក ស្រ៊ុន ស្រ៊ន បាននៅឡើយទេ។
ចំណែក អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបដិសេធថា អាជ្ញាធរខេត្ត មិនបានឃាត់ខ្លួនអ្នកណាម្នាក់នោះទេកាលពីថ្ងៃពុធ ម្សិលមិញ។
លោកបន្ថែមថា៖ «ទេដូចជាមិនមានទេ ប៉ុន្តែខ្ញុំមិនចង់និយាយជាមួយវីអូអេពីព្រោះវីអូអេអត់យកសារពិតទៅនិយាយផង និយាយតែក្លែងពាក្យ»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ពិនិត្យឃើញថា ការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក [Live] របស់លោក ស្រ៊ុន ស៊្រន មិនបានបកស្រាយអ្វីក្រៅតែអំពីសន្ធិសញ្ញាទីក្រុងប៉ារីសនោះទេ។ លោកយល់ថា ការឃាត់ខ្លួនលោក ស៊្រុន ស្រ៊ន និងសហការី គឺជាការរារាំងដល់សេរីភាពញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ៊ីចឹងវាជារឿងចម្លែកមែន ហើយធម្មតានៅក្នុងប្រទេសយើងសេរីភាពក្នុងការបញ្ចេញមតិត្រូវបានច្បាប់ការពារ ប៉ុន្តែការដែលគាត់[ស៊្រន ស៊្រុន]នេះហាក់ដូចជារូបភាពមួយក្នុងការរារាំងទៅលើសេរីភាពហ្នឹង។ អ៊ីចឹងអាជ្ញាធរមិនគប្បីមានការហៅ ការសាកសួរទេ ចង់មិនចង់ក៏ធ្វើឱ្យមានផលប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រគាត់»។
លោកបានកត់សម្គាល់ថា ក្រោយករណីចាប់ខ្លួនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) គឺអាជ្ញាធរខេត្តក្រចេះ ហាក់មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងទាក់ទងការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មាន។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា មួយរយៈក្រោយនេះ អាជ្ញាធរហាក់មានភាពភ័យខ្លាចចំពោះការជួបជុំដោយសន្តិវិធី។ មិនតែប៉ុណ្ណោះ អ្នកស្រីថាក្រុមអង្គការសង្គមស៊ីវិល រងនូវការយាយីច្រើន ដែលឈានទៅដល់ការចោទប្រកាន់តាមផ្លូវតុលាការជាដើម។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងយើងឃើញហើយថាមួយរយៈនេះមានការយាយីច្រើនទៅលើតួអង្គសង្គមស៊ីវិលដែលហាក់ដូចជាត្រូវបានអាជ្ញាធរហ្នឹងទប់ស្កាត់ស្ទើរតែគ្រប់សកម្មភាពសូម្បីតែគ្រាន់តែការបញ្ចេញមតិ ឬក៏ការជួបជុំដោយសន្តិវិធីអីជាដើមហ្នឹងគឺត្រូវបានអាជ្ញាធរឃ្លាំមើល ហើយធ្វើការរំខាន ។ យើងឃើញហើយមុនករណីការឃាត់ខ្លួននេះក៏មានការចាប់ខ្លួនរបស់សមាជិករបស់សម្ព័ន្ធសមាគមកសិករ មានលោកថេង សាវឿន អីជាដើម និងក្រុមការងាររបស់គាត់ផងដែរ»។
បើតាមមេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ រាល់ការឃាត់ខ្លួន ឬការយាយីដោយមិនមានមូលដ្ឋានច្បាស់លាស់នោះជាការបំពានដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
គួររំឭកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស (Paris Peace Agreement) ឆ្នាំ ១៩៩១ ដែលបានធ្វើឱ្យខ្មែរ ៤ភាគី ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍជាដើមផងនោះ គឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪព្រះបាទនរោត្តម សីហនុ ដែលជាអ្នកផ្តួចផ្តើម៕
ការឃាត់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំឱ្យមានការរិះគន់ថាសេរីភាពពលរដ្ឋត្រូវបានរឹតត្បិតបន្ថែមទៀត
ភ្នំពេញ —